Google ព្រមាន​ថា​​បិទ​ផ្លូវ​ Huawei ហានិភ័យ​កើត​មាន​រឹត​តែ​ខ្ពស់ ដល់ជាតិអាមេរិក

  • 2019-06-09 05:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្អែក​តាម​ការ​ចេញ​ផ្សាយ​របស់​ Financial Times បាន​ឲ្យ​ដឹង​ថា​ថ្នាក់​ដឹក​នាំ​ Google បាន​បារម្ភ​ថា​ការ​បិទ​ផ្លូវ​ Huawei អាច​ធ្វើ​ឲ្យ​ហានិភ័យ​ផ្នែក​សន្តិសុខ​អាមេរិក​កើន​ឡើង​រឹត​ខ្ពស់។

ប្រភព​ព្រមាន​ថា​ប្រសិន​បើ​ Huawei មិន​ត្រូវ​បាន​អនុញ្ញាត​ទទួល​បាន​ការ​អាប់ដេត Andoid ទេ ក្រុមហ៊ុន​នេះ​អាច​នឹង​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់​ខ្លួន ​មាន​ Software ស្រដៀង​នឹង​ Android ដែល​អាច​ងាយ​រងគ្រោះ​ពី​ការ​ Hack រឹត​តែ​ខ្ពស់។

ដោយ​សារ​បញ្ហា​សន្តិសុខ​ជាតិ​ ប្រកាស​ដោយ​រដ្ឋបាល​ ដូណាល់ ត្រាំ កាល​ពី​ខែ​មុន បាន​ធ្វើ​ឲ្យ​ Google កាត់​ផ្ដាច់​ទំនាក់ទំនង​ជា​មួយ Huawei មិន​អាច​ទទួល​បាន​ការ​អាប់ដេត Android និង​ប្រើ​សេវាកម្ម Google បាន​បន្ត​ទៀត។ Huawei បាន​ឆ្លើយ​តប​វិញ​ដោយ​និយាយ​ថា​ខ្លួន​អាច​នឹង​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់​ខ្លួន ដែល​បាន​​ផលិត​យូរ​ឆ្នាំ​មក​ហើយ។ ត្បិត​ថា​រដ្ឋបាល​ ដូណាល់ ត្រាំ បាន​ទុក​ពេល ៩០ ថ្ងៃ​​​ដល់​ក្រុមហ៊ុន Huawei ដើម្បី​រៀប​ចំ​ខ្លួន ប៉ុន្តែ​ប្រភព​​ប្រាប់​ដល់​ Financial Times ថា​ Gogle បាន​សុំ​ឲ្យ​មាន​ការ​បន្លាយ​ពេល ឬ លើក​លែង​ Huawei ពី​ការ​ហាម​ឃាត់​នេះ​តែ​ម្ដង។

បើ​តាម​សារព័ត៌មាន The Verge បាន​បក​ស្រាយ​ថា​ហានិភ័យ​នៃ​សន្តិសុខជាតិ​ដែល​ Google សំដៅ​ដល់ អាច​មាន​ដំណើរ​ការ​ដូច​ខាង​ក្រោម​នេះ ៖

  • ជំហាន​ទី​មួយ ៖ Huawei បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ដែល​បំបែក​ចេញ​ពី Android ជា​ប្រភេទ​មួយ​ដែល​លែង​មាន​សេវាកម្ម​របស់​ Google។ មុខងារ​សំខាន់​មួយ​នៃ​សេវាកម្ម Google គឺ Google Play Protect ដែល​មាន​តួនាទី​ស្វែង​រក​មេរោគ និង ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​ដោយ​ស្វ័យប្រវត្តិ​លើ​ស្មាតហ្វូន។

  • ជំហាន​ទី​ពីរ ៖ ស្មាតហ្វូន​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Huawei ត្រូវ​បាន​លក់​លើ​ពិភពលោក។ ពួក​វា​មាន​សុវត្ថិភាព​មិន​សូវ​ខ្លាំង និង​ងាយ​ត្រូវ​គេ Hack បាន។

  • ជំហាន​ទី​បី ៖ អ្នក​ប្រើ​នៅ​អាមេរិក​ដែល​មិន​ដឹង​​រឿង បាន​ផ្ញើ​ព័ត៌មាន​​​សំខាន់​ទៅ​កាន់​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Huawei ដែល​ត្រូវ​គេ Hack ចូល​បាន។ មិន​ថា​​មាន​ការ​ Encrypt ព័ត៌មាន​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ ប្រសិន​បើ​មាន​មេរោគ​លើ​ទូរសព្ទ​មួយ​ហើយ វា​មាន​ឱកាស​ខ្ពស់​ដែល​មេរោគ​នោះ​ អាច​ឃើញ​ទិន្នន័យ​សំខាន់​បាន។

  • ជំហាន​ទី​បួន ៖ នៅ​ទីបំផុត​​​សន្តិសុខ​ជាតិ​របស់​អាមេរិក កើត​មាន​ចន្លោះ​ប្រហោង និង​ត្រូវ​បាន​វាយ​ប្រហារ​។

គួរ​ដឹង​ថា​ Huawei បាន​និយាយ​ថា​នឹង​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​ឲ្យ​បាន​លឿន​ជា​ទី​បំផុត ប៉ុន្តែ​មិន​ច្បាស់​ថា​វា​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​​​យក​ Android ជា​មូលដ្ឋាន​គ្រឹះ ឬ ជា​អ្វី​ផ្សេង​ពី​នេះ​នោះ​ទេ៕ ​​​​​

ប្រភព៖ The Verge | engadget ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;