ក្រុមការងារ OPPO ផ្នែកថតរូប អបអរការត្រៀមបញ្ជូលប្រាសាទកោះកេរ្តិ៍ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 2019-08-07 01:53:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមការងារ OPPO ផ្នែកថតរូប អបអរការត្រៀមបញ្ជូលប្រាសាទកោះកេរ្តិ៍ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ចន្លោះមិនឃើញ
វាជាមោទកភាពមួយសម្រាប់ក្រុមការងារ OPPO Photography Academy ដែលទើបតែត្រលប់មកពីបំពេញបេសកម្មស្វែងរកវប្បធម៌ខ្មែរដ៏ចំណាស់ និងមិនអាចកាត់ថ្លៃបាននៅតំបន់ប្រាសាទកោះកេរ្តិ៍ មិនទាន់បានប៉ុន្មានសប្តាហ៍ផង ស្រាប់តែទទួលបានដំណឹងថាប្រាសាទកោះកេរ្តិ៍ដែលមានទីតាំងស្ថិតនៅឃុំស្រយង់ ស្រុកគូលែន នៃខេត្តព្រះវិហាររបស់កម្ពុជា បន្សល់ដោយបុព្វបុរសខ្មែរនាពេលនេះ ត្រៀមខ្លួននឹងបញ្ជូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បន្ទាប់ពីតំបន់ប្រាសាទសំបូរព្រៃគុហ៍នៅខេត្តកំពង់ធំ។
វាជាដំណឹងដ៏គួរឲ្យរីករាយបំផុតសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងកូនខ្មែរជំនាន់ក្រោយ នៅពេលនេះពួកគេកាន់តែត្រូវបានពិភពលោកទទួលស្គាល់ និង មើលឃើញតាមរយៈប្រាង្គប្រាសាទចំនួន ៤ សំខាន់ៗ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ដូចជាប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុហ៍ និង ចុងក្រោយនេះ គឺអាចជា តំបន់ប្រាសាទកោះកេរ្តិ៍ ដូច្នេះយើងចាំមើលថាក្រសួងសាម៉ី គឺក្រសួង វប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា នឹងធ្វើអ្វីជាបន្ត។
ទាំងនេះគឺជារូបថតដ៏អស្ចារ្យ ដែលផ្តិតយកមកដោយក្រុមការងារ OPPO Photography Academy កាលពីពេលថ្មីៗកន្លងទៅ!
នៅពេលដែលបងប្អូនបានពិនិត្យមើលរូបភាពទាំងនេះហើយ មានអារម្មណ៍ដូចម្តេចដែរ?
សម្រាប់ខ្ញុំ ពិតជារំភើបខ្លាំងណាស់ចំពោះរូបភាពប៉ុន្មានសន្លឹកនេះ ព្រោះវាបានបង្ហាញពីភាពអស្ចារ្យរបស់ខ្មែរកាលពីសម័យមុន ក្នុងការកសាងប្រាង្គប្រាសាទធំៗ និង ជាប់បានយូរ! មិនតែប៉ុណ្ណោះខ្ញុំមានអារម្មណ៍ថាពិតជាចង់ទៅទស្សនាផ្ទាល់ថែមទៀតផង។
យោងតាមការឲ្យដឹងរបស់ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានឲ្យដឹងថាការរៀបចំឯកសារសម្រាប់បញ្ជូលប្រាសាទកោះកេរ្តិ៍ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺត្រូវប្រើរយៈពេលវែង ពីព្រោះបច្ចុប្បន្នការរៀបចំដាក់ប្រាសាទណាមួយចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺមានភាពពិបាកជាងមុនខ្លាំង ដោយសារតែលក្ខខណ្ឌរបស់អង្គការ UNESCO មានការរឹតបន្តឹងជាងមុន។
លោកស្រី បានអះអាងបន្ថែមថា បើទោះបីជាមានការលំបាកក្តី ក៏ក្រុមមន្រ្តីជំនាញនៅតែបន្តការងារនេះទាំងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ហើយការរៀបចំឯកសារទាំងនេះអាចប្រើប្រាស់ពេលវេលាប្រមាណជា ៤ ឆ្នាំទើបការងារនេះត្រូវចប់រួចរាល់។
រូបលោកស្រីផ្ទាល់ ក៏បានបង្ហាញនូវក្ដីរំពឹងថា ប្រាសាទកោះកេរ្តិ៍ ត្រៀមដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន ព្រោះប្រាសាទកោះកេរ្តិ៍មានសក្តានុពលដ៏ធំធេងដែលគ្មានគូប្រៀប គឺជាអតីតរាជធានីរបស់ខ្មែរពិតប្រាកដ ហើយក្នុងនាមសមាគមថតរូប OPPO Photography Academy ដែលស្រលាញ់វប្បធម៌ខ្មែរ និងជួយផ្សព្វផ្សាយវប្បធម៌ខ្មែរគ្មានដែនកំណត់ សូមចូលរួមជាកម្លាំងចិត្តដ៏មហិមាដល់លោកជំទាវ និងកូនខ្មែរទាំងអស់ ទទួលបានជោគជ័យក្នុងការងារដាក់បញ្ជូលប្រាសាទនេះ។
សូមបញ្ជាក់ថា ប្រាសាទកោះកេរ្តិ៍មាន ៧ ជាន់កម្ពស់ ៣៥ ម៉ែត្រកសាងឡើងតាំងពីសម័យបុរាណទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៤ អំឡុងឆ្នាំ (៩២៨-៩៤២) ប្រាសាទនេះកសាងឡើងក្នុងគោលបំណងដើម្បីឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។
ប្រាសាទនេះមានឈ្មោះដើមថា ឆកគគីរ ឬផៃ្ទដីគោកគគីរ ដោយសព្វថៃ្ងគេហៅថា អតីតរាជធានីកោះកែរ មានផៃ្ទដីទំហំ ២៥៦ គីឡូម៉ែត្រក្រឡា រួមមានបណ្តុំប្រាសាទតូចៗចំនួន ៩៨ នៅបរិវេណនោះផងដែរ។
តួប្រាសាទទាំងនោះ មិនបានសង់ជាប់ៗគ្នានោះទេ ពោលគឺនៅដាច់ៗពីគ្នាចាប់ពី ១ គីឡូម៉ែត្រ ទៅ៣ឬ៤គីឡូម៉ែត្រ ហើយក៏មានប្រាសាទខ្លះត្រូវរងការខូចខាតបាត់បង់កប់ក្នុងដីខ្លះដែរ ដែលជាភាពអស្ចារ្យមួយក្នុងការជម្រុញឲ្យយើងទាំងអស់គ្នាចូលរូមថែរក្សាការពារជាដាច់ខាត។
ប្រសិនបើអ្នកចង់ទស្សនារូបភាពបន្ថែម ដែលថតដោយស្នាដៃកូនខ្មែរពិតៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្លាំង៕
សូមចូលទៅកាន់ Page ផ្លូវការរបស់ OPPO Photography Academy តាមរយៈ Facebook.com/oppoacademykh