ក្រៅពីកម្ពុជា ប្រទេសនៅអាស៊ី ៤ផ្សេងទៀតកំពុងរងគ្រោះដោយសារទឹកជំនន់
- 2019-08-12 02:27:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីកម្ពុជា ប្រទេសនៅអាស៊ី ៤ផ្សេងទៀតកំពុងរងគ្រោះដោយសារទឹកជំនន់
ចន្លោះមិនឃើញ
កម្ពុជា
ខេត្តរតនគិរី៖ តាមរយៈនៃទន្លេស្រែពក ដែលផ្ទៃរងទឹកភ្លៀងប្រមាណ ៦០ភាគរយ ស្ថិតក្នុងទឹកដីនៃប្រទេសវៀតណាម ធ្វើឱ្យទឹកទន្លេស្រែកពកឡើងយ៉ាងគំហុក បណ្តាលឱ្យមានការប៉ះពាល់ដល់ស្រុកចំនួន ២ គឺស្រុកកូនមុំ និងស្រុកលំផាត់។
ខេត្តកំពត ៖ ក្រោយពេលដែលមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់នាមួយរយៈពេលចុងក្រោយនេះ ស្រុកទឹកឈូនៃខេត្តកំពត ត្រូវបានទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីទឹកជំនន់។ ក្នុងនោះឃុំចំនួន ៣ស្ថិតក្នុងស្រុកទឹកឈូដែលរងផលប៉ះពាល់រួមមាន ឃុំកំពង់គ្រែង, ឃុំស្ទឹងកែវ និងឃុំព្រៃឃ្មុំ ក្រៅពីនេះសង្កាត់ទាំង ៥នៃក្រុងកំពតក៏រងផលប៉ះពាល់ផងដែរ។
ចិន
ចំនួនអ្នកស្លាប់ បានកើនឡើងរហូតដល់ ៣២នាក់ហើយខណៈពេលដែលអ្នកបាត់ខ្លួន ១៦នាក់ ក្រោយពេលដែលព្យុះទីហ្វុង Lekima វាយប្រហារឆ្នេរភាគខាងត្បូងទីក្រុងសៀងហៃកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ។ យោងតាមអាជ្ញាធរក្នុងតំបន់ឲ្យដឹងថា ប្រជាជនជាង ១លាននាក់ ត្រូវបានជម្លៀសខ្លួនចេញពីឆ្នេរមុនពេលដែលខ្យល់ព្យុះវាយប្រហារ ហើយអ្នកជួយសង្គ្រោះជាង ១៨០ក្រុម និងអ្នកពន្លត់អគ្គិភ័យ ៣៦ ០០០នាក់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុដើម្បីប្រុងប្រៀបធ្វើប្រតិបត្តិការ។
ឥណ្ឌា
យ៉ាងហោចណាស់មនុស្សជាង ១៤០នាក់ បានស្លាប់និងរាប់ពាន់នាក់ផ្សេងទៀតកំពុងជម្លៀសខ្លួនក្រោយពេលដែលមានភ្លៀងធ្លាក់ឥតឈប់ឈរបណ្ដាលឲ្យមានជំនន់ទឹកភ្លៀង។ ជំនន់ទឹកភ្លៀងម៉ូស្យុងនេះ បានវាយប្រហារមកលើភាគខាងត្បូង និងភាគខាងលិចប្រទេសឥណ្ឌានៃរដ្ឋ Kerala។ យោងតាមអាជ្ញាធរក្នុងតំបន់ឲ្យដឹងថា មកទល់ពេលនេះមនុស្សប្រមាណជាជាង ១០០ ០០០នាក់ហើយត្រូវបានជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។
មីយ៉ាន់ម៉ា
ជំនន់ទឹកភ្លៀងម៉ូស្យុង បានវាយប្រហារមកលើតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា បណ្ដាលឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ជាង ៥០នាក់ ចំណែកឯមនុស្សជាង ៨៩ ០០០នាក់ត្រូវបានជម្លៀសខ្លួន។ រដ្ឋចំនួនបីដែលទទួលរងទឹកភ្លៀងច្រើនសន្ធឹកមានដូចជា រដ្ឋ Mon, Karen និង Kachin ដែលបណ្ដាលឲ្យខូតខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ដ ខណៈពេលដែលផ្ទះសម្បែងជាង ៤ ពាន់ខ្នងត្រូវបានលិចទឹក។
ថៃ
ខេត្តចំនួន ៩ក្នុងប្រទេសថៃ កំពុងទទួលរងជំនន់ទឹកភ្លៀងធ្ងន់ធ្ងរដូចជាខេត្តនៅភាគខាងជើង (ខេត្ត Mae Hong Son, Nan, Tak) នៅភាគខាងលិច (Kanchanaburi) ពីរខេត្តនៅភាគខាងកើត (ខេត្ត Chanthaburi និង ត្រាត) និងខេត្តបីនៅភាគខាងត្បូង (ខេត្ត Chumphon, Ranong និង Phangnga)។ ជាមួយគ្នានេះ ខាងនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយថៃ បានចេញសេចក្ដីព្រមានឲ្យពលរដ្ឋរស់នៅខេត្តខាងលើ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការបាក់ដីដែលអាចបណ្ដាលឲ្យមានការបាត់បង់អាយុជីវិត៕