ក្រសួងមហាផ្ទៃ ចេញ​វិធា​នការ ៣​ ចំពោះ​អគារខ្ពស់ៗ​ ដើម្បី​អនុវត្ត​តាមបទដ្ឋាន

  • 2019-08-12 10:42:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគារ​ខ្ពស់ៗ​មួយ​ចំនួន ដែល​កំពុង​សាង​សង់ និង​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​ច្រក​សុវត្ថិភាព សម្រាប់​គេច​ខ្លួន នៅ​ពេល​មាន​គ្រោះ​អគ្គិភ័យ​កើត​ឡើង​នោះ​ឡើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដី​ពី​សុវត្ថិភាព​អគ្គិភ័យ ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី១២ ខែសីហា។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រៅ​ពីច្រកសម្រាប់គេចខ្លួន នៅពេលមានគ្រោះអគ្គិភ័យកើតឡើង គ្រប់​អគារទាំងអស់នោះ ក៏ត្រូវតែបំពាក់សម្ភារៈ សម្រាប់បង្ការ និងពន្លត់អគ្គិភ័យ ដោយ​ខ្លួនឯង​ផងដែរ ដើម្បី​ងាយស្រួលក្នុងការអន្ដរាគមន៍ នៅពេលមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុ។ គ្រប់​អគារ​ទាំង​អស់ក៏ត្រូវតែបំពាក់នូវស៊ីរ៉ែន ប្រកាសអាសន្ន ដើម្បីផ្ដល់ដំណឹងដល់អ្នកនៅខាងក្នុងអគារ បានដឹងនៅពេលមានហេតុការណ៍កើតឡើង។

លោក​ក៏​បានសង្កត់ធ្ងន់ថា “រាល់ម្ចាស់ទីតាំងអគារទាំងឡាយណា មិនគោរពទៅតាមបទដ្ឋាន ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ម្ចាស់ទីតាំងអស់នោះ នឹងត្រូវប្រឈមមុខជាមួយការទទួលខុសត្រូវ ដែលកំណត់ដោយច្បាប់”។

ក្រសួងមហាផ្ទៃក៏បានបង្ហាញនូវវិធានការចំនួន ៣សម្រាប់ម្ចាស់​អគារ​ត្រូវតែអនុវត្ត៖

ទី១.ដើម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យ៖ ការ​សាង​សង់​អគារ​ត្រូវ​តែ​គោរព​បទដ្ឋាន​បច្ចេកទេស​របស់​អគ្គិភ័យ មានន័យថា នៅ​ពេល​សាងសង់ត្រូវបំពាក់ សម្ភារ​ទាំងឡាយ ដែល​អ្នក​ជំនាញ​អគ្គិភ័យ​បានកំណត់។

ទី២.សម្រាប់ប្រតិបត្តិការសង្គ្រោះ៖ អគារខ្ពស់ត្រូវតែមានច្រកសម្រាប់គេចខ្លួន នៅ​ពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង ខណៈមកទល់ពេលនេះ អគារខ្ពស់ៗមួយចំនួន មិនទាន់មានច្រកសង្គ្រោះនេះទេ ហើយស៊ីរ៉ែនប្រកាសអាសន្នក៏មិនទាន់បំពាក់ ដែលជាហេតុនាំឲ្យអ្នកនៅខាងក្នុងអគារមិនដឹង នៅពេលមានគ្រោះថ្នាក់កើតឡើង។

ទី៣.ការតបណ្ដាញអគ្គិសនី៖ ត្រូវតែរកអ្នកដែលមានជំនាញច្បាស់លាស់លើបញ្ហានេះ ដើម្បីជៀសវាងមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ដោយសារការឆ្លងចរន្ដអគ្គិសនី។ ប្រសិនបើក្រសួងរកឃើញថា អ្នកដែលតបណ្ដាញទាំងអស់នោះ មិនមានជំនាញច្បាស់លាស់ ហើយពេលមានគ្រោះថ្នាក់កើតឡើង បុគ្គលិកនឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;