រយៈពេលជិត​៦០​ឆ្នាំ ចំនួន​ប្រ​ជា​ជនកម្ពុជា​កើ​ន​បានជិត​១០​លាន​នាក់​

  • 2019-08-14 02:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា​បាន​ធ្វើ​ជំរឿន​របស់​ខ្លួន​​ជា​លើក​ទី​បួន​ហើយ​ក្រោយ​ប្រ​ទេស​ទទួល​បាន​ឯករាជ្យ​ពី​បារាំង ដោយ​លើក​ទី​មួយធ្វើឡើង​នៅ​ឆ្នាំ​១៩៦២ និង​លើក​ទី​បួន​គឺនៅ​ឆ្នាំ២០១៩​នេះ។

គិត​តាំងពី​ឆ្នាំ​១៩៦២​ រហូតមក​ដល់​ឆ្នាំ២០១៩ ក្រៅពី​ការ​ធ្វើ​ជំរឿន វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ក៏មាន​ធ្វើអង្កេត​ប្រ​ជា​សាស្រ្ត​ពី​បំរែបម្រួល​ចំនួន​ប្រ​ជា​ជន​កម្ពុជា​ផង​ដែរ ហើយ​ចំនួន​ប្រ​ជា​ជន​រយៈពេល​ជិត​៦០​ឆ្នាំ​មក​នេះ​កើន​បាន​ជិត​១០​លាន​នាក់។

និន្នាការ​ចំនួន​ប្រ​ជា​ជន​កម្ពុជា​សរុប​ពី​ឆ្នាំ​១៩៦២ ដល់​ឆ្នាំ​២០១៩​ មាន​ដូច​ជា​ជំរឿន​ឆ្នាំ១៩៦២​ កម្ពុជា​មានប្រ​ជាជន​សរុប​៥,៧​លាន​នាក់ ក្រោយ​មក​ទៀត​ការ​អង្កេត​ប្រ​ជា​សាស្រ្ត​ចន្លោះឆ្នាំ១៩៧៩-១៩៨០​បង្ហាញ​ថា​នៅ​ឆ្នាំ១៩៨០ កម្ពុជាមាន​ប្រ​ជា​ជន​៦,៦លាន​នាក់។

ក្រោ​យមក​ទៀត​​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ដឹក​នាំអង្កេត​សេដ្ឋកិច្ច​ សង្គម​កិច្ច​ឆ្នាំ១៩៩៤ ប៉ានស្មាន​ថា​ប្រ​ជា​ជន​មានចំនួន៩,៩​លាន​នាក់។​ លុះ​ដល់​ឆ្នាំ​១៩៩៦ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ធ្វើអង្កេត​ប្រ​ជា​សាស្រ្ត​ម្ដង​ទៀត​ បាន​ប៉ាន់​ប្រ​មាណ​ថា​ចំនួន​ប្រ​ជាជន​មាន​ចំនួន​១០,៧​លាន​នាក់។

រហូត​មក​ដល់​ឆ្នាំ​១៩៩៨ កម្ពុជា​បាន​ធ្វើជំរឿន​ម្ដង​ទៀត ដោយ​រកឃើញ​ថា​កម្ពុជា​មាន​ចំនួន​​ប្រ​ជា​ជន​១១,៤​លាន​នាក់។ តាម​ការ​អង្កេត និងប៉ាន​ស្មាន​បន្ត​មកទៀត​នៅ​ឆ្នាំ២០០៤​មានចំនួន​១២,៨ និង​ជំរឿន​ឆ្នាំ២០០៨ មាន​ចំនួន​​១៣,៤លាន​នាក់​ ហើយ​នៅ​ឆ្នាំ​២០១៣ មាន​ការ​ប៉ាន់​ស្មាន​ថាមានចំនួន​១៤,៧​លាន​នាក់ និង​តួលេខ​បណ្ដោះ​អាសន្ន​ជំរឿន​ឆ្នាំ២០១៩ ចំនួន​ប្រ​ជា​ជន​កម្ពុជា​បាន​ឡើង​ដល់​១៥,៣​លាន​នាក់។

បើ​តាម​ទិន្ន័យ​នេះ​ក្នុង​រយៈពេល​៥៧​ឆ្នាំ​ពី​ឆ្នាំ​១០៦២ ដល់​ឆ្នាំ២០១៩ ចំនួន​ប្រ​ជាជន​កម្ពុជា​កើន​ឡើង​ប្រហែល​៩,៦​លាន​នាក់៕

អត្ថបទ៖ ទូច សុខា

;