ជិតដល់ថ្ងៃបុណ្យសែនព្រះខែ មកដឹងប្រវត្តិខ្លះៗនៃពិធីបុណ្យនេះទាំងអស់គ្នា
- 2019-09-09 06:16:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដល់ថ្ងៃបុណ្យសែនព្រះខែ មកដឹងប្រវត្តិខ្លះៗនៃពិធីបុណ្យនេះទាំងអស់គ្នា
ចន្លោះមិនឃើញ
បុណ្យសែនព្រះខែក្នុងឆ្នាំ ២០១៩នេះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ១៣ខែកញ្ញាខាងមុខសម្រាប់ប្រជាជនចិន និងអ្នកដែលមានជាប់សែស្រឡាយចិន។ ពិធីបុណ្យនេះ ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅពេលកណ្ដាលរដូវស្លឹកឈើជ្រុះក្នុងប្រទេសចិន និងប្រទេសអាស៊ីជាច្រើនទៀតដូចជា ជប៉ុន, វៀតណាម, សិង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី, ហ្វីលីពីន និងកូរ៉េខាងត្បូងជាដើម។
ពិធីបុណ្យសែនព្រះខែមានអាយុកាលតាំងពីជាង ៣ ពាន់ឆ្នាំមុន នៅពេលដែលរាជវង្សសាង (១៦០០-១០៤៦ មុនគ.ស) ដែលគោរពសក្ការៈចំពោះព្រះចន្ទ។ តែដើមកំណើតនៃពិធីបុណ្យនេះត្រូវបានគេនិយាយខុសៗគ្នា។ អធិរាជចិនបុរាណគោរពសក្ការៈចំពោះព្រះចន្ទនៅពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ ដោយសារពួកគេជឿថាការធ្វើបែបនេះនឹងជួយឲ្យទទួលបានការប្រមូលភោគផលឆ្នាំក្រោយសម្បូរហូរហៀរ។
ការប្រារព្ធពិធីនេះត្រូវបានហៅឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ខុសៗក្នុងប្រទេសចិន។ នៅSuzhou ខេត្ត Jiangsu ពិធីនេះត្រូវគេហៅថា "ពិធីសក្ការៈចំពោះព្រះចន្ទ" នៅ Zhenjiang ខេត្ត Jiangsu ហៅថា "ពិធីអំណរគុណចំពោះសន្តិភាព" នៅ Zhenghe ខេត្ត Fujian ហៅថា "ការគោរពចំពោះរាជវាំងចន្ទ" នៅ Zhongmou ខេត្ត Henan ហៅថា "ពិធីផ្សងដល់ព្រះចន្ទ" និងនៅ Sihui ខេត្តក្វាងទុងហៅថា "ពិធីសក្ការៈចំពោះរស្មីព្រះចន្ទ"។ ពាក្យថា ''ពិធីបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ" មានដំបូងគេក្នុងអក្សរសិល្ប៍នៃរាជវង្សចូវ។ នៅពេលនោះ ការគោរពសក្ការៈចំពោះព្រះចន្ទនៅយប់ថ្ងៃទី១៥ ខែ ៨ នៃប្រតិទិនចន្ទគតិត្រូវបានរៀបចំក្នុងចំណោមមន្ត្រីជាន់ខ្ពស់ និងគ្រួសារអភិជនប៉ុណ្ណោះ។ ពិធីនេះត្រូវបានរៀបចំដោយការរៀបចំតុនៅកណ្ដាលធ្លាភូមិគ្រឹះក្រោមពន្លឺចន្ទ ដោយមានការសែនផ្លែឈើ និងអាហារសម្រន់នៅលើតុ។
ទំនៀមទម្លាប់សែនព្រេនដល់ព្រះចន្ទ ដើម្បីជាការគោរពចំពោះទេពធីតាព្រះចន្ទឆាង អឺ ចាប់ផ្ដើមមានតាំងពីជំនាន់រាជវង្ស ចូវខាងលិច (ឆ្នាំ ១០៤៥-៧០០ មុនគ.ស)។ ទំនៀមទម្លាប់នេះមានប្រជាប្រិយភាពខ្លាំងអំឡុងរាជវង្សសុង (ឆ្នាំ ៩៦០-១២៧៩ នៃគ.ស)។ វត្ថុសំណែនទាំងនោះរួមមាន ប៉ោម ទំពាំងបាយជូរ ធូប ទៀនជាដើមដោយនៅរាជវង្សខាងត្បូង នំសែនព្រះខែ ឪឡឹកជាសំណែនពេញនិយមជាង។ ពេលខ្លះឪឡឹកត្រូវបានគេចិតសម្បកជារូបផ្កាឈូកដើម្បីសែនដល់ទេពធីតាព្រះចន្ទ៕