ទឹកទន្លេមេគង្គស្រកយឺត ធ្វើឱ្យមានការ​បារម្ភពីការកើតឡើង​ទឹក​ជំនន់​ជា​ថ្មី

  • 2019-09-13 01:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល បាន​សម្រេចចេញសារាចរបន្ថែម ស្តីពីការបន្តត្រៀមវិធានការ ទប់ទល់ គ្រោះ​ទឹក​ជំនន់ ដោយ​ឥទ្ធិពលព្យុះទី១៤ មានចំនួនដល់រាប់ពាន់លានម៉ែត្រគូប ព្រម​ពេល​ជា​មួយ​នឹង​ទឹក​ស្រក​យឺត បាន​ធ្វើ​ឲ្យ​ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម ដែល​បាន​ឡើង​ចូល​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ​ស្រក​ចុះទៅវិញយឺតៗបំផុត។

លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់នៅរសៀលថ្ងៃទី១២ ខែ​កញ្ញា ថា​ជំនន់​ទឹក ទន្លេ​មេគង្គ​នៅ​ភាគខាងលើរបស់ប្រទេសកម្ពុជាស្រកចុះយឺត គួរឱ្យ​ព្រួយ​បារម្ភ​បំផុត ពី​ការ​កើត​មាន​ទឹក​ជំនន់​ថ្មី​មក បន្ថែម​ដោយឥទ្ធិពលប្រព័ន្ធសម្ពាធទាប(ITCZ) ដែល​នឹង​រំកិល​ចុះ​មក​នៅ​ចន្លោះ​ទី​ក្រុង​ប៉ាក់​សេ(ឡាវ) និង​ខេត្តស្ទឹងត្រែង។

លោក រដ្ឋមន្ត្រី ក៏​បានបញ្ជាក់ថា ល្បឿន​ទឹក​ដែលបានស្រកចុះ យឺតៗ បំផុត ព្រម​ពេល​ការ​កើត​មាន​ប្រព័ន្ធ​សម្ពាធទាប​ថ្មី​ដែល​អូស​ពីថៃទៅវៀតណាមកាត់លើ ភាគ​កណ្តាល​ប្រទេស​ឡាវ​និង​រំកឹល​ចុះ​ដល់​ចន្លោះ ខេត្ត​ប៉ាក់សេ និងខេត្តស្ទឹងត្រែង បង្ក​ឱ្យមានភ្លៀងធ្លាក់បន្តបន្ទាប់ ដែល​នាំ​ឱ្យ​ទឹក​ជំនន់​ទន្លេ​មេគង្គ​ស្រក​ចុះកាន់ តែយឺតឬអាចឡើងដល់កម្រិតអតិបរិមាកន្លងទៅឬក៏លើសផង។

ជាធម្មតាទឹកទន្លេមេគង្គនៅ ស្ថានីយ​ជល​សាស្ត្រ​ស្ទឹង​ត្រែង​ឡើង​ចុះ​លឿន​ចន្លោះ​ពី ០,៥០ ទៅ ០,៧០ ម៉ែត្រ ក្នុង រយៈពេល ២៤ ម៉ោង តែ​នៅ​ក្នុង​ការ​ជន់​ឡើង​លើក​នេះ ទឹក​បាន​ហក់ឡើងលឿន ដល់​ពេល​ស្រកវិញ យឺតបំផុត គឺ​បាន​តែ ០,២០ទៅ ០,៣០ម៉ែត្រ​ក្នុង​រយៈពេល ២៤ម៉ោង។ ឯនៅ ខេត្ត ក្រ​ចេះ​និង​ខេត្ត​កំពង់ចាម​ទឹក​ស្រក​យឺត​ជាង​នេះ​ទៅ​ទៀត គឺ​នៅ​ក្នុងរយៈ២៤ ម៉ោង ទឹក​ស្រក​បាន​តែពី០.២ទៅ០.០៣ម៉ែត្រប៉ុណ្ណោះ។

ស្ថាន​ភាព​ភ្លៀង​កើត​ចេញឥទ្ធិពលប្រព័ន្ធសម្ពាធទាប វាខុសពី ព្យុះដែលភ្លៀងខ្លាំងតែមួយប្រាវអស់ ឯ​ភ្លៀងដោយសារប្រព័ន្ធសម្ពាធ ទាបធ្លាក់មិនគំហុកទេ តែ​វា​មាន​វិសាល​ភាព​ធំធេង​និង​រយៈពេល​យូរ​ហើយ​ចុង ក្រោយប្រមូល ចូលទន្លេទាំងអស់ ជាពិសេសទន្លេទាំងបី (សេកុង សេសាន និង ស្រែពក) ដែល មានឥទ្ធិពលដល់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងឆាប់បំផុត៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;