​ពាក្យ «ភ្ជុំបិណ្ឌ» មាន​អត្ថន័យ​​យ៉ាង​ដូចម្ដេច?

  • 2019-09-28 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បិណ្ឌ មាន​ន័យ​ថា ជាការ​ប្រមូល ឬ​ពូត​ឲ្យ​ទៅជា​ដុំ ដូចជា​បិណ្ឌ​បាត្រ គឺ​អាហារ​ដែល​ប្រមូលផ្តុំ​ដាក់ក្នុង​បាត្រ។ ឯពាក្យ​ភ្ជុំ គឺ​ធ្វើឲ្យ​ប្រជុំ​គ្នា ឬ​ធ្វើឲ្យ​ជួបជុំ​គ្នា។

ប្រជារាស្ត្រ​ខ្មែរ​បាន​ឲ្យ តម្លៃ និង​សារៈសំខាន់ ទៅលើ​បុណ្យ​ធំៗ២ គឺ​បុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​នេះ និង​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី។ គេ​តែងតែ​នាំគ្នា​ទៅធ្វើ​បុណ្យ​កាន់​បិណ្ឌ-ភ្ជុំបិណ្ឌ ក្នុងទី​វត្ត​អារាម ដែលត្រូវ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ១​រោច រហូតដល់​ថ្ងៃ១៥​រោច ខែ​ភទ្របទ។ ក្នុង​អំឡុង ១៥ថ្ងៃ​នេះ គេតាំង​ចិត្ត​ដាច់​ខាត ត្រូវតែ​ទៅវត្ត​ឲ្យបាន​ម្តង​យ៉ាងតិច ក្នុងថ្ងៃ​ណាមួយ មិនអាច​ខកខាន​បានឡើយ ទោះជា​មានការ​មមាញឹក ឬ​ក្រីក្រ លំបាក​យ៉ាងណា​ក៏ដោយ។ ពិសេស​ថ្ងៃ ១៥រោច ជាថ្ងៃ​បង្ហើយ គេ​ហៅថា «ភ្ជុំបិណ្ឌ» ។

រឿងហេតុ​ទាំងអស់​នោះ ក៏ដោយ​សារ​គេមាន​ជំនឿ​យ៉ាង​មុតមាំ​តាម​សណ្តាប់​ចាស់ៗ ដែល​ពោល​ណែនាំ និង​ធ្វើតៗ​គ្នា ដោយ​អនុវត្ត​ជារៀងរាល់​ឆ្នាំ ជាយូរ​មកហើយ ។ ផ្នត់​ជំនឿ​នោះ គឺ​គេមាន​មនោសញ្ចេតនា នឹក​គិត និង​អាណិត​ចំពោះ​ញាតិ​សណ្តាន ដែលបាន​ចែក​ឋាន​ទៅហើយ មាន​មាតាបិតា ជីដូនជីតា បងប្អូន​កូនចៅ ដែលដល់​រដូវ​អាចបាន មក​ទទួលយក​ភោគផល ព្រោះអ្នក​ដែល​ចែកឋាន​ទៅនោះ ខ្លះមាន​បាបកម្ម ត្រូវទៅ​សោយ​ទុក្ខទោស នៅ​ឋាននរក ប្រេត កើតក្នុង​អបាយភូមិ​វេទនា​ណាស់។

ឋាននោះ​ស្ថិតនៅ​ជ្រៅ​ឆ្ងាយពី​ឋាន​មនុស្ស មិនអាច​ងើបមក​បាន ឃើញ​ពន្លឺ​ព្រះអាទិត្យ​ទេ គ្មាន​សំម្លៀក​បំពាក់ គ្មាន​អាហារ​បរិភោគ​ឡើយ។ លុះដល់​រដូវ​បុណ្យ​នេះ គេបាន​ដោះលែង​ឲ្យមក​ទទួលយក​ផល្លានិសង្ស ដែល​ញាតិ​សាច់​សា​លោហិត ធ្វើ​បុណ្យ​ឧទ្ទិស​ឲ្យ ។ ម៉្យាងទៀត​គេខ្លាច អ្នក​ទាំងអស់​នោះ ដាក់​ប្រទេច​បណ្តា​សា ឲ្យគេ​ហិនហោច ប្រសិន​បើ​ដើរ​ស្វែង​រកគ្រប់ ៧វត្ត​ហើយ មិនឃើញ​សាច់ញាតិ​ធ្វើ​បុណ្យ បញ្ជូន​កុសល​ឲ្យទេ​នោះ។

ជាមួយ​គ្នានេះ​ដែរ គេមាន​ក្តី​សង្ឃឹម​មួយ​ទៀតថា អំពើ​កុសល ដែលគេ​មាន​សទ្ធា បាន​បរិច្ចាគ​ឧទ្ទិស​នោះ នឹង​ងាក​បែរមក​ឲ្យ​សព្វសាធុការពរ ហើយគេ​នឹងត្រូវ​បាន​ទទួល​វិញ ដែរ​នូវ​សេចក្តីសុខ និង​សេចក្តី​ចម្រើន៕

អត្ថបទ៖ ឈាង

អត្ថបទថ្មី
;