សម្តេច ស ខេង ដាក់វិធានការ ៨ចំណុចដើម្បីថែរក្សាសន្តិសុខពេលបុណ្យអុំទូក
- 2019-10-31 01:17:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ស ខេង ដាក់វិធានការ ៨ចំណុចដើម្បីថែរក្សាសន្តិសុខពេលបុណ្យអុំទូក
ចន្លោះមិនឃើញ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការចំនួន ៨ចំណុច ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងឱកាសពិធីខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩។
យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ជម្រាបជូនទៅអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត កាលពីថ្ងៃទី៣០ ខែតុលា បានឲ្យដឹងថា នៅក្នុងអំឡុងសប្តាហ៍ទី២ ខែវិច្ឆិកា ខាងមុខនេះ ប្រជាជាតិយើងនឹងប្រារព្ធពិធីខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ។
វិធានការ ៨ចំណុចរួមមាន៖
១. អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវមានវត្តមាននៅរាជធានី ខេត្តសាមី ជាប់ជាប្រចាំ ចាប់ពីដើមខែវិច្ឆិកា រហូតដល់ពិធីបុណ្យជាតិទាំងពីរខាងលើត្រូវបានប្រារព្វចប់សព្វគ្រប់។ ទន្ទឹមនេះ ត្រូវរៀបចំចាត់ចែងមន្ត្រីប្រចាំការនៅតាមសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីត្រៀមលក្ខណៈដោះស្រាយសភាពការណ៍ចំពោះមុខ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
២. រាជធានី ខេត្តនីមួយៗ ត្រូវចាត់ចែងរៀបចំពីធីបុណ្យជាតិខាងលើនេះ ស្របតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
៣. ត្រូវបញ្ជា ដឹកនាំ និងសម្របសម្រួលកងកម្លាំងមានសមត្ថកិច្ច ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដើរទន្ទឹមនឹងការជំរុញការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមឱ្យបានល្អ នៅគ្រប់មូលដ្ឋានទូទាំងរាជធានី ខេត្ត ។
៤. ត្រូវដឹកនាំ ណែនាំដល់មេបញ្ជាការ កងកម្លាំងមានសមត្ថកិច្ចនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យត្រួតពិនិត្យវត្តមានកម្លាំងក្រោមឱវាទ និងគ្រប់គ្រងចាត់ចែងប្រើប្រាស់កម្លាំងស្របតាមផែនការដែលបានកំណត់ និងត្រួតពិនិត្យជាប្រចាំនូវការអនុវត្តផែនការនេះ ជាពិសេសការចាត់តាំងអនុវត្តតាមសេចក្តីណែនាំលេខ ០៣៩ សណន ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ស្តីពីការរៀបចំការការពារសុវត្ថិភាពមន្ត្រីដឹកនាំថ្នាក់ក្រោមជាតិ ។
៥. រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ និងអង្គភាពជំនាញជុំវិញរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ត្រូវបង្កើនការគ្រប់គ្រងវត្តមាន និងការបំពេញការងាររបស់មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទឱ្យបានហ្មត់ចត់ស្របតាមលិខិតបទដ្ឋាន និងគោលការណ៍កំណត់។
៦. ដឹកនាំ ណែនាំដល់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរាជធានី ខេត្តនីមួយៗធ្វើការតាមដានក្តាប់សភាពការណ៍សកម្មភាពចលនាក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ និងត្រូវអប់រំប្រជាជនឱ្យចៀសវៀងការចូលរួមក្នុងសកម្មភាពណាមួយ នៃគម្រោងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
៧. ដឹកនាំ ណែនាំដល់គណៈបញ្ជាការក្រុង ស្រុក ខណ្ឌ ដើម្បីដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអាជ្ញាធរ ឃុំ សង្កាត់ ភូមិ ឱ្យពង្រឹងកិច្ចសហការបង្កើនការគ្រប់គ្រងការចេញ-ចូល របស់ប្រជាជនស្របតាមលិខិតបទដ្ឋានកំណត់ និងគ្រប់គ្រងមុខសញ្ញានានាតាមគោលការណ៍ជំនាញ ។ ទន្ទឹមនេះ ត្រូវដឹកនាំ និងបង្កលក្ខណៈសម្បត្តិដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមពិសារអំបុកសាមគ្គីជាតិ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ។
៨. រាជធានី ខេត្ត ដែលមានទូកមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក នៅរាជធានីភ្នំពេញ ត្រូវចាត់តាំងអភិបាលរងរាជធានី ខេត្ត ០១រូប ដើម្បីដឹកនាំចំណុះទូក និងអ្នករួមដំណើរ ដើម្បីធ្វើការសម្របសម្រួលជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចាត់ចែងទីកន្លែងស្នាក់នៅ ការថែរក្សាសុខភាព អនាម័យ និងកិច្ចសហការចូលរួមក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងពិធីបុណ្យនេះ៕