លោក ប្រាក់ សុខុន និងទូតអាល្លឺម៉ង់ ដាក់បង្ហាញនូវការរចនាផ្ទាំងរូបភាពសិល្បៈ លើខ្លោងទ្វារស្ថានទូត
- 2019-11-08 02:31:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ប្រាក់ សុខុន និងទូតអាល្លឺម៉ង់ ដាក់បង្ហាញនូវការរចនាផ្ទាំងរូបភាពសិល្បៈ លើខ្លោងទ្វារស្ថានទូត
ចន្លោះមិនឃើញ
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Christian Berger បានដាក់បង្ហាញគម្រោងផ្ទាំងរូបភាពសិល្បៈតាមចិញ្ចើមផ្លូវដំបូងនៅរាជធានីភ្នំពេញ លើខ្លោងទ្វារនៃស្ថានទូត កាលពីថ្ងៃទី៧ ខែវិច្ឆិកា ដើម្បីអរសាទរនិងការរំលឹកពីការដួលរលំកំផែងទីក្រុងប៊ែរឡាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩។
វិចិត្រករអាល្លឺម៉ង់ លោក Danilo Halle និងវិចិត្រករខ្មែរ លោក ហួរ សុបិន បានរួមគ្នាបង្កើតបានរូបភាពមួយផ្ទាំងដ៏ប្លែកនៅលើខ្លោងទ្វារស្ថានទូតអាល្លឺម៉ង់។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានបញ្ជាក់ថា “ពាក្យ Aufbruch និងពាក្យ វិវត្តន៍” មានន័យដូចគ្នាថាការវិវត្តប្រកបដោយភាពវិជ្ជមាន។ សូមឱ្យពាក្យទាំងពីរដែលបានសរសេរឡើងនៅលើផ្ទាំងគំនូរឆ្លុះបង្ហាញពីទំនាក់ទំនងរវាងប្រទេសកម្ពុជានិងអាល្លឺម៉ង់ ។
ផ្ទាំងគំនូរនេះសង្កត់ធ្ងន់ទៅលើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់។ ខ្លោងទ្វារទាំងសងខាងត្រូវបានរចនាឡើងជា ៩ជួរ ពីឆ្វេងទៅស្តាំ និង ១១ ជួរពីលើចុះក្រោម ដើម្បីបញ្ជាក់អំពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ដែលជាកាលបរិច្ឆេទដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ គឺកម្ពុជា និងអាល្លឺម៉ង់ ។ រូបគំនូរដុំឥដ្ឋនៅលើផ្ទាំងរូបភាពជានិមិត្តរូបនៃជញ្ជាំងដែលធ្វើពីដុំឥដ្ឋ។ ពណ៌ដែលបានប្រើគឺជាការរួមបញ្ចូលគ្នានៃទង់ជាតិប្រទេសទាំងពីរ។ ពាក្យដែលនៅខាងឆ្វេងជាភាសាអាល្លឺម៉ង់ Aufbruch និងនៅខាងស្តាំជាភាសាខ្មែរ វិវត្តន៍ ពាក្យទាំងពីរបង្ហាញពីអត្ថន័យថា ការកំទេចចោលនូវអ្វីដែលចាស់ដើម្បីបង្កើតឡើងនូវអ្វីដែលថ្មីនិងវិជ្ជមាន។
ផ្ទាំងគំនូរនេះគឺជាលទ្ធផលនៃការគាំទ្ររបស់ស្ថានទូតអាល្លឺម៉ង់ទៅលើគម្រោងរបស់សិល្បៈក្បាច់ដែលហៅថា "Anyone in Residence" (AiR)។ AiR មានគោលបំណងលើកកម្ពស់ការសហការរវាងសិល្បករប្រទេសកម្ពុជានិងមកពីបរទេស ។ សិល្បករដែលមកលេងកំសាន្ត បានរួមគ្នាជាមួយសិស្សវិទ្យាល័យនៅភ្នំពេញ ដើម្បីទាក់ទាញចំណាប់អារម្មណ៍យុវជនជំនាន់ក្រោយអោយចាប់អារម្មណ៍ក្នុងវិស័យសិល្បៈ៕