នេះបុរសនៅពីក្រោយ រូបភាព Meme ដែលកំពុងល្បីខ្លាំងនៅខ្មែរ

  • 2019-11-26 09:52:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​រូបភាព​ត្លុក​ Meme ពីរ​នាក់​ម្ដាយ​កូន កំពុង​តែ​ត្រូវ​បាន​គណនី និង ផេក ជា​ច្រើន​នៅ​កម្ពុជា​យក​ទៅ​ច្នៃ​​ដោយ​កែ​ប្រែ​នូវ​សម្រង់​សម្ដី​ទៅ​ជា​អត្ថន័យ​កំប្លែង​ប្លែកៗ ដែល​ការ​បង្ហោះ​ភាគ​ច្រើន​សុទ្ធ​តែ​ទទួល​បាន​ការ​ចុច Like Share និង Comment ច្រើន។

រូបភាពដើម មានសញ្ញាកម្មសិទ្ធបញ្ញារបស់លោក Ricardo Caté
បើ​តាម​ការ​ស្វែង​រក​​របស់​ក្រុម​ការងារ Sabay បង្ហាញ​ថា​ រូបភាព​ត្លុក​នេះ​គឺ​បាន​ច្នៃ​ចេញ​ពី​រូបភាព​ត្លុក​ដើម ដែល​ជា​ស្នាដៃ​របស់​វិចិត្រករ​​ម្នាក់​ឈ្មោះ​ថា​ Ricardo Caté មក​ពី​រដ្ឋ​ New Mexico សហរដ្ឋអាមេរិក​ ដែល​លោក​​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​បណ្ដុំ​​រូប​ត្លុក​កំប្លែង​ចំណង​ជើង​ថា ​“Without Reservations” ដែល​ចេញ​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ​នៅ​លើ​កាសែត Santa Fe New Mexican និង Taos News។

ក្រៅ​ពី​ជា​អ្នក​គូរ​រូប​ត្លុក លោក Caté ក៏​ជា​​សកម្មជន, អ្នក​និយាយ​រឿង​កំប្លែង, អ្នក​និពន្ធ, គ្រូ​បង្រៀន, អតីត​អត្តពលិក និង​អ្នក​ផលិត​ភាព​យន្ត​ជា​ដើម។ លោក​មាន​អ្នក​គាំទ្រ​ជា​តារា​ដែល​មាន​ដូច​ជា​ Wes Studi, Jackie Chan, Winona LaDuke, Nick Nolte និង Dennis Banks ជា​ដើម។

ស្នាដៃរបស់ Ricardo Caté

​​​​ចំពោះ​រូប​ភាព​ត្លុក​ម្ដាយ​កូន មិន​មាន​ប្រភព​ណា​អាច​បញ្ជាក់​អំពី​ថ្ងៃ​ចេញ​ផ្សាយ​របស់​វា​ ឬ​បញ្ជាក់​ថា​វា​ស្ថិត​នៅ​ក្នុង​វគ្គ​ណា​នៃ “Without Reservations” នោះ​ទេ។ ប៉ុន្តែ​រូប​ភាព​នេះ​ត្រូវ​បាន​គេ​យក​មក​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​​ដំបូងៗ​នៅ​អំឡុង​ចុង​ឆ្នាំ ២០១៨។

ចំណែក​នៅ​កម្ពុជា​យើង​វិញ​រូប​ភាព​ត្លុក​នេះ​បាន​ល្បី​ល្បាញ​កាល​ពី​អំឡុង​​​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​នេះ ហើយ​រូប​ភាព​ដែល​យក​មក​ប្រើ​គឺ​ជា​ការ​កែច្នៃ​ថ្មី ខុស​ប្លែក​ពី​រូបភាព​ដើម៕

ចុចអាន ៖ ស្រាយចម្ងល់ មូលហេតុកាមេរ៉ាស្មាតហ្វូនឥឡូវថតយប់ច្បាស់ៗម្ល៉េះ

ប្រភព៖ Shumakolowa ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;