សម្តេច ស ខេង៖ រាជរដ្ឋាភិបាលសម័យនេះ ជាអ្នកទទួលបន្ទុកជនពិការដោយសារ​គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ​សល់ពីសង្គ្រាម

  • 2019-12-03 04:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ អញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កម្ពុជាការប្រារព្ធទិវាជនមានពិការភាពនេះឡើង គឺដើម្បីរំលឹក អំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាមជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន៖ ស្ត្រីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីននិងកាកសំណល់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាមរាប់សែនតោន នេះជាសោកនាទកម្មមួយរបស់កម្ពុជា ដែលប្រជាជនកម្ពុជាធ្លាប់ទទួលរងពីការទម្លាក់គ្រាប់បែករាប់លានតោន ហើយធ្វើឱ្យរបួស ពិការ ស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវហើយបន្ទុកបានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យនេះ។

សម្តេចក្រឡាហោមបានបន្តថា ឆ្នាំនេះ គឺជាខួបលើកទី១០ឆ្នាំ នៃការប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ដែលមានវិសាលភាពអនុវត្តចំពោះជនមាន ពិការភាពនិងសកម្មភាពទាំងឡាយណា ដែលទាក់ទងនឹងពិការភាពនៅព្រះរាជាណាចក្រកម្ពុជា។ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ ត្រូវបានប្រកាសដាក់ឱ្យប្រើជាផ្លូវការកាលពីថ្ងៃទី៣ ខែកក្កដាឆ្នាំ២០១៤ ដែលផែនការនេះ ត្រូវបានចាត់ទុក ជាឧបករណ៍គោលនយោបាយជាថាមវន្តដែល បានទាមទារឱ្យមានការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃ និងកែលម្អជាប្រចាំ ឆ្លើយតបទៅនឹងសកម្មភាពជាក់ស្តែងនៃវិស័យពិការភាពក្នុងរយៈពេល៥ឆ្នាំកន្លងមក។ ការដោះស្រាយជាក់លាក់និងបទពិសោធល្អៗ សម្រាប់រួមចំណែកដល់ការកសាងសមត្ថភាពនៃការអនុវត្តវិស័យពិការភាពនៅកម្ពុជាបានក្លាយជាជំហានមួយឆ្ពោះទៅរកការលុបបំបាត់ឧបសគ្គនានានិងផ្ដល់ឱកាសដល់ជនមានពិការភាពបានចូលរួមគ្រប់សកម្មភាព ប្រែក្លាយសង្គមមួយដើម្បីយើងទាំងអស់គ្នា។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ នាពេលកន្លងមកបានប្រើប្រាស់អភិក្រមផ្អែកលើកម្មវិធីនានាដែលធានាឱ្យមានការសម្របសម្រួលជាយុទ្ធសាស្ត្រនិងជំរុញដល់ការពង្រឹង បន្ថែមនូវកាលានុវត្តភាពនានា ក៏ដូចជាការពង្រីកនូវអត្ថប្រយោជន៍ និងផលចំណេញដល់ជនមានពិការភាព។ រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈនយោបាយប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការលើកកម្ពស់សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួមពិសេសការបញ្ចូលជនមានពិការភាព ទៅក្នុងកិច្ចអភិវឌ្ឍសម្រាប់សង្គមជាតិ និងពិភពលោកទាំងមូល។

សម្តេចក្រឡាហោមបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានផ្តល់សេវាគាំទ្រដល់ការរស់នៅផ្តល់កន្លែងស្នាក់អាស្រ័យ និងសេវាសហគមន៍ផ្សេងៗទៀតដល់ជនមានពិការភាព និងអតីតយុទ្ធជនមានពិការភាព ដើម្បីជួយឱ្យពួកគេទទួលបានសិទ្ធិជាមូលដ្ឋានរួមបញ្ចូលទាំងការចូលរួមយ៉ាងពេញលេញនៅសហគមន៍ ។សិទ្ធិទទួលបានការងារនិងឱកាសចិញ្ចឹមជីវិតឈរលើទីផ្សារការងារព្រមទាំងបរិយាកាសការងារបើកទូលាយសម្រាប់ជនមានពិការភាព ត្រូវបានទទួលស្គាល់ និងយកចិត្តទុកដាក់ព្រមទាំងមានការជំរុញពីសំណាក់រាជរដ្ឋាភិបាល ដោយហាមឃាត់ដាច់ខាត ចំពោះការរើសអើងពិការភាពលើគ្រប់ទម្រង់នៃការងាររួមទាំងលក្ខខណ្ឌនៃការជ្រើសរើស ការជួល ការបម្រើការងារ ការបន្តការងារការអភិវឌ្ឍមុខរបរ និងលក្ខខណ្ឌការងារដែលមានសុវត្ថិភាពនិងផាសុកភាព។ ការអភិវឌ្ឍមុខរបរ និងលក្ខខណ្ឌការងារដែលមានសុវត្ថិភាពនិងផាសុកភាព។

ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពការលើកកម្ពស់ការងារ ព្រមទាំងមុខរបរសមរម្យ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលទន្ទឹមនឹងនេះ ការផ្តល់ជំនួយ ឧបត្ថម្ភពីរដ្ឋត្រូវបានអនុវត្តជាបន្តបន្ទាប់ តាមរយៈការផ្តល់របបគោលនយោបាយ។ ក្រៅពីនេះ សប្បុរសជន និងសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍក៏បានចូលរួមចំណែកទាំងធនធានថវិកា និងធនធានមនុស្សដើម្បីសម្រេចបាននូវឧត្តមប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;