សេដ្ឋកិច្ច​កម្ពុជា អាច​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន​នៅឆ្នាំ​២០២០នេះ

  • 2020-01-06 06:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​ការចេញផ្សាយរបស់​ធនាគារ​ជាតិនៃ​កម្ពុជា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ​២០២០ ស្តីពី​វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​២០១៩ និង​ទស្សនវិស័យ​ឆ្នាំ​២០២០ បាន​ឱ្យដឹងថា នៅឆ្នាំ​២០២០នេះ សេដ្ឋកិច្ច​កម្ពុជា អាច​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន។

ចំពោះ​ហានិភ័យ​ខាងក្រៅរួមមាន៖

  • ការ​អាច​ថយចុះ​លឿន​ជាងការ​រំពឹងទុក​នៃសេដ្ឋកិច្ច​ចិន ដែល​អាច​មាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សេដ្ឋកិច្ច​ចិន។

  • និន្នាការ​នៃ​ការអនុវត្ត​គោលនយោបាយ​គាំពារ​និយម​អាច​ប៉ះពាល់​ដល់ការនាំចេញ។

ចំពោះ​ហានិភ័យ​ខាងក្នុង​រួមមាន៖

  • ការ​អាចបាត់​បង់​ការ​អនុគ្រោះ​ពន្ធ EBA ដែល​អាច​ប៉ះពាល់​ផ្ទាល់​ដល់​វិស័យ​កាត់ដេរសម្លៀក​បំពាក់ និង​វិស័យ​នានា ​ក្នុងសេដ្ឋកិច្ច​ដែល​ទទួល​ផល​ដោយ​ប្រយោល​ពី​វិស័យ​កាត់ដេរ។

  • កម្រិត​ខ្ពស់​នៃ​កំណើន​ឥណទាន​ទៅកាន់​វិស័យ​សំណង់​ អាច​បង្ក​ឱ្យហានិភ័យ​កើនឡើង​ នៅពេល​ដែលការ​ផ្គត់ផ្គង់​ក្នុង​វិស័យ​អចលនទ្រព្យ​កើនឡើង​ខ្ពស់​ហួសតម្រូវការ។

  • ការ​ទិញផ្ទះ​ដោយ​បង់​រំលស់​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់ និង​លំនៅឋាន មាន​ភាព​សកម្ម និង​មិនទាន់​មានការ​ត្រួតពិនិត្យ​ច្បាស់លាស់។

ទោះជាយ៉ាងណា បើតាម​ប្រភពដដែល កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២០ ត្រូវបាន​រំពឹង​ថា អាច​សម្រេចបាន​ក្នុងរង្វង់ ៧ភាគរយ ជាមួយ​នឹង​កម្រិត​អតិផរណា​ប្រមាណ ២,៣%។

ការ​រំពឹង​ទុកនេះ ផ្អែក​លើ​ការព្យាករ​ពីការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក ដែល​នឹង​រួម​ចំណែក​ផ្តល់ភាព​អំណោយ​ផល​ដល់ការ​នាំចេញ​វិនិយោគ​បរទេស និង​វិស័យ​ទេសចរណ៍​កម្ពុជា។ ការ​នាំចេញ​រំពឹងថា នឹង​បន្ត​មានកំណើន​ក្នុង​អត្រាខ្ពស់ ពិសេស​ទំនិញ​សម្រាប់ធ្វើដំណើរ កម្មន្តសាលផ្សេងៗ។ កម្ពុជា​នៅតែ​អាចនាំចេញទៅសហភាព​អឺរ៉ុប ទោះ EBA ត្រូវបាន​ដកក៏ដោយ ព្រោះ​ការបាត់​បង់​ EBA គ្រាន់តែ​អាច​បង្កើន​ថ្លៃទំនិញ​នាំចេញ​របស់​កម្ពុជា​តែប៉ុណ្ណោះ។ វិស័យ​សំណង់​ និង​អចលនទ្រព្យ​បន្ត​កើនឡើង ហើយ​ភ្ញៀវ​ទេសចរ​បរទេស​បន្តកើនឡើង​ជាលំដាប់ ជាពិសេស​មកកាន់​តំបន់ឆ្នេរ ក្នុងគោលបំណងធុរកិច្ច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;