សូម្បីតែការស្ទះចរាចរណ៍ ក៏បង្កផលប៉ះពាល់ជាច្រើនដល់សុខភាព ជាពិសេសបេះដូងតែម្តង

  • 2020-01-15 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចរាចរណ៍​ដែល​មាន​សភាព​​កក​កុញ រក​តែ​ងាក​បន្តិច​មិន​កើត បាន​ត្រឹម​រំកិល​សន្សឹម​ៗ ទម្រាំ​បាន​ទៅ​ដល់​គោលដៅ​និមួយ​ៗ ពិត​ជា​គួរ​ឲ្យ​ធុញ​ស្មុគស្មាញ​ខ្លាំង​ណាស់។ ចេញ​មក​ពី​ផ្ទះ​តែង​ខ្លួន​ស្អាត​បាត​ មាន​​​អារម្មណ៍​ល្អ​ប៉ុណ្ណា​ក៏​ដោយ ឲ្យ​តែ​ពេល​​ជាប់​គាំង​​ស្ទះ​ម៉ូតូ​ឡាន​ម្តង​ៗ ដឹង​តែ​មួម៉ៅ​​ មិន​ស្រឡះ​ក្នុង​ចិត្ត​ទាល់​តែ​សោះ​។

តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ នៅ​ប្រទេស​អាល្លឺម៉ង់​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ស្ទះ​ចរាចរណ៍ ក៏​អាច​បណ្តាល​​​​​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព ជាពិសេស​​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​ជាមួយ​នឹង​ជំងឺ​គាំង​បេះដូង។ លើស​ពី​នេះ​ទៅ​ទៀត វា​អាច​ជះ​ឥទ្ធិពល​អាក្រក់​ៗ​ដល់​​អ្នក​មាន​​​ដូចជា៖

១. ប្រឈម​ខ្ពស់​នឹង​ការ​គាំង​បេះ​ដូង

​ត្រូវ​រង់​ចាំ​យូរ​ម៉ោង​ផង ថ្លង់​​សំឡេង​ម៉ាស៊ីន​ឡាន​ម៉ូតូ​ផង ធ្វើ​ឲ្យ​កម្រិត​នៃ​ការ​ខឹង​មួម៉ៅ​​កាន់តែ​កើន​ឡើង។ បន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា​វិភាគ​អស់​រយៈ​ពេល​៤​ឆ្នាំ លទ្ធផល​បាន​បង្ហាញ​ទៀត​ថា ការ​គាំង​បេះដូង​​មាន​ដល់​ទៅ​ ១៥០០ ករណី ដែល​បណ្តាល​មក​ពី​ស្ទះ​ចរាចរណ៍​។

២. ធ្វើ​ឲ្យ​សមត្ថភាព​ខួរ​ក្បាល​ធ្លាក់​ចុះ

ដោយ​សារ​តែ​គ្រប់​គ្នា​ចង់​គេច​ផុត​ពី​ចំណុច​កក​ស្ទះ ធ្វើ​ឲ្យ​ម្នាក់ៗ​​ព្យាយាម​បើក​រុល​​គ្មាន​ភាព​​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ាង​ណា​កុំ​ភ្លេច​ថា​នរណា​ក៏​ចង់​ប្រញាប់​ដូច​តែ​គ្នា​ដែរ។ មួយ​វិញ​ទៀត​ ការ​ស្រូប​យក​ផ្សែង​ចេញ​ពី​បំពង់​ស៊ី​ម៉ាំង អាច​ធ្វើ​ឲ្យ​ការ​ចង​ចាំ​ធ្លាក់​ចុះ​។

៣. ឡើង​ទម្ងន់

ការ​​កក​ស្ទះ​រាប់​ម៉ោង​ បាន​ធ្វើ​ឲ្យ​អ្នក​​បាត់​បង់​កម្លាំង​ថាមពល គ្មាន​កម្លាំង​កំហែង​​ហាត់​ប្រាណ ឬ​អស់​អារម្មណ៍​គិត​ពី​​​ការ​ធ្វើ​ម្ហូប​ដែល​ផ្តល់​​​ប្រយោជន៍​ដល់​សុខភាព​ជា​ដើម​។

៤. មិន​ស្រស់​ស្រាយ

អ្នក​អាច​នឹង​ចុច​ទូរស័ព្ទ​ពេល​ជាប់​គាំង ជក់​បារី ឬ​ស្តាប់​បើ​ចម្រៀង​ឮៗ ដើម្បី​បន្លប់​ស្រ្តេស ប៉ុន្តែ​វា​មិន​មែន​ជា​ភាព​ស្រស់​ស្រាយ​ពិត​ប្រាកដ​នោះ​ទេ​ ថែម​ទាំង​អាច​បណ្តាល​ឲ្យ​អ្នក​កាន់​តែ​ច្របូក​ច្របល់​បន្ទាប់​ពី​នោះ​ក៏​មាន។​

៥. ផល​ប៉ះ​ពាល់​ផ្សេង​ៗ​ទៀត

អ្នក​ក៏​អាច​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ ដោយ​សារ​ការ​លើស​សម្ពាធ​ឈាម ជំងឺហឺតឬសួត​ជា​ដើម​។

​ការ​ស្ទះ​ចរាចរណ៍​ដែល​មាន​ចម្ងាយ​ដល់​ទៅ​ ២០​គីឡូម៉ែត្រ​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៦ មាន​មនុស្ស​១២​នាក់​បាន​ស្លាប់ ព្រោះ​បញ្ហា​នេះ​កើត​ឡើង​ដល់​ទៅ​៣​ថ្ងៃ​ជាប់​គ្នា។ ហេតុ​នេះ​ហើយ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ល្អ​ រាល់​ពេល​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​។ ជ្រើស​រើស​មធ្យោបាយ​ណា​ ដែល​បង្ក​ភាព​ងាយ​ស្រួល​និង​រហ័ស​ប្រសិន​បើ​អ្នក​ប្រញាប់​ឬ​បន្ទាន់​ខ្លាំង​ ហើយ​កុំ​ភ្លេច​ដក​ដង្ហើម​ចេញ​ចូល​ឲ្យ​បាន​វែង​ៗ ដើម្បី​សុខភាព​៕​​

ចុចអានបន្ត៖ ៧ យ៉ាងមិនគួរធ្វើ មុនពេលឡើងយន្តហោះ

ប្រភព៖ theunknownbutnothidden ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទថ្មី
;