មេធាវីរាជរដ្ឋាភិបាលប្រាប់ពីចំណុចសំខាន់មួយ នៅក្នុងសវនាការកាត់ទោសលោក កឹម សុខា
- 2020-01-16 01:28:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេធាវីរាជរដ្ឋាភិបាលប្រាប់ពីចំណុចសំខាន់មួយ នៅក្នុងសវនាការកាត់ទោសលោក កឹម សុខា
ចន្លោះមិនឃើញ
តុលាការបានបើកសវនាការកាត់ទោសលោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លើសំណុំរឿងឃុបឃិតជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាល។ លោកកឹម សុខា អមដោយមេធាវីបានចូលខ្លួននៅក្នុងសវនាការដើម្បីតតាំងក្តី។ មេធាវីរដ្ឋាភិបាលក៏បានចូលដើម្បីការពារបណ្តឹងរបស់ខ្លួនផងដែរ។
លោក គី តិច មេធាវីរដ្ឋាភិបាលបានថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីចប់សវនាការថា សវនាការបានដំណើរការ និងដំណើរការនីតិវិធីមិនមានអ្វីត្រូវបានរាំងស្ទះទេ។ ហើយសវនាការនាថ្ងៃទី១ (១៥ មករា) គឺមានចំណុចសំខាន់មួយ គឺការដាក់ពាក្យស្នើសុំប្រើពាក្យតំណាងចំពោះរដ្ឋនៃបរទេសមួយចំនួន និងអង្គការមួយចំនួន និងបុគ្គលជាបរទេសដែលពាក់ព័ន្ធមួយចំនួន។
លោកបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែមករា ក្រុមប្រឹក្សាជំនុំជម្រះបានដាក់ករណីនេះពិភាក្សា ក្រោយពីពិភាក្សាគឺមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក៏ដូចជាមេធាវីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ចំណុចសំខាន់នោះ គឺការដែលស្នើសុំឲ្យប្រើពាក្យតំណាងតាងដោយពាក្យ គឺចៀសវាងការប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសដែលពាក់ព័ន្ធនៅក្នុងសំណុំរឿងជនជាប់ចោទ កឹម សុខា។ លោកបានស្នើឲ្យអង្គសវនាការទាំងមូលគិតអំពីផលប្រយោជន៍ជាតិ គឺការទំនាក់ទំនងរវាងប្រទេស និងប្រទេស គឺដើម្បីផលប្រយោជន៍ជាតិ ដោយស្នើសុំឲ្យក្រុមប្រឹក្សាជំនុំជម្រះ និងភាគីពាក់ព័ន្ធទាំងអស់ទទួលយកសំណើរបស់មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីរដ្ឋាភិបាល។ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលយកពាក្យស្នើសុំ គឺយល់ព្រមឲ្យប្រើពាក្យតំណាងនៅក្នុងសាលក្រម។
លោកបន្តថា សវនាការទើបតែដល់ដំណើរការមេធាវីដើមបណ្តឹងរដ្ឋប្បវេណីសាកសួរជាមួយជនជាប់ចោទ កឹម សុខា ហើយសវនាការនឹងបន្តសវនាការសួរដេញដោលនៅថ្ងៃទី១៦ ខែមករា បន្តទៀត។
ចំណែកលោក ចាន់ ចេន មេធាវីការពារលោកកឹម សុខា បានថ្លែងប្រាប់អ្នកកាសែតថា លោកកឹម សុខា បានលើកឡើងទាក់ទងក្រមព្រហ្មទណ្ឌ និងបានសួរទៅក្រុមប្រឹក្សាជំនុំជម្រះហេតុអ្វីច្បាប់ទើបតែមាននៅឆ្នាំ២០១០ ហើយយកអង្គហេតុគាត់តាំងពីឆ្នាំ១៩៩៣ មកទល់ឥឡូវមកធ្វើការចោទប្រកាន់។ ករណីតតាំងក្តីនេះមិនមែនជាការធូរទេ ពីព្រោះបទល្មើសនេះ ជាបទល្មើសមួយដែលធំ មិនមែនសាមញ្ញទេ ដូច្នេះអ្វីដែលសួរដេញដោល គឺលោកកឹម សុខា បានឆ្លើយថា គាត់មិនបានប្រព្រឹត្តដូចជាការចោទប្រកាន់ទេ ប្រហែលជាមានការយល់ច្រឡំ។
លោកមេធាវីបញ្ជាក់ថា «ខ្ញុំយល់ថា ជម្លោះនេះជារឿងនយោបាយ ដូច្នេះគួរតែដោះស្រាយតាមផ្លូវនយោបាយ យើងមានសង្ឃឹម មិនគួរប្តឹងផ្តល់គ្នាតាមផ្លូវតុលាការទេ គួរតែខ្មែរនិយាយគ្នាភាគីពាក់ព័ន្ធ តាមគោលការណ៍ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ កាលៈទេសៈពេលនេះប្រទេសកម្ពុជាត្រូវការជជែកគ្នា ដើម្បីថែរក្សានូវអ្វីដែលជាឧត្តមផលប្រយោជន៍របស់ជាតិរបស់យើង»៕