ស្នង​ការ​រាជធានីភ្នំពេញ បញ្ជាឱ្យកម្លាំងនគរបាលត្រូវទប់ស្កាត់បញ្ហាក្មេងទំនើង

  • 2020-01-21 01:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ត្រូវ​ទប់ស្កាត់​បញ្ហា​ក្មេង​ទំនើង​ឱ្យ​មាន​ប្រសិទ្ធ​ភាព និង​អំពាវ​ឱ្យអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវចូលរួមអប់រំសិស្ស និង​កូន​ចៅ​ឱ្យ​មាន​សីលធម៌​ល្អ។ ការបញ្ជាឲ្យទប់ស្កាត់ក្មេងទំនើងនេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​មាន​ករណី​ហិង្សា​កើត​ឡើងរវាងសិស្សនិងសិស្សពីរករណីក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុង​នោះមួយករណីកើតឡើងរវាងសិស្សប្រុសនិងសិស្សប្រុសវាយគ្នាស្លាប់ម្នាក់ និង​សិស្ស​ស្រី​មួយ​ក្រុម ព្រួត​គ្នា​វ៉ៃសិស្សស្រីម្នាក់នៅក្នុងថ្នាក់រៀន ដែលករណីទាំងពីរនេះ បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​បណ្តាញព័ត៌មានសង្គម។កាលើក​ឡើង​ឱ្យ​ចាត់​វិធាន​ការទប់​ស្កាត់​ក្មេង​ទំនើង​ពី​សំណាក់​លោកឧត្តមសេនីយ៍ឯក ស ថេត បាន​ធ្វើឡើង​នៅ​ក្នុង​ពិធីគោរពទង់ជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដែល​មាន​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចូលរួម​ជាង ៧០០នាក់។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នង​ការ​នគរបាលរាជធានីភ្នំពេញ ក៏​បាន​រំលឹក​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ត្រៀម​ចេញ​កម្លាំង​ពង្រឹង​សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ នៅ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​ដែល​និង​ឈាន​មក​ដល់នៅពេលខាងមុខនេះ។

លោក​បានដាក់​បទ​បញ្ជា​ឱ្យ​មាន​ការពារ​សន្តិសុខ​ការពារ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ពេល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ពីផ្ទះ​ទៅ​កន្លែង​កម្សាន្ត​នានា​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ក៏​ដូច​ជា​ការ​ សម្រួល​ចរាចរណ៍​កុំឱ្យ​មាន​ការ​កកស្ទះ​ដើម្បី​ឱ្យការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​មាន​សុវត្ថិភាព និង​សណ្តាប់​ធ្នាប់ល្អ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;