គ.ជ.ប រៀបចំកំណែទម្រង់ការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវប្រសិទ្ធភាព
- 2020-03-10 02:16:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ.ជ.ប រៀបចំកំណែទម្រង់ការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវប្រសិទ្ធភាព
ចន្លោះមិនឃើញ
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ដើម្បីឱ្យប្រព័ន្ធនៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា កាន់តែទទួលបានភាពជឿជាក់ និងមានការគាំទ្រមកលើស្ថាប័ន គ.ជ.ប កាន់តែខ្លាំងថែមទៀត គ.ជ.ប បានរៀបចំផែនការកំណែទម្រង់ការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពបញ្ជីបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។ ការថ្លែងបញ្ជាក់នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។
លោកបានបន្តថា ការកែទម្រង់ទាំងនោះមានគោលដៅ និងចក្ខុវិស័យ ដូចខាងក្រោម៖
១. អំពីការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រៈ ចាប់ពីឆ្នាំ២០១៦ មក គ.ជ.ប បានដាក់ឱ្យអនុវត្តការចុះឈ្មោះបោះឆ្នោត និងរៀបចំបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រដែលជាប្រព័ន្ធទំនើប ហើយកម្មវិធីនេះទទួលបានតម្លាភាព ប្រសិទ្ធភាព និងមានផលវិជ្ជមានដូចជា៖ ការធានានូវការដៅសម្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ដែលមានតែមួយគត់ក្នុងបញ្ជីបោះឆ្នោត តាមរយៈការរក្សាទុកស្នាមខ្ចៅដៃ រូបថត លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអត្តលេខរបស់សាមីខ្លួន ក្នុងប្រព័ន្ធកុំព្យូទ័រ និងបញ្ជីបោះឆ្នោត។ ធានាថា អ្នកបោះឆ្នោតម្នាក់ៗមានឈ្មោះតែមួយគត់នៅក្នុងបញ្ជីបោះឆ្នោត។ ធានាថា គុណភាពនៃបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព។ ងាយក្នុងការស្វែងរកឈ្មោះ ទិន្នន័យ និងទីតាំងការិយាល័យរបស់អ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ គេហទំព័រ គ.ជ.ប ឬទូរស័ព្ទដៃ (Mobile App)។ ធ្វើឱ្យកាន់តែមានជំនឿទុកចិត្តលើប្រព័ន្ធបោះឆ្នោត និងលើ គ.ជ.ប។
២. ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតៈ តាមការអនុវត្តកងន្លងមក ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតបានចុះដោយដៃ គ្មានប្រព័ន្ធត្រួតពិនិត្យត្រឹមត្រូវ ធ្វើឱ្យ គ.ជ.ប ជួបប្រទះបញ្ហាប្រឈមជាច្រើន ហេតុដូច្នេះហើយសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ គ.ជ.ប នឹងរៀបចំឱ្យមានការចុះបញ្ជីគណបក្សនយោបាយតាមប្រព័ន្ធអនឡាញ។
កម្មវិធីនឹងទទួលបានផលវិជ្ជមានដូចជា៖ ចំណេញពេលវេលាទាំងគណបក្សនបាយ និងមន្ត្រីរៀបចំការបោះឆ្នោត។ ងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ និងការគ្រប់គ្រងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ។ ធានាថា ឈ្មោះនិងទិន្នន័យរបស់បេក្ខជនពិតជាត្រឹមត្រូវ ដោយសារឈ្មោះ និងទិន្នន័យទាំងនោះត្រូវបានផ្ទេរចេញពីបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប។ ធានាថា បេក្ខជនម្នាក់ៗមិនអាចឈរឈ្មោះលើសពីមួយមណ្ឌលបោះឆ្នោត។ ធានាថា បេក្ខជនម្នាក់ៗមិនអាចឈរឈ្មោះជាបេក្ខជនឱ្យគណបក្សនយោបាយលើសពីមួយ។ ធានាថា បេក្ខជនឈរឈ្មោះបោះឆ្នោតបំពេញគ្រប់លក្ខខណ្ឌដែលច្បាប់បានកំណត់សម្រាប់ឈរឈ្មោះបោះឆ្នោត ជាដើម។
៣. ការបោះឆ្នោត ការរាប់ការសន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតៈ ក្នុងការធ្វើទំនើបកម្មនៃដំណើរការរៀបចំការបោះឆ្នោត គ.ជ.ប នឹងពង្រឹងវិសាលភាពមុខងារនៃ កម្មវិធីបញ្ចូល បញ្ជូន ត្រួតពិនិត្យ និងផ្សព្វផ្សាយលទ្ធផលបោះឆ្នោតបឋមតាមប្រព័ន្ធកុំព្យូទ័រទៅជាកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធតែមួយ ដោយក្តោបយកទាំងលទ្ធផលបឋមដែលត្រូវប្រកាសផ្សាយនៅថ្ងៃបោះឆ្នោត ទាំងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត។ គោលការខាងលើនេះ នឹងទទួលបានផលវិជ្ជមានជាអាទិ៍៖
ការចេញឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតជូនដល់អ្នកបោះឆ្នោតដែលបានបាត់ ឬខូចហើយមិនទាន់បានទទួលធ្វើថ្មីជំនួស ដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីដែលបានប្រើនាពេលចុះឈ្មោះបោះឆ្នោត ហើយបានរក្សាទុកក្នុងទិន្នន័យ គ.ជ.ប ស្រាប់។ រាល់ការកែតម្រូវទិន្នន័យមានរក្សាទុកជាឯកសារកាលប្បវត្តិដោយស្វ័យប្រវត្តិ។ ការផ្សព្វផ្សាយលទ្ធផលបោះឆ្នោតមានភាពទូលំទូលាយ ទាន់ពេលវេលា នៅលើគេហទំព័រផ្លូវការ គ.ជ.ប ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងបណ្តាញសង្គមនានាដែលត្រូវបានអនុញ្ញាតដោយ គ.ជ.ប ។ កាត់បន្ថយបណ្តឹងច្រើនដែលអាចកើតមានឡើង ជាដើម៕