លោក ហ៊ុន ម៉ាណែត៖ គោលដៅសំខាន់ពីរ គឺធ្វើឱ្យមានសន្តិភាពនិងការអភិវឌ្ឍជាតិ
- 2020-03-10 02:45:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហ៊ុន ម៉ាណែត៖ គោលដៅសំខាន់ពីរ គឺធ្វើឱ្យមានសន្តិភាពនិងការអភិវឌ្ឍជាតិ
ចន្លោះមិនឃើញ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ ថា គោលដៅសំខាន់ពីរ នៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។ ការបញ្ជាក់នេះ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី២៥ វគ្គហ្វឹកហ្វឺនត្រួតពិនិត្យថែទាំបច្ចេកទេសហ្វឹកហាត់បាញ់គ្រាប់ពិតរថក្រោះ- រថពាសដែក និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា នៅមជ្ឈមណ្ឌលហ្វឹក ហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។
លោកបន្តថា សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន គឺបាននិងកំពុងផ្តល់ឱកាសសម្រាប់ការកសាងនិងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ។ ដូច្នេះ ក្នុងនាមជាកងយោធពលខេមរភូមិន្ទ ត្រូវរក្សាជំហរឱ្យបានច្បាស់លាស់ គឺត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារទឹកដី ការពារសុខសន្តិភាព ជូនមាតុភូមិ និងប្រជាពលរដ្ឋយើង។
លោកបន្ថែមថា វគ្គហ្វឹកហ្វឺនទាំងនេះ ពិតជាបានឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចលើការងារហ្វឹកហ្វឺន ស្របតាមផែនការរបស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ជាពិសេសតម្រូវការចាំបាច់ដើម្បីបំពេញភារកិច្ចស្នូលរបស់អង្គភាព ក្នុងការធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជូនប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការត្រៀមចូលរួមក្នុងប្រតិបត្តិការការពារបូរណភាពទឹកដី ការពារសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។
លោកក៏បានបញ្ជាក់ថា សូមបន្តខិតខំប្រឹងប្រែងរៀបចំឱ្យមានការហ្វឹកហ្វឺនជាប្រចាំ ពីព្រោះក្រៅពីជួយដល់ការពង្រឹងសមត្ថភាពកងទ័ព ការហ្វឹកហ្វឺនក៏បម្រើដល់ការសាកល្បងប្រើប្រាស់ និងថែទាំបច្ចេកទេសសម្ភារគ្រឿងបំពាក់ ធានាបាននូវប្រសិទ្ធភាពនៃប្រតិបត្តិការជាក់ស្តែង។
មេបញ្ជាការកងទ័ពជើងគោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានអង្គរក្ស ក៏ដូចជាគណៈគ្រប់គ្រងវគ្គ ក្រុមយោធាចារ្យ ដែលបានរៀបចំអនុវត្តផែនការកម្មវិធីហ្វឹកហ្វឺនដ៏មានសារៈសំខាន់នេះ ជាពិសេសសូមកោតសរសើរចំពោះការខិតខំច្នៃប្រឌិត និងការប្រើប្រាស់បទពិសោធន៍ រួមទាំងជំនាញក្នុងការថែទាំងបច្ចេកទេស ដើម្បីដោះស្រាយរាល់ការលំបាកផ្សេងៗ ធ្វើយ៉ាងណាធានាឱ្យវគ្គហ្វឹកហ្វឺនទាំងនេះ អាចដំណើរការទៅបានដោយជោគជ័យ៕