សហរដ្ឋអាមេរិក បញ្ជូនរូបបដិមាចំនួន២ ជូនកម្ពុជា

  • 2020-04-04 05:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​ធ្វើការ​សម្រប​សម្រួល​បញ្ជូន​ត្រឡប់​មក​វិញ ​នូវ​រូប​បដិមា​ខ្មែរ​ចំនួន ២ ពី​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​មាន​ការ​រឹប​អូស​បាន ​កាល​ពី​ឆ្នាំ​២០០៥ និង​ឆ្នាំ​ ២០១៧។ រូប​បដិមា​ទាំងពីរ​នេះ​ បាន​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ ភ្នំពេញ នៅព្រឹកថ្ងៃទី៣ មេសា។ នេះ​បើយោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំកម្ពុជា។

​តំណាង​មក​ពី​ស្ថានទូត​ និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រោះព្រំ​ តាម​បែប​ពុទ្ធ​សាសនា​ និង​បួងសួង​សូម​ឲ្យ​ទទួល​បាន​នូវ​សេចក្តី​សុខ​ ចម្រុង​ចម្រើន​ ពិសេស​សូម​ឲ្យ​ប្រជាជន​លើ​ពិភពលោក​ទាំង​មូល ​គេច​ផុត​ពី​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​ COVID-19 ។ កម្មវិធីប្រោះព្រំ​នេះ ​ប្រព្រឹត្ត​ទៅនៅរសៀល ​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នា​សារមន្ទីរជាតិ​។

លោកឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ W. Partick Murphy បាន​កោត​សរសើរ​នូវ​ការ​បញ្ជូន​មក​វិញ​នៃ​បដិមា​ទាំងនេះ​ ដោយ​មាន​ប្រសាសន៍​ថា៖ “ក្នុង​ពេល​យើង​អបអរ​សាទរ ​ការ​ប្រារព្ធ​ខួប​៧០​ ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កម្ពុជា​ ការ​ប្រគល់​វិញ​ នូវ​បដិមា​ទាំងពីរ​នា​ថ្ងៃ​នេះ គឺ​ជា​ការ​រំលឹក ​នូវ​អ្វី​ដែល​ប្រទេស​យើង​ទាំងពីរ​សម្រេច​បាន​រួម​គ្នា​”។ ការ​ប្រគល់​មក​វិញ​ នូវ​បដិមា​ទាំងនេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​អនុស្សារណៈ​នៃ​ការ​យោគយល់​ (MoU) ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ នៅ​ឆ្នាំ​២០១៨​ រវាង​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ និង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ទាក់ទង​នឹង​ “ការ​ដាក់​កម្រិត​ហាម​ប្រាម​នូវ​ការ​នាំ​ចូល​ប្រភេទ​វត្ថុ​បុរាណ​របស់​ប្រទេស​កម្ពុជា​”។ អនុស្សារណៈ​នេះ មាន​បំណង​កាត់បន្ថយ​ ការ​លួច​ប្លន់​វត្ថុ​បុរាណ​ ដែល​តំណាង​ឲ្យ​បេតិកភណ្ឌ​វប្បធម៌ ​ដ៏​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា​។

លោក​ជំទាវ​បណ្ឌិត​ ភឿង សកុណា រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ មាន​ប្រសាសន៍​ថា ៖ “រាល់​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នៃ​វត្ថុ​បុរាណ​ខ្មែរ​ពី​បរទេស​ គឺ​ជា​សក្ខីភាព​ ដែល​បញ្ជាក់​នូវ​ចំណង​មិត្តភាព ​ភាព​ជាដៃ​គូ​ពិត​ប្រាកដ​ ប្រកប​ដោយ​កិច្ច​សហ​ប្រតិបត្តិ​ការ​ពេញលេញ ​ក្នុង​ពេល​ដែល​កម្ពុជា​មាន​សុខ​សន្តិភាព​បរិបូណ៌​ហើយ​លទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេររិក​ ពិត​ជា​អាច​ធ្វើ​បាន​ ក្នុង​ការ​បញ្ជូន​មកវិញ នូវ​រូបបដិមា​ដែលត្រូវបាន គេ​យក​ចេញ​ពី​ប្រទេស​កម្ពុជា​”។ ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ និង​គ្រោះ​អាសន្ន​សម្រាប់​សុខភាព​ពិភពលោក​ទាំងមូល​ ក៏​ដូច​ជា​វិធានការ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺឆ្លង​ផ្លូវ​ដង្ហើម​COVID-19 យ៉ាង​ណា​ក៏​ដោយ​ ក៏​រូប​បដិមា​ខ្មែរ​នៅ​តែ​មាន​បំណង​វិល​ត្រឡប់​មក​មាតុភូមិ​របស់​យើង​វិញ ដើម្បី​ជា​ប្រយោជន៍​ដ៏​ធំធេង​ និង​ជា​មង្គល​សម្រាប់​ប្រជាជាតិ​ និង​ប្រជាជន​”។

លោក​ជំទាវ​រដ្ឋមន្ត្រី​ បាន​បន្ថែមទៀត​ថា៖ “ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ល្អិត​ល្អន់​ គឺ​ជា​គំរូ​ដ៏​ល្អ​មួយ​នៃ​ក្រុម​ជំនាញ​ឯកទេស ​របស់​បណ្តា​ទី​ភ្នាក់ងារ​នៃ​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ ហើយ​ក៏​ជា​គំរូ​មួយ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​របស់​អ្នក​ជំនាញ ​នៅ​ទូទាំង​ពិភពលោក​នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង ​ដើម្បី​បញ្ឈប់​ការ​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​ នូវ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ​ការងារ​សម្រប​សម្រួល​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ នៅ​រាជធានី​ភ្នំពេញ ជាមួយ​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ មិន​ត្រឹម​តែ​ការពារ​បេតិកភណ្ឌ​វប្បធម៌​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​ការ​ឆ្លុះ​បញ្ចាំង​ និង​ពង្រឹង​នូវ​ការ​អនុវត្ត​អនុសញ្ញា​ឆ្នាំ១៩៧០ របស់​អង្គការ UNESCO ស្តី​ពី​មធ្យោបាយ​នៃ​ការ​ហាម​ប្រាម​ និង​ការពារ​កុំ​ឲ្យ​មាន​ការ​នាំ​ចេញ​–នាំ​ចូល​ និង​ការ​ផ្ទេរ​ខុស​ច្បាប់​នៃ​កម្ម​សិទ្ធិ​លើ​សម្បត្តិ​វប្បធម៌​”។

រូបបដិមាទី១ គឺ​ជា​ដង​ខ្លួន​ទេវរូប​ ភេទ​ប្រុស​ ធ្វើ​ពី​ថ្ម​ភក់​ ជា​ប្រភេទ​បដិមា​ទោល​ នៅ​សល់​ដង​ខ្លួន​ គ្មាន​ព្រះ​កេស​ ដៃ​ទាំង​ពីរ​ដាច់​ត្រឹម​ដើម​ដៃ​ និង​ជើង​ទាំង​ពីរ​ដាច់​ត្រឹម​ភ្លៅ​។ ដង​ខ្លួន​រាង​មូល​ ស្លៀក​សំពត់​មាន​ភ្លី​ឆ្នូត​បញ្ឈរ​តូចៗ​មាន​ពាក់​ខ្សែ​ក្រវ៉ាត់​រាង​សំប៉ែត​(ឆ្លាក់​ក្បាច់​បួន​ជ្រុង​រាង​ដូច​ក្បាល​ខ្សែ​ក្រវ៉ាត់​) និង​ចង្កេះ​សំពត់​ខាង​ក្រោយ​រាង​ខ្ពស់​ជាង​ខ្សែ​ក្រវ៉ាត់​។ ផ្នែក​ខាង​ក្រោយ​ឆ្លាក់​ក្បាច់​កន្ទុយ​ក្បិន​វាត់​ឡើង​ មាន​ជាយ​អម​សងខាង​ធ្លាក់​លើ​ខ្សែ​ក្រវ៉ាត់​។ ចំណែក​នៅ​លើ​សំពត់​ និង​ក្បាល​ខ្សែ​ក្រវ៉ាត់​ខាង​មុខ​សឹក​ និង​មាន​ស្នឹម​មើល​មិន​ស្គាល់​ក្បាច់​ចម្លាក់​។ នៅ​លើ​តួ​បដិមា​មាន​ស្នឹម​ និង​សឹក​ផ្នែក​ខាង​ក្រោយ ​មាន​ស្នាម​បែក​តូចៗ​ជា​ច្រើន​កន្លែង ​ដូច​ជា​នៅ​លើ​ខ្សែ​ក្រវ៉ាត់​ផ្នែក​ខាង​ស្ដាំ​ នៅ​លើ​ចង្កេះ​ខាង​ឆ្វេង​ និង​នៅ​លើ​ស្មា​។ ទឹក​ដៃ​សិល្បៈ​ ជា​ស្នាដៃ​មិន​សូវ​ស្អាត​ ការ​ឆ្លាក់​ក្បាច់​លម្អ​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ ឬ​ទឹក​ដៃ​សិល្បៈ​ធ្លាក់​ចុះ​ ដូច​បដិមា​ខ្មែរ​មួយ​ចំនួន​ ក្នុង​រចនា​បថ​ឃ្លាំង​ ចុង​ស.វ.ទី១០ ដល់​ដើម​ស.វ.ទី១១​ គ.ស។ បដិមា​នេះ ​ត្រូវ​រឹប​អូស​បាន​នៅ​ឆ្នាំ​២០១៧​ នៅ​ពេល​ផ្នែក​ស៊ើប​អង្កេត​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង San Francisco បាន​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​ការ​លក់​ដេញ​ថ្លៃ ​នៅ​កន្លែង​លក់​ដេញ​ថ្លៃ​មួយ​ នៅ California។ ម្ចាស់​នៅ​កន្លែង​លក់​ដេញ​ថ្លៃ​នោះ ​បាន​និយាយ​ថា​ វត្ថុ​នោះ ​ត្រូវ​បាន​នាំ​ចូល​មក​នៅ​ឆ្នាំ​១៩៩២ ដោយ​មាន​លិខិត​បញ្ជាក់​កន្លែង​ដើម​ចេញ​ពី​ទី​ក្រុង​ Bangkok នៃ​ប្រទេស​ថៃ ដោយ​ដាក់​ថា​ “ខ្លួន​ខ្មែរ​នៅ​អង្គរ​វត្ត​”។ អ្នក​ជំនាញ​ផ្នែក​វត្ថុ​បុរាណ ​បាន​កំណត់​ថា​ បដិមានេះ ​មាន​តម្លៃ​នៅ​លើ​ទីផ្សារ​ចំនួន​ ៧៥ ០០០ ដុល្លា​។

រូបបដិមាទី២ គឺជា​ដងខ្លួន​ទេវ​រូបភេទ​ប្រុស ផលិត​ពី​ថ្មភក់​ពណ៌​ប្រផេះ មាន​មាឌ​មាំ រូបភាព​គ្មាន​ចលនា​ ស្លៀក​សំពត់​ចង​ក្បិន​មានភ្លីសេ​ នៅលើ​ជង្គង់គឺ​មានផ្ន​ត់រាប​ស្មើសាច់​ នៅលើ​ភ្លៅខាង​ឆ្វេងមាន​ផ្នត់​ធំៗ​លំនាំ​ដូច​ជា​ហោប៉ៅ​ នៅចំ​ពី​មុខ​មាន​ផ្នត់​រាង​កន្ទុយ​ត្រីពីរ​ជាន់​ (ផ្នត់ខាងលើខ្លី និងផ្នត់ខាងក្រោមវែង) ពាក់ខ្សែ​ក្រវ៉ាត់​លាត​ពីរជាន់​។ ស្ថានភាព​ដងខ្លួន​ទេវរូប​ គឺបាត់​ព្រះសិរ​ត្រឹមក​ ដាច់​ព្រះហស្ថ​សងខាង​ត្រឹម​ក្លៀក​ បាក់​ជើង​ស្តាំ​ក្រោម​ជង្គង់​ និង​ជើងឆ្វេង​ នៅសល់​ត្រឹម​ភ្លៅ។ សរុប​មក ដងខ្លួនទេវរូប​នេះ​ អាច​មាន​ប្រភព​ចេញ​ពី​ប្រាសាទ​បាសែត​ ខេត្ត​បាត់ដំបង​ ក្នុង​រចនាបថ​កោះកេរ​ រវាង​សតវត្ស​ទី​១០​ ឬ​ជា​ដង​ខ្លួន​ព្រះព្រហ្ម​ ក្នុង​រចនា​បថ​ឃ្លាំង​នា​ចុង​សតវត្ស​ទី​ ១០ និង​ដើម​សតវត្ស​ទី ១១ ។ បដិមា​នេះ​ ត្រូវ​បាន​រឹប​អូស​ពី​ជន​ល្មើស​ នៅខែ​កញ្ញា ឆ្នាំ២០០៥​ នៅ​ពេល​ក្រសួង​សន្តិសុខ​មាតុភូមិ​ ផ្នែកគយ និងការពារព្រំដែន និង​ផ្នែក​ស៊ើប​អង្កេត​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​ នៅ​ទីក្រុង Los Angeles រឹប​អូស​បាន​ពី​ក្នុង​ទំនិញ​មួយ​ផ្នែក​ដែល​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ ពី​ប្រទេសថៃ​។ អ្នក​ជំនាញ​ ប្រមាណថា បដិមានេះមានតម្លៃប្រហែល ១២០ ០០០ ដុល្លា នៅលើទីផ្សារ។

លោក Russell J. Bash សេនានុព័ន្ធ​ប្រចាំ​ប្រទេស​ នៃ​សេនា​នុព័ន្ធ​ស៊ើប​អង្កេត​សន្តិ​សុខ​មាតុភូមិ​ នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ៖ “នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ ការ​លួច​ និង​ការ​ជួញ​ដូរ​នៃ​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​របស់​ប្រទេស​មួយ​ទៀត​ គឺ​ជា​កង្វល់​របស់​ពិភព​លោក​ ដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​គ្នា​ និង​ការ​យល់គ្នា​រវាង​ជាតិ​នីមួយៗ​”។​ ក្នុង​នាម​ជា​ទីភ្នាក់ងារ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​សហព័ន្ធ ដែល​ធ្វើការ​ក្នុង​ពិភពលោក​ ផ្នែក​ស៊ើប​អង្កេត​នៃ​ក្រសួង​សន្តិសុខ​មាតុ​ភូមិ​ គឺ​ជា​ស្ថាប័ន​ឈាន​មុខ​គេ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ទាក់ទង​នឹង​ការ​នាំចូល​ និង​ចែកចាយ​ដោយ​ខុស​ច្បាប់​នៃ​សម្បត្តិ​វប្បធម៌​ ហើយ​ករណី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ ក្នុង​ការ​ធ្វើ​ឲ្យ​ជន​ល្មើស​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ឧក្រិដ្ឋកម្ម​របស់ខ្លួន​ និង​ធ្វើ​ឲ្យ​មាន​ការ​ប្រគល់​មក​មាតុភូមិ​ដើម​វិញ​នូវ​បដិមា​របស់​ខ្មែរ” ។

ស្រប​តាមបញ្ញតិ​របស់​ខ្លួន​ រួម​ទាំង​អនុ​សញ្ញា​ស្តី​ពី​ច្បាប់​អនុវត្ត​លើ​សម្បត្តិ​វប្បធម៌​ រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​រឹត​ត្បិត​លើការ​នាំចូល​ ទៅក្នុង​​សហរដ្ឋ​អាមេរិក​នូវ​វត្ថុ​បុរាណ​មួយ​ចំនួន​ រាប់​ពីវត្ថុពីសម័យសំរឹទ្ធ (១៥០០ ឆ្នាំមុនគ.ស) រហូត​​ដល់​យុគ​សម័យ​ខ្មែរ​ (ឆ្នាំ១៦០០ ក្រោយ​គ.ស) ដែល​អាច​រួម​មាន​ប្រភេទ​ផ្សេងៗ ដូច​ជា​ថ្ម​ លោហធាតុ កុលាលភាជន៍ អង្កាំ និងឆ្អឹង ដែលត្រូវបានកំណត់អត្តសញ្ញាណដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក លុះ​ត្រាតែរដ្ឋាភិបាលកម្ពុជាចេញ​អាជ្ញាប័ណ្ណ​មួយ​ដែល​បញ្ជាក់​ថា​ ការ​នាំ​ចេញ​បែប​នេះ​មិន​រំលោភ​ទៅ​លើច្បាប់​របស់​ខ្លួន​ទេ៕

អត្ថបទ និងរូបភាព៖ ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំកម្ពុជា

អត្ថបទថ្មី
;