លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៥ ស្តីពីជំងឺកូវីដ១៩

  • 2020-04-10 01:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុងកិច្ច ប្រជុំនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៥ តាមរយៈប្រព័ន្ធវីដេអូ និងបានពិភាក្សា ផ្លាស់​ប្តូរយោបល់ ជាមួយរដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសសមាជិកអាស៊ាន លើវិធានការឆ្លើយតបរួមគ្នា ទៅនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរូណា ឆ្នាំ២០១៩ ហៅកាត់ថា កូវីដ១៩។ កិច្ចប្រជុំនេះ ធ្វើ​ឡើង​កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ក្នុងការជំរុញបន្ថែមទៀតនូវវិធានការរួមគ្នា ដើម្បីដោះស្រាយនឹងជម្ងឺកូវីដ១៩ និងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច និងសង្គមដែលបណ្តាលមកពីវីរុសនេះ ជាពិសេសផលប៉ះពាល់ទៅលើដំណើរការនៃការកសាងសហគមន៍អាស៊ាន តាមរយៈ ការលើកកម្ពស់ការសម្របសម្រួលគោលនយោបាយ ការចែករំលែកនូវ បទ​ពិ​សោធន៍ និងឧត្តម្មានុវត្តន៍ ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយដល់គ្នាទៅវិញទៅមករវាង​ប្រទេស​សមាជិកអាស៊ាន។

រដ្ឋមន្រ្តីការបរទេសអាស៊ាន បានឯកភាពបង្កើតមូលនិធិអាស៊ានសម្រាប់ការឆ្លើយតបនឹងជម្ងឺកូវីដ១៩ ក្នុងគោលបំណងដើម្បីគៀរគរធនធានហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាកង្វះខាតឧបករណ៍វេជ្ជសាស្រ្ត ផ្តល់​ការគាំទ្រដល់កិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថសម្រាប់ប្រឆំាងនឹងជម្ងឺកូវីដ១៩ និងប្រើ​ប្រាស់សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពបន្ទាន់នានាក្នុងពេលអនាគត។

រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការធានាឱ្យបាននូវសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងការបើកចំហរទីផ្សារ ព្រមទាំងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីកាត់បន្ថយនូវផលប៉ះ​ពាល់​លើ​សេដ្ឋកិច្ចតំបន់ និងសាកលលោក ព្រមទាំងស្តារឡើងវិញនូវទំនុកចិត្តរបស់អតិថិជន និងសហ​គមន៍ធុរកិច្ច និងដើម្បីរក្សាឱ្យបាននូវស្ថិរភាពសង្គម-វប្បធម៌។ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានទទួលស្គាល់នូវសារៈសំខាន់ នៃកិច្ចសហការប្រកបដោយភាព​ស្ថាបនា ជាមួយប្រទេសដៃគូខាងក្រៅ រួមទាំងដៃគូសន្ទនាអាស៊ាន និងស្ថាប័នអន្តរជាតិ ដើម្បីពង្រីកនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការប្រយុទ្ធប្រឆាំងជាសាកល ទៅនឹងជម្ងឺកូវីដ១៩។

នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនអង្គប្រជុំនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់វីរុសកូវីដ១៩ និងកាត់បន្ថយបញ្ហាប្រឈម ខាងផ្នែកសេដ្ឋកិច្ច និងសង្គម និងបានអះអាងសាជាថ្មីនូវការប្តេជ្ញាយ៉ាងមុតមាំដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសាកលប្រឆាំងនឹងជម្ងឺឆ្លងនេះ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្នើនូវអាទិភាពដែលអាស៊ានគួរផ្តោតជាសំខាន់ ដូចខាងក្រោម៖

  • ជំរុញការធ្វើកិច្ចសហប្រតិបត្តិការតំបន់ លើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតបដើម្បីកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់នានា ដែលបណ្តាលមកពីវីរុសកូវីដ១៩ តាមរយៈការលើកកម្ពស់ការសម្របសម្រួល គោលនយោបាយរវាងប្រទេសសមាជិកអាស៊ាន។

  • ធ្វើការរួមគ្នា ដើម្បីពង្រឹងសមត្ថភាព ក្នុងការដោះស្រាយជម្ងឺរាតត្បាតតាមរយៈការផ្លាស់ប្តូរជំនាញបច្ចេកទេស និងបទពិសោធន៍នានា ធ្វើការចែករំលែកឧត្តម្មានុវត្តន៍នៃវិធីសាស្រ្តព្យាបាល និងការធ្វើតេស្តស្វែងរករោគសញ្ញា និងការពិនិត្យលទ្ធភាពឱ្យមានគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា នូវឱសថ និងវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងជម្ងឺនេះ។

  • បន្តផ្តល់ជំនួយ និងការគាំទ្រចាំបាច់នានា ដល់ប្រជាពលរដ្ឋអាស៊ាន ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងប្រឈមមុខនឹងការលំបាក ដែលបណ្តាលមកពីការដាក់កម្រិតការធ្វើដំណើរ ការបិទរោងចក្រ និងព្រំដែនបណ្តោះអាសន្ន ព្រមទាំងប្រជាពលរដ្ឋអាស៊ាន ដែលពុំអាចស្វែងរកជំនួយ និងការគំាទ្រខាងផ្នែកកុងស៊ុល ពីបណ្តាស្ថានតំណាងនៃប្រទេសខ្លួន ប្រចាំនៅប្រទេសទី៣។

  • លើកកម្ពស់ការពិគ្រោះយោបល់ឱ្យកាន់តែជិតស្និទ្ធ ដើម្បីកាត់បន្ថយឱ្យបានជាអប្បបរិមានូវឧបសគ្គនានាចំពោះសង្វាក់នៃសកម្មភាពពាណិជ្ជកម្ម និងការផ្គត់ផ្គង់ទំនិញក្នុងតំបន់ តាមរយៈការបន្តបើកចំហរនូវទីផ្សារអាស៊ាន ដើម្បីធានាឱ្យបាននូវលំហូរនៃការផ្គត់ផ្គត់ទំនិញចាំបាច់នានា ជាពិសេសស្បៀងអាហារ និងសម្ភារៈវេជ្ជសាស្រ្ត។

  • ធ្វើការដោយជិតស្និទ្ធ និងទាន់ពេលវេលាជាមួយនឹងបណ្តាប្រទេសដៃគូសន្ទនាអាស៊ាន និងអង្គការអន្តរជាតិ ព្រមទាំងធនាគារអភិវឌ្ឍន៍ទាំងថ្នាក់តំបន់ និងពហុភាគី ដើម្បីដោះស្រាយនូវបញ្ហាប្រឈមមិនត្រឹមតែផ្នែកសុខាភិបាលសាធារណៈនេះ ក៏ដូចជាដើម្បីដាក់ចេញនូវវិធានការ ជាកញ្ចប់ហិរញ្ញវត្ថុ ដែលអាចប្រើប្រាស់បានភ្លាមៗ ប្រកបដោយភាពរឹងមាំ ច្បាស់លាស់ និងប្រសិទ្ធភាព ដើម្បីដោះស្រាយនូវផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម។

ក្រសួងបានបន្តថា កិច្ចប្រជុំ បានបញ្ចប់ដោយរដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ មានប្រសាសន៍បង្ហាញអំពីសាមគ្គីភាព ជាភាសាជាតិរៀងៗខ្លួន ដែលមានអត្ថន័យថា “យើងរួបរួមគ្នា ជាមួយនឹងប្រទេសសមាជិកអាស៊ានទាំងអសដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩”។ កិច្ចប្រជុំ សង្ឃឹមថាកិច្ច​ប្រជុំកំពូលអាស៊ានពិសេសស្តីពីជម្ងឺកូវីដ១៩ និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជម្ងឺកូវីដ១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ នឹងប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;