រដ្ឋសភា​ អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ «ការគ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិតក្នុង​ភាព​អាសន្ន»

  • 2020-04-10 03:16:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សេចក្តី​ព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិតក្នុង​ភាព​អាសន្ន ត្រួវបាន​រដ្ឋសភា​អនុម័ត ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​នៅព្រឹកថ្ងៃទី ១០ ខែ​មេសា ឆ្នាំ២០២០​នេះ ដោយ​សំឡេង​គាំទ្រ ១១៥ លើ ១១៥។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
បន្ទាប់ពី​រដ្ឋសភាពិភាក្សា​អនុម័ត​គាំទ្រ​លើ​សេចក្តីព្រាងច្បាប់ «ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិត ក្នុងភាព​អាសន្ន» រួច គឺរដ្ឋសភា​នឹង​បញ្ជូន​សេចក្តី​ព្រាងច្បាប់​នេះ ទៅឱ្យ​ស្ថាប័ន​ព្រឹទ្ធសភា​អនុម័ត។

សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាព​អាសន្ន ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់​ជូន​តាមរយៈ​លិខិត​លេខ២៩៧.លស.កបច ចុះ​ថ្ងៃទី៣ ខែ​មេសា ឆ្នាំ​២០២០ ដើម្បី​ស្នើសុំ​រដ្ឋសភា​ពិនិត្យ និងអនុម័ត​សេចក្តីព្រាងច្បាប់​នេះ។

យោងតាម​សេចក្តីព្រាងច្បាប់ «ស្តីពីកាគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»

ត្រង់មាត្រា១. គោលបំណងៈ ច្បាប់នេះកកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅពេលប្រជាជាតិប្រឈមនឹងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះ ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិតនិងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិនិងបរិស្ថាន។

មាត្រា២. វិសាលភាពៈ ច្បាប់នេះមានវិសាលភាពអនុវត្តនៅពេលដែលប្រទេសជាតិត្រូវបានដាក់ស្ថិតក្នុងស្ថានភាពអាសន្នស្របតាមមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា៣. បែបបទ និងនីតិវិធី នៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នៈ ៖ នៅពេលប្រទេសជាតិប្រឈមមុខគ្រោះថ្នាក់ ព្រះមមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។ ការប្រកាសដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន អាចធ្វើឡើងសម្រាប់ថេរវេលាមានកំណត់ ឬសម្រាប់ថេរវេលាមិនកំណត់។ការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នសម្រាប់ថេរវេលាមិនកំណត់ ត្រូវបញ្ចប់ដោយព្រអរាជក្រឹត្យនៅពេលសភាពការណ៍អនុញ្ញាត។

មាត្រា៤. លក្ខខណ្ឌ នៃការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលដែលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគម្រាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ "ស្តីពីកាគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន " មាន៥ជំពូក និងមាន ១២មាត្រា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;