ខ្លួន​នាគ​នៅ​លើ​ប្រាសាទ​ថៃ​នេះ បង្កើត​ឡើង​ក្នុង​គោលបំណង​ពិសេស​១

  • 2020-04-16 06:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​ក្នុង​ខេត្ត Nakhon Pathnom ប្រមាណ​៤០​គីឡូ​ម៉ែត្រ​ពី​ទីក្រុង​បាងកក ប្រាសាទ​វត្ត Samphran បាន​ក្លាយ​ជា​ទី​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​​​​​ជាតិ និង​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ថៃ។ បើ​ក្រឡេក​មើល​ប្រាសាទ​នេះ ច្បាស់​​​​​ណាស់​​អ្វី​ដែល​​ជា​ទី​ចាប់​អារម្មណ៍​ដំបូង​គេ​គឺ​​រចនាបថ​រូប​នាគ​ដែល​នៅ​ព័ទ្ធ​ជុំវិញ​ប៉ម​ប្រាសាទ។

ប្រាសាទ​ពណ៌​ផ្កាឈូក​បែប​សាសនា​ព្រះពុទ្ធ​នេះ មាន​​ចំនួន ១៧ជាន់ ស្មើ​នឹង​កម្ពស់ ៨០​ម៉ែត្រ។ អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ជឿ​ថា កម្ពស់​៨០​ម៉ែត្រ​នេះ​ធ្វើ​​ឡើង​ឲ្យ​ដូច​ទៅ​​​​​នឹង​ព្រះ​ជន្ម​របស់​ព្រះ​ពុទ្ធ​នៅ​ពេល​ទ្រង់​ចូល​បរិនិព្វាន។ ចំណែក​ឯ​​​​​​​​​​ខ្លួន​នាគ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ព័ទ្ធ​ជុំវិញ​ប្រាសាទ​តាំង​ពី​ក្រោម​ឡើង​ទៅ​ដល់​លើ​កំពូល ពោល​គឺ​កន្ទុយ​នៅ​ខាង​ក្រោម ​ឯ​ក្បាល​នាគ​នៅ​លើ​ដំបូល​ប្រាសាទ ក្នុង​ជំនឿ​​ជឿ​ថា​វា​នឹង​អាច​​ជួយ​ថែរក្សា​ប្រាសាទ​ទាំង​មូល ក៏​ដូចជា​​អ្នក​ចូល​​ទៅ​ទស្សនា។

មិន​ត្រឹម​តែ​ជា​រចនាបថ​លម្អ​ទាក់ទាញ​ភ្នែក​នោះ​ទេ រូប​នាគ​​នេះ​ក៏​ត្រូវ​​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពិសេស​១​ទៀត​ផង​ដែរ។ វា​ត្រូវ​បាន​ដាក់​បម្រើ​ការ​ជា​រូង​ផ្លូវ​សម្រាប់​ដើរ​ឡើង​ទៅ​លើ​កំពូល​ប្រាសាទ។ យ៉ាង​ណា​មិញ បច្ចុប្បន្ន​មាន​ការ​បិទ​ផ្នែក​ខ្លះ​នៃ​រូង​នេះ​ក៏​ព្រោះ​តែ​​ភាព​ទ្រុឌទ្រោម​មួយ​ចំនួន។

សូម​បញ្ជាក់​ថា ប្រាសាទ​វត្ត Samphran ​មាន​អាយុកាល​ជាង ៣០​ឆ្នាំ ហើយ​គោលបំណង​ដំបូង​ឡើយ​គឺ​​ទុក​​​​​​ជា​កន្លែង​សម្រាប់​ព្រះ​សង្ឃ​​សិក្សា​ព្រះ​ធម៌ និង​សមាធិ៕

ប្រភព៖ Mirror | Scmp ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;