រដ្ឋមន្រ្តី​កសិកម្ម​ក្នុង​រដ្ឋាភិបាលនិរទេសខុសច្បាប់ ធ្វើលិខិតសុំការសណ្តោសប្រណីពីសម្តេច ស ខេង

  • 2020-05-08 01:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក្នុង​រដ្ឋាភិបាល​និរទេស​ខុសច្បាប់​ និងជាអតីតអ្នកនាំពាក្យរណសិរ្សរំដោះជាតិខ្មែរ លោកធុយ វី បានធ្វើលិខិតសុំការសណ្តោសដប្រណីពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកលែងការចោទប្រកាន់។ លោកធុយ វី កំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធករណី រៀបចំផែនការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងលោកសម សេរី មេដឹកនាំរណសិរ្សរំដោះជាតិខ្មែរ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែត្រូវបានបរាជ័យ។

លោក ធុយ វី ត្រូវបានកម្លាំងប៉េអឹមចាប់ខ្លួនខណៈពេលដែលធ្វើដំណើរពីថៃចូលមកកម្ពុជា ដើម្បីរៀបចំផែនការវិលត្រឡប់របស់ឧក្រិដ្ឋជន សម រង្ស៊ី និងលោកសម សេរី មេដឹកនាំរណសិរ្សរំដោះជាតិខ្មែរ ។

លិខិតស្នើសុំការលើកលែងចោទប្រកាន់របស់លោកធុយ វី អតីតអ្នកនាំពាក្យរណសិរ្សរំដោះជាតិខ្មែរ បានធ្វើកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដាក់ជូនសម្តេចក្រឡាហោម ស ខេង តាមរយៈអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងប្រធានមណ្ឌលអប់រំកែប្រែទី១ ព្រៃស។

នាយករដ្ឋមន្ត្រី នៃ​រដ្ឋាភិបាល​និរទេស​លោក​សម សេរី រួមទាំង​បក្ខពួក​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ រួមគំនិត​ក្បត់ ពោលគឺ​បាន​កៀងគរ និង​បំផុស​ឲ្យ​មហាជន​ចូលរួម​ក្នុង​ផែន​ការធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល “​ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្សី​” ដោយ​អនុវត្តតាម​ការអំពាវនាវ​របស់​ឪ​ក្រិ​ដ្ឋ​ជន សមរង្ស៊ី និង​គូកន​។ ការសម្រេច​ចោទប្រកាន់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​។​

ការចោទប្រកាន់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ប៉េអឹម​ក្រុងភ្នំពេញ​ចាប់ខ្លួន​លោក​ធុ​យ វី អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​សាសនា នៃ​រដ្ឋាភិបាល​និរទេស​របស់លោក​សម សេរី កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​ដែល​ចាប់ខ្លួន​ឈ្មោះ ធុ​យ វី ហៅ ធុ​យ ឬ​ទ្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃទទឹង ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​។​

​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ឈ្មោះ ធុ​យ វី , ឈ្មោះ សម សេរី និង​បក្ខពួក ពីបទ រួមគំនិត​ក្បត់ តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការចោទប្រកាន់​ខាងលើ គឺពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ឈ្មោះ ធុ​យ វី , ឈ្មោះ សម សេរី និង​បក្ខពួក ដែល​បាន​កៀងគរ និង​បំផុស​ឲ្យ​មហាជន​ចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល​វ​“​ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្សី​” ដោយ​អនុវត្តតាម​ការអំពាវនាវ​របស់​ឩ​ក្រិ​ដ្ឋ​ជន សមរង្ស៊ី និង​គូកន​។ ក្នុង​ឆ្នាំ​២០១៩ Page ចំនួន​ពីរ​របស់​ឈ្មោះ ធុ​យ វី តែងតែ​ចុះផ្សាយ​ព័ត៌មាន​ដែលមាន​គោលដៅ កៀងគរ​ប្រមូលផ្ដុំ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ ដើម្បី​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ស្របច្បាប់​បច្ចុប្បន្ន​។ យ៉ាងណា​ម៉ិ​ញ Page ឈ្មោះ បណ្ឌិតសភា​ចក្រភព​ខ្មែរ​អង្គរ បានចេញ​លិខិត​អំពាវនាវ​មួយ ធ្វើ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ចុះ​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០១៥ មាន​អត្ថន័យ ញុះញង់​ប្រមូលផ្ដុំ កៀងគរ និង​ធ្វើ​ឲ្យ​មានការ​រើសអើង​ពូជសាសន៍​ថែម​ទៀតផង​។ ឈ្មោះ ធុ​យ វី បាន​បន្ថែមទៀតថា “​យើងខ្ញុំ​ទាំងអស់គ្នា នឹង​បន្តធ្វើ​ការងារ​បន្ថែមទៀត ដើម្បី​ប្រមូល​មូលនិធិ​រួមគ្នា​ជួយ​ក្នុងការ​ធ្វើដំណើរ​មាតុភូមិ​និ​វឌ្ឍន៍​របស់លោក​ប្រធាន សម រង្ស៊ី ត្រលប់​ចូលមក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ​។​

​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធ​នឹង​ការគាំទ្រ​ឬ​ចូលរួម​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​បញ្ជូនទៅ​តុលាការ​កាត់ទោស​តាមច្បាប់ ពីបទ “​រួមគំនិត​ក្បត់​” ដែល​អាចមាន​ទោស​ពី ០៥(​ប្រាំ​)​ឆ្នាំ ទៅ​២០(​ម្ភៃ​)​ឆ្នាំ តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ លើកលែងតែ​អ្នកពាក់ព័ន្ធ​ទាំងនោះ​ចូលមក​សារភាព​ទាន់ពេលវេលា ដែល​អាច​នឹងត្រូវ​លើកលែង​ឲ្យ​រួច​ពី​ទោស​តាម​បញ្ញត្តិ ពិសេស នៃ​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​។​ គួរ​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ធុ​យ វី បាន​ចាក​ចេញទៅ​ប្រទេស​ថៃ ដោយមាន​ការ​ផ្តូ​ច​ផ្តើម​ពី​ឈ្មោះ​សម សេរី ជា​មេ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ និង​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​និរទេស​ជាតិខ្មែរ​ខុសច្បាប់​។ ហើយ​ឈ្មោះ ធុ​យ វី ធ្លាប់​ត្រូវបានតែងតាំង​ជា​អ្នកនាំពាក្យ​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ និង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក្នុង​រដ្ឋាភិបាល​និរទេស​ខុសច្បាប់​របស់ សម សេរី ផងដែរ ។ នៅក្នុង​ឆ្នាំ​២០១៩ ឈ្មោះ ធុ​យ វី ត្រូវបាន សម សេរី តែងតាំង​ទៅជា​អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​សាសនា វិញ​។​

​ឈ្មោះ ធុ​យ វី បាន​បញ្ជាក់ថា រូបគេ​ពិតជា​បាន​ចូលរួម​ក្នុង​សកម្មភាព​រួមគំនិត​ក្បត់​ជាមួយ​ក្រុម​ឧទ្ទាម សម សេរី និង​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ពិតប្រាកដ​មែន ក្នុងនោះ​រូបគេ​បាន​ចូលរួម​ក្នុងការ​ប្រជុំ​ទទួល​ផែនការ​នានា​, រៀបចំ​ឯកសារ​និង​សៀវភៅ​ដែលមាន​ខ្លឹមសារ​ញុះញង់​បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម និង​បានធ្វើការ​ផ្សព្វផ្សាយ​ខ្លឹមសារ នយោបាយ និង ស្ថានភាព​នៅក្នុង​ស្រុក​ខ្មែរ ដោយ​ផ្តោតលើ ការរិះគន់​វាយប្រហារ​ដល់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន តាមរយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​នៅ​ប្រទេស​ថៃ ឈ្មោះ ធុ​យ វី និង​សកម្មជន​នៃ​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ចំនួន ៦៦​នាក់ រួម​និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​៥០០​នាក់ មាន​ទាំង​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​ខេត្ត​សមុទ្រ​ប្រា​កាន​ប្រទេស​ថៃ​បាន​ជួបជុំគ្នា​ដើម្បី​រៀបចំ​ផែនការ និង​ចាត់​តាំងធ្វើ​សក​មម្ម​ភាព ដោយ​រួមទាំង​ការប្រមូល​មូលនិធិ​រួមគ្នា​ជួយ​ដល់​ការធ្វើដំណើរ​វិល​ចូល​ស្រុក​របស់ សម រង្ស៊ី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ផែន​ការធ្វើ​រដ្ឋប្រហារ​។

​ឈ្មោះ ធុ​យ វី បាន​ឆ្លើយ​បន្ថែមថា ចំពោះ​គូកន​និង​បក្ខពួក​របស់ខ្លួន គឺ​នៅ​ប្រទេស​ថៃ​ទាំងអស់ មិន​មាននៅ​កម្ពុជា​នោះទេ ហើយ​រូបគេ​តែង​លួច​ចេញ​ចូលមក​ប្រទេស​កម្ពុជា តាម​ស្ថានភាព​ជាក់ស្តែង​ដែល​អាច​ចូល​បាន នៅពេល​ដែលមាន​កិច្ចការ​ត្រូវធ្វើ ដើម្បី​យកទៅ​រាយ​ការឱ្យ សម សេរី មុនពេល​បង្ហោះ​តាម​បណ្តាញ​សង្គម​។​

​គួរ​បញ្ជាក់ថា លោក ធុ​យ វី ជា​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក សម សេរី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ក្នុងពេល​ខ្លួន​កំពុង​ធ្វើ​សន្និសីទកាសែត ស្ដីពី​ជំហរ​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ​។ ហើយ​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​កាត់ទោស​អោយ​ជាប់ពន្ធនាគារ​មួយឆ្នាំ​កន្លះ និង​ចោទប្រកាន់ ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ លោក ធុ​យ វី ត្រូវបាន​តុលាការ​ដោះលែង​ចេញពី​ពន្ធនាគារ​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ការដោះលែង​រូបលោក​អោយមាន​សេរីភាព គឺ​បន្ទាប់ពី​លោក​បាន​អនុវត្ត​ទោស ១​ឆ្នាំ ៦​ខែ “​មួយឆ្នាំ​កន្លះ​”៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;