បើ​តាម​លោក ជីវ តាក្វាន់ ខ្មែរ​មាន​ទម្លាប់​ងូត​ទឹក​ដូចម្ដេច​នា​សម័យ​ចេនឡា?

  • 2020-05-18 07:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"ខ្លីៗ" សូម​លើក​​យក​ការ​រៀបរាប់​មួយ​ចំណុច​ "អំពី​ការ​ងូត​ទឹក" ដែល​អតីត​បេសកទូត​ចិន​លោក ជីវ តាក្វាន់ បាន​បរិយាយ​នៅ​ក្នុង​​សៀវភៅ​កំណត់​ហេតុ​​របស់​​លោក ពាក់ព័ន្ធ​នឹង​ទឹកដី និង​ប្រពៃណី​អ្នក​ស្រុក​ចេនឡា ដូច​ខាង​ក្រោម៖

"ប្រទេស​នេះ​ក្ដៅ​ខ្លាំង​ណាស់ ក្នុង​មួយ​ថ្ងៃ​បើ​មិន​ងូត​ទឹក​ច្រើន​លើក​ទេ គឺ​ច្បាស់​ជា​អត់​ទ្រាំ​មិន​បាន​ឡើយ ទោះ​បី​នៅ​ពេល​យប់​ក៏​ជៀស​មិន​រួច​ពី​ការ​ងូត​ទឹក​ម្ដង​ឬ​ពីរ​ដង​ដែរ។ គេ​គ្មាន​បន្ទប់​ទឹក ចាន​ដែក ឬ​ប៉ោត​ទេ។ ក្នុង​ផ្ទះ​មួយ​តោង​មាន​ស្រះ​មួយ បើ​ពុំ​នោះ​ទេ​គេ​ព្រួត​គ្នា​២-៣​ផ្ទះ​ទៅ​ងូត​ទឹក​ស្រះ​មួយ​ដោយ​លែង​ខ្លួន​ចោល ឥត​គិត​ពី​រឿង​ខ្មាស​គ្នា​ស្រី​ប្រុស​ទេ។ ប៉ុន្តែ​បើ​ឪពុក​ម្ដាយ​ចាស់​គាត់​ទៅ​ដល់​ស្រះ​មុន​ក្មេង​ស្រី​ប្រុស​មិន​ហ៊ាន​ទៅ​ជិត​ទេ តែ​ប្រសិន​បើ​ក្មេង​កំពុង​ងូត​ទឹក​ស្រះ​នោះ​មុន​វិញ ក៏​ចាស់​ទុំ​នាំ​គ្នា​គេច​ចេញ​ដែរ។ មនុស្ស​មាន​វ័យ​ស្របាល​គ្នា ឥត​គិត​អៀន​ខ្មាស​គ្នា​ឡើយ។ គេ​យក​តែ​ដៃ​ឆ្វេង​បិទ​បាំង​កេរ្តិ៍​ខ្មាស​របស់​ខ្លួន ហើយ​ដើរ​ចុះ​ក្នុង​ទឹក​ទៅ។ ជួន​កាល​ក្នុង​រយៈពេល​៣-៥​ថ្ងៃ ឬ​៤-៦​ថ្ងៃ​ម្ដង ពួក​ស្រី​ក្នុង​ទីក្រុង​មួយ​ក្រុម​មាន​គ្នា​៣-៤​នាក់​នាំ​គ្នា​ចេញ​ទៅ​មុជ​ទឹក​ទន្លេ​ខាង​ក្រៅ​កំពែង​ក្រុង។ នៅ​ពេល​ដែល​ទៅ​ដល់​កំពែង​នោះ គេ​ដោះ​សំពត់​ដែល​វ័ណ្ឌ​ខ្លួន​ចេញ​ដើរ​ចុះ​ទៅ​ក្នុង​ទឹក ហើយ​ទៅ​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទន្លេ​នោះ​រាប់​ពាន់​នាក់។ សូម្បី​តែ​ពួក​ស្រី​ដែល​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ក៏​ដូច្នោះ​ដែរ។ គេ​ឥត​មាន​ការ​អៀន​ខ្មាស​អ្វី​ទេ ចាប់​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​មើល​គ្នា​ឃើញ​ទាំង​អស់"។

លោក ជីវ តាក្វាន់ បាន​សរសេរ​បន្ត​ថា៖ "នៅ​មាត់​ទន្លេ​ក្រៅ​ទីក្រុង​នោះ រាល់​ថ្ងៃ​តែងតែ​មាន​ជនជាតិ​ចចិន​ទំនេរ ហើយ​លួច​នាំ​គ្នា​ទៅ​ចាំ​មើល​លេង​តាម​គំនិត​ខិល​ខូច ហើយ​ឮ​​ថា​គេ​លួច​ឆ្លៀត​ពេល​ចូល​ទៅ​ក្នុង​ទឹក​នោះ​ផង​ដែរ។ ទឹក​នោះ​នៅ​ក្ដៅ​ឧណ្ហ​ៗ​ជានិច្ច លុះ​ត្រា​ដល់​ពេល​យប់​យាម​បួន​ទើប​ត្រជាក់ លុះ​ព្រឹក ថ្ងៃ​រះ​ឡើង​ក៏​ក្ដៅ​ឧណ្ហៗ​ឡើង​វិញ​ទៀត"។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​១២៩៦ បេសកទូត​ជនជាតិ​ចិន​មួយ​រូប​​ឈ្មោះ ជីវ តាក្វាន់ (ZHOU DAGUAN: 1266-1346) បាន​មក​ធ្វើ​​ទស្សនកិច្ច​នៅ​រាជធានី​អង្គរ ហើយ​លោក​បាន​កត់​ត្រា​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​នោះ។ កំណត់​ត្រា​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា៖ "ប្រពៃណី​នៃ​អ្នក​ស្រុក​ចេនឡា" បាន​ក្លាយ​​ជា​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​យ៉ាង​សំខាន់​មួយ​សម្រាប់​កម្ពុជា។ ដោយ​យល់​ឃើញ​ពី​សារៈ​សំខាន់​របស់​ឯកសារ​នេះ​ទើប​នា​ឆ្នាំ​១៩៧៣ លោក លី ធាមតេង បាន​ព្យាយាម​បកប្រែ​ឯកសារ​នេះ​មក​ជា​ភាសា​ខ្មែរ ដើម្បី​ទុក​ជា​ឯកសារ​គោល​សំខាន់​មួយ សម្រាប់​ឲ្យ​ជនជាតិ​ខ្មែរ​យល់​ពី​កំណត់​ត្រា​របស់​ជនជាតិ​ចិន​រូប​នេះ៕

ដក​ស្រង់​ចេញ​ពី​ឯកសារ "លី ធាមតេង៖ កំណត់​ហេតុ​របស់​ជីវតាក្វាន់​អំពី​ប្រពៃណី​នៃ​អ្នក​ស្រុក​ចេនឡា ឆ្នាំ​១៩៧៣"

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;