កម្ពុជា-អាមេរិក ឯកភាព​ឱ្យមាន​ការ​ប្រើប្រាស់​អាកាសយាន​ប្រភេទ Boeing

  • 2020-05-19 01:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​ពិភាក្សា​រវាងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី​ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល ជាមួយ​លោក W Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២០ គឺបាន​លើកឡើង​​អំពី​ការសង់​អាកាសយានដ្ឋាន​អន្តរជាតិថ្មី ការ​ប្រើប្រាស់​អាកាសយាន​ប្រភេទ Boeing នៅកម្ពុជា និង​កិច្ចព្រមព្រៀង​ផ្លូវអាកាស​រវាង​ប្រទេសទាំងពីរ។

លោក ម៉ៅ ហាវណ្ណាល់ បាន​បញ្ជាក់​ថា ចំពោះ​ការ​សាងសង់​អាកាសយា​នដ្ឋានថ្មី​គឺដោយសារ៖

ទី១- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានលក្ខណៈតូចចង្អៀតនិងមានទីតាំងមិនអំណោយផល ពោលគឺនៅកៀកទីក្រុងពេក ហើយ​អាកាសយានដ្ឋាននេះ​ត្រូវបានវិនិយោគដោយក្រុមហ៊ុនកូនខ្មែរក្នុងស្រុក។

ទី២- អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ក៏មានលក្ខណៈតូចចង្អៀតដែរ ជាពិសេសស្ថិតនៅជិតអង្ករវត្ត ដែលមានការការពារពី UNESCO ហើយអាកាសយានដ្ឋាននេះវិនិយោគដោយក្រុមហ៊ុនយូណានមកពីប្រទេសចិន។

និងទី៣-ចំពោះអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុគឺកម្ពុជាទុកលទ្ធភាពជូនក្រុមហ៊ុន SCA/VINCI ធ្វើការវិនិយោគពង្រីកបន្ថែមកម្រិតថ្នាក់4E ហើយនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២។

ចំពោះការចង់ឲ្យមានការប្រើប្រាស់អាកាសយានប្រភេទ Boeing នៅកម្ពជា លោក​រដ្ឋមន្ត្រី សូមស្វាគមន៍ និងសូមឲ្យក្រុមហ៊ុន Boeing មកសហការនិងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់។ លោក​ផ្ទាល់ក៏ពេញចិត្តចំពោះការធ្វើដំណើរតាមយន្តហោះ ប្រភេទ Boeing ដែរជាពិសេស ប្រភេទយន្តហោះ B777 ដែលផ្តល់ផាសុខភាពក្នុងការធ្វើដំណើរ។

លោក​រដ្ឋមន្រ្តី​ក៏មិនជំទាស់ចំពោះសំណើគិតគូរពីអនុសញ្ញាខេបថោនដែរ (Cape Town Convention) តែឯកឧត្តមបណ្ឌិតក៏ស្នើឲ្យលោក ឯកអគ្គរដ្ឋទូត ផ្តល់អ្នកប្រឹក្សានិងជំនួយបច្ចេកទេសក្នុងដំណើរការនេះ។

ដោយឡែកចំពោះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសវិញ គឺរហូតមកទល់ពេលនេះកម្ពុជាបានចុះហត្ថលេខាទាំងទ្វេរភាគី និងពហុភាគីបានចំនួន៤៤ប្រទេសហើយ ក្នុងនោះជាមួយបណ្តាប្រទេសអាស៊ានមាន៦កិច្ចព្រមព្រៀងពហុភាគី។

ចំពោះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិច ភាគីកម្ពុជាបានជួបពិភាក្សាគ្នាតាំងពីឆ្នាំ២០១៤​មកម្លេះ ហើយមានចំនុចឯកភាពគ្នាច្រើន លើកលែងតែ ពាក្យនិយមន័យ ទឹកដី និងការស្នើសុំធ្វើសេវាកម្មផ្ទៃដីដោយភាគីអាមេរិចផ្ទាល់ខ្លួនឯង ចំនុចនេះលោកនឹងពិនិត្យពន្លឿន ហើយសេវាកម្មផ្ទៃដីគួរក្រុមហ៊ុនអាមេរិចមកធ្វើការពិភាក្សាផ្ទាល់ជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន BOT ហើយខាងអាកាសចរស៊ីវិលចាំតែជួយសម្របសម្រួលជូន។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតនឹងជំរុញឱ្យ៖

-ក្រុមហ៊ុនអាកាសចរអាមេរិកមកពិភាក្សាដោយផ្ទាល់ជាមួយក្រុមហុនវិនិយោគអាកាសយានដ្ឋានកម្ពុជាក្រោមកិច្ចសម្របសម្រួលពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវីល។

-នឹងរៀបចំអ្នកទំនាក់ទំនងមករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជំនួយបច្ចេកទេសសម្រាប់ការផ្តល់សច្ចាប័នអនុសញ្ញា Cape Town៕

អត្ថបទ និងរូបថត៖ រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល

អត្ថបទថ្មី
;