ឆ្ងល់អត់! ម៉េចបានជាគេយកពន្ធប្រថាប់ត្រា ពេលផ្ទេរកម្មសិទ្ធិដីធ្លី ឬយានយន្ត?
- 2020-05-27 07:47:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងល់អត់! ម៉េចបានជាគេយកពន្ធប្រថាប់ត្រា ពេលផ្ទេរកម្មសិទ្ធិដីធ្លី ឬយានយន្ត?
ចន្លោះមិនឃើញ
ពន្ធប្រថាប់ត្រា ត្រូវបានប្រមូលចំពោះ៖
ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន និងការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ
ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ
លិខិតមានលក្ខណៈគតិយុត្ត ជាអាទិ៍ លិខិតស្តីពីការបង្កើតក្រុមហ៊ុន លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។
ពន្ធប្រថាប់ត្រាត្រូវប្រមូលពី៖
អ្នកទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬមធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ
អ្នកទទួលសិទ្ធិកាន់កាប់ភាគហ៊ុន
អ្នកទទួលចុះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ
អ្នកទទួលសិទ្ធិលើលិខិតមានលក្ខណៈគតិយុត្ត។
អត្រាពន្ធ និងការកំណត់ពន្ធប្រថាប់ត្រា មានដូចខាងក្រោម៖
៤% នៃតម្លៃអចលនទ្រព្យចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យជាសំណង់ ឬ/និងដី ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។
៤% នៃតម្លៃមធ្យោបាយដឹកជញ្ជូន ឬយានយន្ត ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ។
០,១% នៃតម្លៃភាគហ៊ុន ចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុន ឬការរំលាយក្រុមហ៊ុនបញ្ចូលគ្នា។
០,១% នៃតម្លៃចុះកិច្ចសន្យាចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ។
១លានរៀល ចំពោះលិខិតមានលក្ខណៈគតិយុត្ត ៣ប្រភេទគឺ លិខិតស្តីពីការបង្កើតក្រុមហ៊ុន លិខិតស្តីពីការបិទក្រុមហ៊ុន និងលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា រួមទាំងលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នារបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រសាធារណៈ៕
ដកស្រង់ចេញពី៖ ប្រកាសលេខ ៥០៧ សហវ.ប្រក ស្តីពីការប្រមូលពន្ធប្រថាប់ត្រា ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧