មូលហេតុ​ទាំងនេះ​ហើយ​ដែល​ធនាគារជាតិ​ពិបាក​គ្រប់គ្រង​គុណភាព​លុយដុល្លារតូច​និងចាស់

  • 2020-05-29 01:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារជាតិ​នៃកម្ពុជា​បញ្ជាក់​ថា ចំពោះ​ក្រដាស​ប្រាក់ដុល្លារ​អាមេរិក​ប្រភេទតូច និងចាស់ ទក់ រហែក ធនាគារជាតិ​នៃកម្ពុជា មានការ​លំបាកក្នុងការ​គ្រប់គ្រងគុណភាព ដោយ​ហេតុថា ការដឹក​ចេញក្រដាសប្រាក់​ទាំងនេះ ត្រូវចំណាយពលកម្ម និងថវិកាខ្ពស់ ដែលខុសពី​ក្រដាសប្រាក់​រៀល​ដែលធនាគារជាតិនៃកម្ពុជា​អាចកាត់និង​កម្ទេចចោល ហើយ​ជំនួសដោយ​ក្រដាសប្រាក់​បោះពុម្ពថ្មី។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២០។

ធនាគារ​ជាតិ​បន្តថា ធនាគារ​ដៃគូក្រៅប្រទេស ដែលជួយ​សម្រួល​ទទួលយក​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទតូច មាន​ចំនួនតិចទៅៗ ហើយ​ធនាគារ​ទាំងនេះ​ក៏បាន​រឹតបន្តឹង​ការទទួលក្រដាសប្រាក់ដុល្លារ អាមេរិក​តូចៗ​ផងដែរ ទោះបី​ជាផ្តល់កម្រៃសេវាខ្ពស់ក៏ដោយ។ ការណ៍នេះ កាន់តែលំបាកបន្ថែមទៀតក្នុងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩ លើពិភពលោក ដែលបណ្តាល ឱ្យជើងហោះហើរចេញនិងមកកម្ពុជាមានតិចបំផុត។

ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាមានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះមានកម្រិតទាបក្នុងទីផ្សារ ធនាគារ​ជាតិបាន​ដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖

-ធនាគារជាតិនៃកម្ពុជានឹងផ្តល់ពេលវេលាចំនួន ៣ ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយក ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា

-បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ និង

-ធនាគារជាតិនៃកម្ពុជានឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕

អត្ថបទថ្មី
;