៤ខែដើមឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សបង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២៣០០ករណី

  • 2020-06-03 01:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃ ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា រយៈពេល ៤ ខែដើមឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធនធាន​ធម្មជាតិបានចំនួន ២ ៣៣៣ ករណីដែលភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយ ខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។ នេះបើតាមការឲ្យដឹងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០។

លោករដ្ឋលេខាធិការបានប្តថា ក្នុងចំណោមបទល្មើសធនធានធម្មជាតិទាំងនេះមាន ១៧៩​ករណីមានការពាក់ព័ន្ធនឹងមនុស្សជិត ២០០នាក់ត្រូវចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើ​ម្បីជំនុំជម្រះក្តីតាមនីតិវិធី និងបានធ្វើការផាកពិន័យអន្តរកាលបានចំនួន ៤០៣ ករណី និងធ្វើការ អប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្ត បទល្មើសបានចំនួន ៦១៣ ករណីពាក់ព័ន្ធនឹងមនុស្សចំនួន៦២៤ នាក់អនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

លោករដ្ឋលេខាធិការក៏បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែ មេសាឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានទាំង ១២៦០ នាក់បានចុះបេសកកម្មដើរល្បាត ចំនួន ៧ ០៧៨ លើកនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦០ កន្លែងដែល មានផ្ទៃដីសរុបប្រមាណ ៧,២ លាន​ហិកតា ហើយពេលខ្លះមានការចូលរួមដើរល្បាតពីសហគមន៍តំបន់ ការពារធម្មជាតិដែលបានទទួលស្គាល់ដោយក្រសួងបរិស្ថាន និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ៣៣៣ ករណី។

តាមការគូសបញ្ជាក់របស់លោករដ្ឋលេខាធិការ នៅក្នុងការចុះទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ៤ ខែនេះ មន្ត្រី ឧទ្យានុរក្សរួមនឹងសហគមន៍តំបន់ការពារធម្មជាតិដែលបាន រឹបអូសរណាយន្តបានចំនួន ៩៧០ គ្រឿង រថយន្ត រថយន្តកែច្នៃ ត្រាក់ទ័របានចំនួន ៥៣ គ្រឿង រឹបអូសម៉ូតូដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសបានចំនួន ១២៦ គ្រឿង ចាប់ឃាត់គោយន្តចំនួន ២០៣ គ្រឿងនិងដោះអន្ទាក់ដែលជាឃាតកលាក់មុខសម្លាប់សត្វព្រៃបានចំនួន ៨៩៥០ អន្ទាក់ ព្រមទាំងបាន ដកហូតកាំភ្លើង កាំភ្លើងកែច្នៃ ស្នាតេះដែលប្រើប្រាស់សម្រាប់បរបាញ់សត្វបានចំនួន ២៣៩ ដើម៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;