ឆ្កែឆ្មាមិននៅសុខៗទៅយកក្បាលខ្ទប់ជញ្ជាំងដោយគ្មានមូលហេតុឡើយ
- 2020-06-03 06:10:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្កែឆ្មាមិននៅសុខៗទៅយកក្បាលខ្ទប់ជញ្ជាំងដោយគ្មានមូលហេតុឡើយ
ចន្លោះមិនឃើញ
ជាទូទៅ សត្វចិញ្ចឹមដូចជាឆ្កែ ឬឆ្មា យូរៗម្ដងតែងមានការបញ្ចេញអាកប្បកិរិយាប្លែកៗខុសពីសព្វដង។ កាយវិការខុសប្លែកទាំងនេះអាចជារឿងធម្មតាមិនចោទជាបញ្ហានោះទេ តែខ្លះអាចជារោគសញ្ញានៃបញ្ហាសុខភាពរបស់ពួកវានៅក្នុងប្រការណាមួយ។ ជាឧទាហរណ៍ សត្វឆ្កែឬឆ្មាអាចយកក្បាលវាទៅទល់នឹងជញ្ជាំងឬឥដ្ឋ ដែលមើលទៅហាក់បីដូចជារឿងធម្មតាមិនគួរឲ្យចាប់អារម្មណ៍ តែបើតាមអ្នកជំនាញវិញ វាអាចជាអាការៈបញ្ជាក់បង្ហាញពីបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ។
មូលហេតុចម្បងៗចំនួន ៧ ដែលអាចឲ្យសត្វឆ្កែ ឬឆ្មា យកក្បាលវាទៅខ្ទប់នឹងជញ្ជាំង មានដូចខាងក្រោម៖
១. បញ្ហាខួរក្បាល
ចំណុចនេះបានន័យថាសត្វចិញ្ចឹមនោះទំនងជាមានការរលាកនៅក្នុងផ្នែកខួរក្បាល។ បញ្ហាសុខភាពនេះច្រើនតែកើតឡើងលើសត្វឆ្កែជាងសត្វឆ្មា។ ឆ្កែវ័យជំទង់ ឬកូនឆ្កែ មានទំនោរកើតមានបញ្ហាខួរក្បាលច្រើន ខណៈដែលឆ្កែចំណាស់ៗមិនសូវជាកើតមានឡើយ។ រោគសញ្ញានៃបញ្ហាខួរក្បាលសត្វចិញ្ចឹមនេះ មានដូចជា ប្រកាច់ វង្វេងស្មារតី អាកប្បកិរិយារាងប្លែកៗ ទ្រុឌទ្រោមកម្លាំង បាត់បង់តុល្យភាព និងកើតគ្រុនក្ដៅ ជាដើម។
២. បញ្ហាប្រព័ន្ធរំលាយអាហារ
វាអាចជាបញ្ហាតំណពូជ ដែលអាចវិវឌ្ឍទៅរកជំងឺទឹកនោមផ្អែម និងជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត។
៣. បញ្ហាឈឺក្បាល
បញ្ហាឈឺក្បាលរបស់ឆ្កែឆ្មា អាចបណ្ដាលមកពីការប៉ះទង្គិចក្បាលណាមួយ។ អាការៈឈឺក្បាលនេះបែងចែកជា ២ប្រភេទ។ ទី១គឺជាប្រភេទនៃការឈឺចាប់ និងរបួស ដែលកើតឡើងភ្លាមៗកំឡុងពេលប៉ះទង្គិច។ ឯប្រភេទទី២ វាកើតឡើងក្នុងរយៈពេលណាមួយ ក្រោយពេលប៉ះទង្គិច ដោយសារតែបញ្ហាឈាមកកនៅក្នុងក្បាល។
៤. បញ្ហាឈឺថ្លើម
ថ្លើមមានមុខងារកម្ចាត់ចោលនូវសារធាតុអាក្រក់ចេញពីឈាមនៅក្នុងរាងកាយ។ បើកាលណាសត្វចិញ្ចឹមកើតមានបញ្ហាថ្លើម នោះវានឹងក្លាយជារឿងធំសម្រាប់ពួកវា។ ចំពោះឆ្កែ ផលប៉ះពាល់នៃការខូចថ្លើមមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺរលាកថ្លើម និងជំងឺគូស៊ីង។ ដោយឡែកចំពោះឆ្មាវិញ មានដូចជា ជំងឺខ្លាញ់រុំថ្លើម ជំងឺរលាកស្រោមពោះ និងជំងឺមហារីកឈាម។
៥. បញ្ហាប្រព័ន្ធសរសៃប្រសាទ
បញ្ហានេះជាទូទៅបណ្ដាលមកពីការពុលចំណី កង្វះអាហារូបត្ថម្ភ និងកត្តាតំណពូជ។ វាអាចធ្វើឲ្យឆ្កែឆ្មាទៅជាខ្វិន គ្រុនញាក់ ឬប្រកាច់។ រោគសញ្ញានៃបញ្ហាប្រព័ន្ធសរសៃប្រសាទ មានដូចជា ពិបាកមើលឃើញ ពិបាកឈឺនោម ឬញាក់ភ្នែក។
៦. បញ្ហាដុះសាច់ក្នុងខួរក្បាល
វាច្រើនតែកើតមានចំពោះឆ្កែ ឬឆ្មា ដែលមានវ័យចំណាស់ៗ ហើយរោគសញ្ញាមានដូចជា ពិបាកដើរ មិនសូវសកម្ម និងពិបាកដកដង្ហើម ជាដើម។
៧. ពុលអាហារ
បញ្ហានេះអាចកើតឡើងព្រោះតែឆ្កែ ឬឆ្មាស៊ីចំណីខុស ឬច្រឡំស៊ីថ្នាំពេទ្យ ឬផលិតផលគីមីណាមួយចូលទៅក្នុងក្រពះ៕