មានដីធ្លី ផ្ទះ និងអគារបែបនេះ មិនចាំបាច់ទៅបង់ពន្ធទេ!
- 2020-06-09 07:15:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដីធ្លី ផ្ទះ និងអគារបែបនេះ មិនចាំបាច់ទៅបង់ពន្ធទេ!
ចន្លោះមិនឃើញ
អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ មានដូចខាងក្រោម៖
១. អចលនទ្រព្យដែលជាដីធ្លីកសិកម្ម។ ក្នុងករណីចំណែកណាមួយនៃដីធ្លីកសិកម្មត្រូវបានយកមកសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗដែលមិនបម្រើផ្ទាល់ និងជាអចិន្រ្តៃយ៍ដល់សកម្មភាពកសិកម្ម ចំណែកដីនោះមិនត្រូវបានលើកលែងពន្ធនេះទេ។
២. អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល។ ក្នុងករណីអចលនទ្រព្យដែលបានកត់ត្រាជាទ្រព្យសកម្មរបស់សហគ្រាសសាធារណៈ ឬក្រុមហ៊ុនចម្រុះរដ្ឋអចលនទ្រព្យនោះ មិនត្រូវបានលើកលែងពន្ធនេះទេ។
៣. អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយដែល៖
-ត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌
-គ្មានចំណែកណាមួយនៃអចលនទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន។
ការលើកលែងពន្ធនេះ មិនរាប់បញ្ចូលទេ ចំពោះ៖
-អចលនទ្រព្យដែលត្រូវបានជួល ឬផ្តល់ឱ្យបណ្តោះអាសន្ន សម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌
-អចលនទ្រព្យជាកម្មសិទ្ធិរបស់អង្គការសាសនា ឬអង្គការសប្បុរសធម៌ ដែលបានជួល ឬផ្តល់ជាបណ្តោះអាសន្នឱ្យទៅសហគមន៍ ឬបុគ្គលណាមួយ ដែលប្រើប្រាស់អចលនទ្រព្យនោះក្រៅពីគោលដៅសាសនា និងសប្បុរសធម៌។
៤. អចលនទ្រព្យជាកម្មសិទ្ធិរបស់៖
-បេសកកម្មការទូត ឬកុងស៊ុលបរទេស
-អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានាដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។
៥. អចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាត ឬផលិតអគ្គិសនី ព្រលានយន្តហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន រួមបញ្ចូលទាំងអគារ និងការិយាល័យ ដែលបម្រើផ្ទាល់ដល់សកម្មភាពនៃហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។
៦. ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសាងសង់លើដីធ្លីកសិកម្ម ដែលបម្រើផ្ទាល់ និងជាអចិន្រ្តៃយ៍ដល់សកម្មភាពកសិកម្ម។
៧. អចលនទ្រព្យដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរដោយករណីប្រធានសក្តិ ដែលជាបាតុភូត ឬជាព្រឹត្តិការណ៍កើតឡើងដោយមិនដឹងជាមុន មិនអាចប៉ាន់ស្មានជាមុនបាន និងមិនអាចជំនះបាន ដូចជា គ្រោះធម្មជាតិ (ទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី) សង្គ្រាម កុប្បកម្ម អគ្គិភ័យ ឬគ្រោះមហន្តរាយជាយថាហេតុ។
៨. ផ្ទះ អគារ និងសំណង់ដែលកំពុងត្រូវបានសាងសង់តិចជាង ៨០% និងមិនទាន់បានប្រើប្រាស់។
៩. អចលនទ្រព្យដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម។
ដកស្រង់ចេញពី៖ ប្រកាសស្តីពី ការប្រមូលពន្ធលើអចលនទ្រព្យ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០