រាជវាំង​បុរាណចិន "Forbidden City" គ្មាន​បង្គន់​ទេ ចុះ​គេ​បត់ជើងតូច​ធំ​ម៉េច​ទៅ?

  • 2020-07-09 01:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Forbidden City ឬ​ហៅ​ថា​ទីក្រុង​ហាមឃាត់ គឺ​ជា​រាជវាំង​បុរាណ​ចិន​ដ៏​ធំ​មួយ ដែល​ត្រូវ​បាន​កសាង​ឡើង​​ពី​ចន្លោះ​ឆ្នាំ​១៤០៦ ដល់​ឆ្នាំ​១៤២០ ស្ថិត​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន។ រាជវាំង​អាយុ​កាល​​ជាង​៦០០​ឆ្នាំ​នេះ ត្រូវ​បាន​កសាង​ឡើង​​នៅ​ក្នុង​​ជំនាន់​រាជវង្ស​ម៉េង ហើយ​​បន្ត​រហូត​​ដល់​ចប់​ជំនាន់​រាជវង្ស​ឆេង។ រាជវាំង​នេះ​​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ប្រមាណ ៧២​ហិកតា ហើយ​មាន​​បណ្ដុំ​អគារ​តូច​ធំ​សរុប ៩៨០​អគារ។ ទោះ​​​មាន​ទំហំ​ធំ​​បែប​នេះ​ក្ដី រឿង​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​ថា នៅ​ក្នុង​រាជវាំង "Forbidden City" ពុំ​មាន​បង្គន់​សម្រាប់​បន្ទោបង់​នោះ​ឡើយ។

បើ​គ្មាន​អ៊ីចឹង ចុះ​ពេល​ត្រូវ​បត់​ជើង គួរ​ធ្វើ​ដូចម្ដេច? នៅ​ក្នុង​រាជវាំង គេ​មាន​ប្រើ​ជា​បង្គន់​ចល័ត។ មិន​ថា​​ស្ដេច មន្ត្រី ឬ​អ្នក​បម្រើ​​គ្រប់​ជាន់​ថ្នាក់ គឺ​ប្រើ​បង្គន់​ចល័ត​ដូច​គ្នា។ ពេល​បត់​ជើង​តូច​ធំ​រួច នោះ​អាមាត្យ ឬ​ស្រី​បម្រើ នឹង​បាញ់​ទឹក​អប់ ឬ​ផេះ​ក្លិន​រុក្ខជាតិ ដើម្បី​កម្ចាត់​ក្លិន​អាក្រក់ រួច​​ចាក់​កាក​សំណល់​ទាំង​ឡាយ​ចូល​ទៅ​ក្នុង​រទេះ​ ហើយ​រុញ​ទៅ​ចាក់​ចោល​នៅ​ក្រៅ​ព្រះ​រាជវាំង​តាម​ច្រក​ផ្លូវ​ពិសេស​មួយ។

មូលហេតុ​អ្វី​បាន​​គេ​មិន​ធ្វើ​បង្គន់​នៅ​ក្នុង​វាំង? មនុស្ស​រស់នៅ​ក្នុង​រាជវាំង​មាន​ចំនួន​ច្រើន ហើយ​បើ​សង់​បង្គន់ ក៏​ត្រូវ​ការ​ចំនួន​ច្រើន​ណាស់​ដែរ។ មួយ​វិញ​ទៀត បើ​មាន​បង្គន់​ច្រើន នោះ​ក្លិន​ស្អុយ​​នឹង​សាយភាយ​ពេញ​វាំង ពិសេស​គឺ​ប៉ះពាល់​ដល់​ស្ដេច ហើយ​​ធ្វើ​ឲ្យ​អាប់​​ព្រះ​កិត្តិនាម​របស់​​ខ្សែ​រាជវង្ស។

យ៉ាង​ណា​មិញ លុះ​មក​ដល់​ជំនាន់​រាជវង្ស​ឈីង ស្ដេច​ឈាន​ឡុង​បាន​សម្រេច​ព្រះ​ទ័យ​​កសាង​បង្គន់​ចំនួន ៣ ដោយ​បង្គន់​២​សម្រាប់​ព្រះ​មាតា​ទ្រង់ និង​​បង្គន់​១​ទៀត​សម្រាប់​ទ្រង់​​ផ្ទាល់។

ចុះ​បច្ចុប្បន្ន មាន​ការ​កសាង​បង្គន់​ថ្មី​ថែម​ទៀត​អត់? ដោយសារ​តែ​ឥលូវ​រាជវាំង "Forbidden City" ជា​តំបន់​ទេសចរណ៍​ដ៏​លេចធ្លោ​ ហើយ​​មាន​ភ្ញៀវ​ទេសចរ​​ជា​ច្រើន​លាន​នាក់​ទៅ​ទស្សនា ដូច្នេះ​ហើយ​ការ​​កសាង​បង្គន់​ថ្មី​ត្រូវ​តែ​ជា​តម្រូវការ​ខ្វះ​មិន​បាន​​នោះ​ឡើយ។ បង្គន់​ទំនើប​ថ្មី​នៅ​ទី​នោះ​មាន​ចំនួន ១៤ ប្រើ​ប្រាស់​សម្រាប់​មនុស្ស​ប្រុស ស្រី និង​ជន​ពិការ៕

ប្រភព៖ Travel China Guide ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;