មើលម៉េចដឹងថា ផ្លូវនោះជាផ្លូវល្បឿនលឿន ហើយសង់ដើម្បីអ្វី?
- 2020-07-20 06:39:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលម៉េចដឹងថា ផ្លូវនោះជាផ្លូវល្បឿនលឿន ហើយសង់ដើម្បីអ្វី?
ចន្លោះមិនឃើញ
យោងតាមច្បាប់ស្តីផ្លូវថ្នល់ បានឱ្យដឹងថា ផ្លូវល្បឿនលឿនសំដៅដល់ផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នា ឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុតក្នុងករណីចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍អត់ឈប់ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឱ្យយានយន្តចេញ និងចូលផ្លូវល្បឿនលឿន។
ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជាព្រោះ ផ្លូវល្បឿនលឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុកជាមូលដ្ឋានសម្រាប់វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ផងដែរ។
បើតាមវិបសាយក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា គោលបំណងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាគឺដើម្បី៖
សមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោកទាំងមូល ៖ ជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។
បង្កើនតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជាមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ៖ បង្កើនសមត្ថភាពដឹកជញ្ជូននិងលើកកម្ពស់ប្រសិទ្ធភាពផ្នែកភស្តុភារនៅក្នុងប្រទេសពិសេស ពីភ្នំពេញទៅបណ្តាខេត្តនានា ដើម្បីធ្វើឲ្យនៅតាមខេត្តមានភាពរីកចម្រើនបានឆាប់រហ័ស។
ពង្រឹងនិងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជា៖ផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ក្នុងការទទួលបន្ទុកយានយន្តធ្ងន់ៗបម្រើសេវាកម្មបានល្អនិងអាចទាក់ទាញយានយន្តនានាដែលចរាចរតាមផ្លូវជាតិ កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនៅតាមផ្លូវជាតិទៀតផង។
សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាកំពុងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានចម្ងាយជាង ១៩០គីឡូម៉ែត្រ អនុវត្តដោយក្រុមហ៊ុនចិន ក្រោមទម្រង់ BOT។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏ទើបតែបង្កើតគណៈកម្មការមួយដើម្បីជំរុញការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតផងដែរ៕