កាក់មាសបុរាណដែលឆ្លាក់ឈ្មោះស្ដេចខ្មែរ១អង្គ ធ្លាប់ត្រូវគេដាក់លក់នៅផ្សារទូលទំពូង
- 2020-07-21 02:26:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាក់មាសបុរាណដែលឆ្លាក់ឈ្មោះស្ដេចខ្មែរ១អង្គ ធ្លាប់ត្រូវគេដាក់លក់នៅផ្សារទូលទំពូង
ចន្លោះមិនឃើញ
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ ធ្លាប់មានការប្រទះឃើញនូវកាក់ធ្វើពីមាសមួយប្រភេទដែលគេមិនធ្លាប់ស្គាល់ពីមុនមក ហើយលក្ខណៈកាក់នោះធ្វើឲ្យមានការសង្ស័យទាំងសារៈសំខាន់ ព្រមទាំងភាពសុទ្ធរបស់វា។ កាក់មាសនេះត្រូវគេដាក់លក់នៅតូបលក់វត្ថុបុរាណមួយកន្លែងស្ថិតក្នុងផ្សារទូលទំពូង រាជធានីភ្នំពេញ។ ក្រោយមក ធនាគារជាតិនៃកម្ពុជាក៏បានបង្កើតបេសកកម្មទិញយក ហើយស្រាវជ្រាវពីរបកគំហើញថ្មីនេះ។
បន្ទាប់ពីទិញបាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំដដែល គេសង្កេតឃើញថានៅលើកាក់មាសនោះមានចារឹកអក្សរម៉្យាង ដែលគេមិនធ្លាប់ឃើញពីមុនមក។ អក្សរនោះត្រូវបានអានដំបូងគេដោយលោកបណ្ឌិតផ្នែកបុរាណវិទូមួយរូបឈ្មោះ ជា សុជាតិ។ លោក ជា សុជាតិ បានឲ្យដឹងថា អក្សរនោះគឺជាព្រះនាមព្រះមហាក្សត្រមួយអង្គ នៅសម័យចេនឡា "ព្រះបាទ ឥសានវ័រ្មន" នាដើមសតវត្សទី៧ ក្រោយគ្រិស្តសករាជ និងពាក្យថា "ឥសានបុរី" (ជាឈ្មោះរាជធានីរបស់ព្រះបាទឥសានវ័រ្មន ក្នុងសម័យចេនឡា ឆ្លាក់ជាភាសាសំស្ក្រឹត សព្វថ្ងៃគឺនៅសម្បូរព្រៃគុក ក្នុងខេត្តកំពង់ធំ)។
កាក់នេះមានស្នាមប្រថាប់ត្រា និងស្នាមកាត់តម្រឹមជុំវិញយ៉ាងផ្ចិតផ្ចង់។ ទោះបីជាមិនខូចក្ដី ប៉ុន្តែពណ៌កាក់មាសនៅពេលដែលចាស់ទៅ បានប្រែក្លាយទៅជាក្រហម-ទឹកក្រូច មានរាងសឹកបន្តិច។ នៅផ្ទៃម្ខាង គេឃើញមានរូបគោ ឯផ្ទៃម្ខាងទៀតមានរូបចម្លាក់តួអង្គមួយរូប ដែលមានលក្ខណៈមិនពេញលេញនោះឡើយ។
ដោយមើលឃើញពីប្រយោជន៍យ៉ាងខ្លាំងចំពោះប្រវត្តិសាស្ត្រនៃអាណាចក្រខ្មែរ និងក្នុងគោលបំណងពង្រីកសមុច្ច័យនៅក្នុងអនាគត ធនាគារជាតិនៃកម្ពុជាបានបង្កើតឡើងនូវបេសកកម្មចំនួន ៣លើក ដើម្បីចុះទៅស្រាវជ្រាវអំពីរូបិយវត្ថុបុរាណមួយនេះ។ បេសកកម្មទី១ មានគោលបំណងចំនួន២៖ ទី១. ផ្ទៀងផ្ទាត់ទីតាំងពិតប្រាកដដែលគេបានរាយការណ៍ថា កាក់នោះគេយកមកពីអង្គរបុរី ចំពេលដែលសារព័ត៌មានបានផ្សាយអំពីការដែលអ្នកស្រុកសម្រុកទៅកាយដីក្នុងការដ្ឋានធ្វើផ្លូវមួយនៅភ្នំដា និងទី២. សាកល្បងបញ្ចៀសការបែកខ្ញែក ខ្ចាត់ខ្ចាយនូវវត្ថុបុរាណសំខាន់ៗនៃបេតិកភណ្ឌខ្មែរ។ ចំណែកគោលបំណងនៃបេសកកម្មទី២ និងទី៣ គឺបន្តស៊ើបសួរអ្នកស្រុក ប្រមែប្រមូលព័ត៌មានទាក់ទងនឹងការរកឃើញកំណប់រូបិយវត្ថុមុនសម័យអង្គរនៅតំបន់ កន្លះឡាន ព្រមទាំំងពិនិត្យស្រាវជ្រាវនៅតាមទីកន្លែងផ្សេងទៀតក្នុងក្រុងបុរាណ ដែលមិនបានចុះទៅពិនិត្យក្នុងបេសកកម្មលើកដំបូង៕
ឯកសារយោង៖ សៀវភៅ "កំណប់រូបិយវត្ថុអង្គរបុរី" របស់ធនាគារជាតិនៃកម្ពុជា