ក្រុមហ៊ុនមួយគ្រោង​បង្កើត​រោងចក្រដុតសំរាមនៅកម្ពុជា អាចផលិត​អគ្គិសនី ៧៥ម៉ឺន​គីឡូវាត់ម៉ោង

  • 2020-07-22 01:35:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន MIZUDA ដែលជាក្រុមហ៊ុនវិនិយោគរបស់សាធារណរដ្ឋប្រជាមានិតចិន លើប្រតិបត្តិការរក្សាបរិស្ថានដោយការសាងសង់រោងចក្រដុតសំរាម ដើម្បីផលិតនិងផ្គត់ផ្គង់ថាមពលអគ្គីសនីនៅខេត្តសៀមរាប បានបង្ហាញរបាយការណ៍ជូនឯកលោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តនិងអ្នកពាក់ព័ន្ធ និងមានការចូលរួពីលោក Zhang Xiaozhong ប្រធានការិយាល័យតំណាងខាងភាគីក្រុមហ៊ុន MIZUDA ប្រចាំនៅកម្ពុជានិងសហការី។

រោងចក្រដុតសំរាម ដើម្បីផលិតថាមពលអគ្គីសនី ដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន ( MIZUDA ) នឹងបានក្លាយជាឧបករណ៍រក្សាការពារបរិស្ថានដំបូងគេនៅកម្ពុជា សម្រាប់ការបង្កើតអរិយធម៌ទីក្រុងអនាម័យ ( សៀមរាប-អង្គរ ) នាពេលអនាគត ក្រោយពេលដែលគម្រោង​វិនិយោគនេះ ត្រូវបានសិក្សាប្រកបដោយជោគជ័យ។

សំរាមនៅក្នុងក្រុងសៀមរាបដែលមានជាប្រចាំថ្ងៃប្រមាណជាង ៤៨០តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ ក្នុង១ថ្ងៃ សំរាមក្នុងក្រុងសៀមរាប អាចមានដល់ជាង១០០០តោន។

តាមការបង្ហាញរបស់ក្រុមហ៊ុនខាងលើនេះ បានសិក្សាអស់រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់កាលពីមុនខែធ្នូឆ្នាំ២០១៩កន្លងទៅ។ រោងចក្រនេះដែរ ក្នុង១ឆ្នាំ រោងចក្រនេះ មានតម្រូវការសំរាមប្រមាណជា២១ម៉ឺនតោន និងអាចផលិតជាថាមពលអគ្គីសនីផ្គត់ផ្គង់បានប្រមាណជាង ៧៥ម៉ឺនគីឡូវ៉ាត់ម៉ោង ក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រហែល ១០ភាគរយ នៃតម្រូវការផ្គត់ផ្គង់ក្នុងក្រុងសៀមរាបបច្ចុប្បន្ន ។

កិច្ចប្រជុំនេះ បានទទួលស្គាល់អំពីបច្ចេកទេស និងការផ្តល់អត្ថប្រយោជន៍នៃប្រតិបត្តិការរបស់រោងចក្រដុតសំរាមមួយនេះ ដែលវាមានគុណភាពមិនបន្សល់នូវផលប៉ះពាល់បរិស្ថានក្រោយការផលិតថាមពលអគ្គីសនីនោះ។

លោក​អភិបាលខេត្តសៀមរាប ក៏បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ បើទោះជាសមត្ថភាពនៃការផលិតថាមពលអគ្គីសនីបានត្រឹមតែ១០%នៃត្រូវការយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងកិច្ចការពារបរិស្ថានបានមួយកម្រិតទៀត។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រមូលសម្រាម ការកំណត់តម្លៃលក់ថាមពល ការកំណត់ទីតាំងសាងសង់រោងចក្រនឹងត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត សម្រាប់ការបង្ហាញ ក្នុងកិច្ចប្រជុំលើកក្រោយ ស្តីពីវឌ្ឍនភាពនៃគម្រោងនេះ ដើម្បីជម្រុញល្បឿននៃកិច្ចដំណើរការ តាមតែលទ្ធភាពដែលអាចធ្វើទៅបាន ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

អត្ថបទថ្មី
;