WWF៖ ការងារ​ឧទ្យានុរក្ស​ ជាការងារ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត

  • 2020-07-31 08:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈពេលដែលពិភពលោកប្រារព្ធទិវាឧទ្យានុរក្សពិភពលោកនៅថ្ងៃទី៣១កក្កដា​នេះ អង្គការ WWF សូមកោតសរសើរ និងទទួលស្គាល់ចំពោះសមិទ្ធផលនិងការងារជាច្រើនដែលមន្រ្តីឧទ្យានុរក្សសម្រេចបាន ជាពិសេសឧទ្យានុរក្សទាំងអស់ដែលបាននិងកំពុងពុះពារនិងប្តេជ្ញាចិត្តដើម្បីបុព្វហេតុការពារធនធានធម្មជាតិនិងវប្បធម៌នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតនិងមេគង្គនៃប្រទេសកម្ពុជា។

អង្គការ WWF បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិសំខាន់ៗ និងផ្តល់ការកសាងសមត្ថភាពជំនាញសម្រាប់ការអនុវត្តច្បាប់ ព្រមទាំងផ្តល់នូវរាល់សម្ភារៈគ្រឿងបរិក្ខារ និងឧបករណ៍ចាំបាច់នានាជូនដល់មន្ត្រីឧទ្យានុរក្សនិងមន្រ្តីឆ្មាំទន្លេសរុបទាំងអស់ចំនួន ២៧១ នាក់ សម្រាប់បំពេញភារៈកិច្ចរបស់ខ្លួន កិច្ចការងារល្បាត និងការចុះត្រួតពិនិត្យជាប្រចាំនៅក្នុងតំបន់ការពារ។

លោក សេង ទៀក នាយកអង្គការ WWF បានមានប្រសាសន៍ថា៖“អង្គការ WWF សូមអរគុណដោយក្តីគោរពដល់ឧទ្យានុរក្សទាំងអស់ដែលបានពុះពារ ប្រឈមនឹងឧបសគ្គនិងហានិភ័យខ្ពស់គ្រប់យ៉ាងដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាប្រចាំថ្ងៃនៅសមរភូមិមុខនៃការអភិរក្ស។ យើងខ្ញុំសូមកោតសរសើរចំពោះការលះបង់និងប្តេជ្ញាចិត្តខ្ពស់របស់ឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សានិងការពារធនធានសត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើនិងទន្លេដែលមនុស្សយើងទាំងអស់គ្នាពឹងអាស្រ័យសម្រាប់ជីវិត” ។

រូបថត៖ ក្រសួងបរិស្ថាន
មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ ប៉ុន្តែត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗរួមមានដូចជាទឹកជំនន់ អគ្គីភ័យ ជំងឺឬសត្វដែលអាចបង្កគ្រោះថ្នាក់ ក៏ដូចជាត្រូវប្រឈមនឹងហានិភ័យនៃការក្លាយជាគោលដៅរបស់ជនល្មើសខណៈមន្រ្តីឧទ្យានុរក្សចុះអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់។

លោក James Peter Lourens ទីប្រឹក្សាបច្ចេកទេសសម្រាប់ការអនុវត្តច្បាប់នៃអង្គការ WWF បាននិយាយថា៖“តួនាទីជាឧទ្យានុរក្សគឺជាកាតព្វកិច្ចមួយដែលមិនងាយស្រួលនោះទេ ហើយឧទ្យានុរក្សជារឿយៗត្រូវបំពេញការងារក្នុងស្ថានភាពប្រឈមនិងគំរាមកំហែងដល់អាយុជីវិត” ។ “ប៉ុន្តែដោយសារតែចំណូលចិត្តនិងការស្រឡាញ់ធម្មជាតិ ឧទ្យានុរក្សទាំងអស់មាន និងបានបង្ហាញភាពតស៊ូ អត់ធ្មត់ ពុះពារការលំបាកនិងហានិភ័យគ្រប់យ៉ាងដើម្បីបំពេញភារៈកិច្ចថែរក្សានិងការពារសត្វព្រៃសំខាន់ៗព្រមទាំងទីជម្រកធម្មជាតិរបស់សត្វទាំងនេះឲ្យស្ថិតនៅគង់វង្ស”។

ដើម្បីជាការទទួលស្គាល់នូវការប្តេជ្ញាចិត្តខ្ពស់របស់មន្រ្តីឧទ្យានុរក្ស នៅឆ្នាំនេះអង្គការ WWF បានជ្រើសរើសក្នុងចំណោមមន្រ្តីឧទ្យានុរក្សឆ្នើមជាច្រើនរូបពីទូទាំងពិភពលោក ហើយបានប្រគល់ជូនដល់ លោក  ស៊ីនសត្ថា ដែលជាមន្រ្តីឧទ្យានុរក្សមួយរូបធ្វើការនៅដែនជម្រកសត្វព្រៃស្រែពកដែលគាំទ្រដោយអង្គការ WWF - នូវពានរង្វាន់ Dr Rimington សម្រាប់ការរួមចំណែកដ៏ពិសេសរបស់គាត់ក្នុងការអភិរក្សធនធានព្រៃឈើ ដែលផ្តល់ជាទីជម្រកដល់សត្វព្រៃដែលរងគ្រោះថ្នាក់ជិតផុតពូជជាច្រើនប្រភេទ ដូចជា៖ ដំរីអាស៊ី ខ្លារខិន ទន្សោង ខ្ទីង រមាំង និងឈ្លូសជាដើម។ ពានរង្វាន់កម្រិតអន្តរជាតិនេះក៏បានទទួលស្គាល់ផងដែរដល់សមិទ្ធិផលដែល លោក ស៊ីនសត្ថា សម្រេចបាន ដោយមានការប្រឈមនឹងហានិភ័យខ្ពស់ក្នុងការរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ដែលប្រជាជនសហគមន៍   មូលដ្ឋានពឹងអាស្រ័យសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសទិវាឧទ្យានុរក្សពិភពលោកនេះដែរ  WWF សូមគោរពដល់វីរៈភាពរបស់ឧទ្យានុរក្ស ចំនួន ៤ រូប ដែលបានពលីជីវិតខណៈពេលពួកគេបំពេញភារៈកិច្ច ក៏ដូចជាដល់ឧទ្យានុរក្សមួយចំនួនផ្សេងទៀតដែលបានរងរបួសក្នុងពេលបំពេញការងារ។ ក្នុងចំណោមឧទ្យានុរក្សពលីជីវិត ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ៖ មានឧទ្យានុរក្សមួយរូប បានបាត់បង់ជីវិតដោយការជួបគ្រោះថ្នាក់ដោយចៃដន្យខណៈពេលខ្លួនបំពេញការងារ និងឧទ្យានុរក្សចំនួន ៣ រូប ទៀតបានស្លាប់ដោយសារជំងឺក្នុងរយៈពេលបំពេញការងារ។

លោក សេង ទៀក បានមានប្រសាសន៍ថា៖ “យើងខ្ញុំសូមឆ្លៀតឱកាសទិវាឧទ្យានុរក្សពិភពលោកថ្ងៃនេះដើម្បីឧទ្ទិសដល់វិញ្ញាណខ័ណ្ឌនៃឧទ្យានុរក្ស ដែលបានពលីជីវិត ក្នុងបុព្វហេតុកាតព្វកិច្ចការពារធនធានធម្មជាតិ ហើយយើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសាររបស់ពួកគេទាំងអស់”៕

ប្រភព៖ អង្គការ WWF

អត្ថបទថ្មី
;