កសិដ្ឋាន​ចិញ្ចឹមគោ «គិរីសួគ៌» ប្រើ​បច្ចេកវិទ្យា​អ៊ីស្រាអែល និង​មានបំពាក់​សេនស័រ​លើ​គោនីមួយៗ​ទៀតផង

  • 2020-08-31 06:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២០ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចុះ​ពិនិត្យកសិដ្ឋាន​ចិញ្ចឹមគោទឹកដោះ​គិរីសួគ៌ (Kirisu Farm, Modern Dairy in Cambodia) ជា​របស់ក្រុមហ៊ុនក្នុងស្រុក Khmer Fresh Milk Co., Ltd មាន​ទីតាំងនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្ត​តាកែវ។

លោក គួច សុលី ជានាយកចាត់ការទូទៅ បានឲ្យដឹងថាគំនិតផ្តួចផ្តើមដំបូងនៃការវិនិយោគបង្កើតកសិដ្ឋាន ចិញ្ចឹមគោទឹកដោះគឺក្នុងខណ:ដែល​លោក​រដ្ឋមន្ត្រីបានអញ្ជើញទៅបំពេញបេសកកម្មជាផ្លូវការនៅប្រទេសអីស្រាអែលក្នុងខែសីហា ឆ្នាំ២០១៥។ ជំនួបពិភាក្សារវាងលោក វេង សាខុន ជាមួយ​រដ្ឋមន្រ្តីក្រសួងកសិកម្មអីស្រាអែល និងនាយក​គ្រប់គ្រង​នៃទីភ្នាក់ងារជំនួយអន្តរជាតិសម្រាប់ការអភិវឌ្ឍរបស់រដ្ឋាភិបាលអីស្រាអែលនៅពេលនោះបានរកឃើញកម្មវត្ថុសំខាន់មួយដែលមានសក្តានុពលគួរតែធ្វើការវិនិយោគនោះគឺ "ការបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ (Dairy Farm)"។

លោកបានបន្តទៀតថា ផ្តើមចេញពីលទ្ធផលនៃជំនួបពិភាក្សានេះ ក្រុមហ៊ុន Khmer Fresh Milk Co., Ltd បានចាប់ផ្តើមរៀបចំបែបបទទៅតាមនីតិវិធីរដ្ឋបាល​បច្ចេក​ទេស និងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា គឺបានចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេ ហ៊ុន សែន ឲ្យបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ លើផ្ទៃដី ៣០០ហិកតា និងចុងក្រោយទទួលការអនុម័តជាផ្លូវការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

លោកបានអះអាងថា នេះគឺជាកសិដ្ឋានចិញ្ចឹមគោទឹកដោះទំនើបទាន់សម័យ ធំជាងគេ និងដំបូងបង្អស់នៅកម្ពុជា ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអីស្រាអែលទាំងការចិញ្ចឹម ការដាំស្មៅជាចំណីលើផ្ទៃដី ២០០ហត រចនាសម្ព័ន្ធស្រោចស្រព (ប្រើប្រព័ន្ធបច្ចេកវិទ្យាកសិកម្មវៃឆ្លាត) ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គីសនី ផ្លូវ រោងចក្រកែច្នៃទឹកដោះ អគាររដ្ឋបាល អគារផលិតចំណី ឃ្លាំងចំណី កន្លែងថែរក្សា និងសម្លាប់មេរោគ (Pasteurized milk) និងស្រះស្តុកទឹក (២២ ០០០ម៉ឺនម៉ែត្រគូប)។ល។

បច្ចុប្បន្ន គោចំនួន ៥៦០ក្បាល ត្រូវបាននាំចូលក្នុងនោះគោចំនួន ៣០០ក្បាលចាប់ផ្តើមផ្តល់ទឹកដោះបាន ២០លីត្រ/ថ្ងៃ ជាមធ្យមកសិដ្ឋានផលិតទឹកដោះបាន ៦ ០០០ល/ថ្ងៃ។ នៅបំណាច់ឆ្នាំនេះ សង្ឃឹមថាគោទាំង ៥៦០ក្បាល នឹងផ្តល់ទឹកដោះបានគ្រប់ៗក្បាល ដល់ពេលនោះកសិដ្ឋានអាចផលិតទឹកដោះបានចំនួន ១០ ០០០ល/១ថ្ងៃ។ ចំពោះចំណី (ស្មៅ និងពោត) ដាំខ្លួនឯង ដោយឡែកសណ្តែកសៀង និងកាកស្រាបៀប្រមូលទិញក្នុងស្រុក។ ចំពោះសុខភាពសត្វ រាល់សត្វនីមួយៗត្រូវបានបំពាក់ដោយសេនស័រ(Sensor) និងលេខកូដនៅជើង ហើយភ្ជាប់ទៅប្រព័ន្ធត្រួត ពិនិត្យសុខភាព ក្នុងករណីគោណាមួយមានបញ្ហាសុខភាពវានឹងបង្ហាញប្រាប់ ជាបន្ទាន់គេនឹងចាត់ វិធានការត្រួតពិនិត្យតាមលក្ខណ:បច្ចេកទេសច្បាស់លាស់មួយបានទាន់ពេល និងមានប្រសិទ្ធភាព។

បច្ចុប្បន្ន កសិដ្ឋានមានមន្រ្តី បុគ្គលិក និងកម្មករក្នុងស្រុកចំនួន ៦០នាក់ និងមន្រ្តីជំនាញបច្ចេកទេសគ្រប់ផ្នែកចំនួន ៦នាក់ (អីស្រាអែល ៤ និងរុស្សី ២)។ នៅក្នុងខែវិច្ឆិកាខាងមុខសង្ឃឹម ថាគ្រប់ផ្នែកទាំងអស់ក្នុងកសិដ្ឋាននឹងចាប់ផ្តើមប្រតិបត្តិការពេញលេញ។

លោក​រដ្ឋមន្ត្រីបានសម្តែងនូវបីតិសោមនស្សដែលបានអញ្ជើញមកធ្វើទស្សនកិច្ចកសិដ្ឋាននាព្រឹកនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួង និងខ្លួនលោកផ្ទាល់ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន រហូតសម្រេចទទួលបានជោគជ័យនាថ្ងៃនេះ ហើយភាពជោគជ័យនេះមិនអាចកាត់ផ្តាច់បានពីការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានអនុម័តលើគម្រោងនេះ ហើយវាពិតជាមោទនភាពរបស់ប្រទេសយើង ដែលមានក្រុមហ៊ុនក្នុងស្រុកសហការជាមួយបរទេសដាក់ទុន ១៥លានដុល្លារវិនិយោគលើគម្រោងដ៏ធំមួយនេះ។

លោកបានរំលេចថា គម្រោងនេះពិតជានឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង់ ផលិតផលទឹកដោះគោស្រស់ និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុក។ មិនតែប៉ុណ្ណោះ គម្រោងនឹងជួយនាំយកបច្ចេកវិទ្យាទំនើប ទាន់សម័យ វៃឆ្លាត និងចុងក្រោយ មកប្រើក្នុងការចិញ្ចឹម និងផលិតទឹកដោះ ធានាគុណភាព និងសុវត្ថិភាព ឈានទៅធានាសុខភាពអ្នកបរិភោគ និងអាហារូបត្ថម្ភសម្រាប់កុមារ។ គម្រោងបានស្រូបយកកំលាំងពលកម្មក្នុងស្រុក និស្សិតបញ្ចប់ការសិក្សា ទទួលបានចំណេះដឹង និងបទពិសោធន៍ គម្រោងបានប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

គម្រោងនេះ ពិតជាបានបំពេញឲ្យខ្សែច្រវាក់ផលិតកម្មគ្រប់ជ្រុងជ្រោយ និងពេញលេញ (A to Z) ស្របតាមឆន្ទៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកិច្ចសហការជាមួយវិស័យឯកជន ដើម្បីលើកស្ទួយវិស័យកសិកម្ម តាមរយ:ការបន្តជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម (ការចិញ្ចឹមគោទឹកដោះ) ដែលនឹងជួយបង្កើនតម្លៃបន្ថែម រក្សានិរន្តរភាពនៃការផលិត ការផ្គត់ផ្គង់ និងកាត់បន្ថយការនាំចូលផលិតផលទឹកដោះ ធានាបាននូវអាហារូបត្ថម្ភសម្រាប់កុមារ។ ចំពោះ សំណើរទាក់ទងតម្លៃភ្លើង លោក​រដ្ឋមន្ត្រីសន្យាថានឹងរង់ចាំសហការទាំងក្នុងដែនសមត្ថកិច្ចរបស់ក្រសួង តាមដែលអាចធ្វើបាន ដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យតាមការគ្រោងទុក៕

ប្រភព៖ ក្រសួងកសិកម្ម

អត្ថបទថ្មី
;