នេះ​ជាយុទ្ធសាស្រ្ត​ដែល​ ជូគឺ លៀង ប្រថុយ​ជីវិត​បំផុត​ក្នុងពេល​ទប់ទល់​នឹង​ទ័ព ស៊ឺម៉ា អ៊ី (មានវីដេអូ)

  • 2020-09-01 03:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងអំឡុង​ពេលធ្វើសង្គ្រាមនឹង​គ្នាមួយ​រវាង​ទ័ព​នគរស៊ូហាន និង​នគរអ៊ួយ ក្នុងសម័យសាមកុក នាឆ្នាំ២២៨ ជូគឺ លៀង ដែល​ជាឧបរាជនគរស៊ូហាន បាន​ប្រើយុទ្ធសាស្រ្តក្រុងទទេ (Empty Fort Strategy) ដែល​ជាការប្រថុយគ្រោះថ្នាក់​ដល់​ជីវិត​បំផុត ពេល​ទប់ទល់នឹងទ័ព ស៊ឺម៉ា អ៊ី របស់​នគរអ៊ូយ។

ការប្រើយុទ្ធសាស្រ្តនេះ គឺនៅពេល​ទ័ពនគរស៊ូហាន បាន​បាត់​បង់​ច្រកជាធីង (Jieting) ដែល​ជាច្រក​ដឹកជញ្ជូន​ស្បៀង​ដ៏សំខាន់បំផុតរបស់នគរនេះ។ បន្ទាប់ពីបាត់បង់ច្រកជាធីង ជូគឺ លៀង ក៏បញ្ជា​ឱ្យ​ប្រញាប់​ដឹក​ស្បៀង​ចេញពីក្រុង Xicheng ប៉ុន្តែដោយសារ​ដំណើរ​របស់ទ័ព​ ស៊ឺម៉ា អ៊ី រាប់ម៉ឺន​នាក់ មក​លឿនពេក ហើយ​ក្នុងក្រុងនេះមានទ័ព​មិនដល់ ៥ពាន់នាក់ផងនោះ ជូគឺ លៀង ក៏បង្ខំចិត្តប្រើយុទ្ធសាស្រ្តក្រុងទទេ​នេះ​តែម្តង។

ជូគឺ លៀង បាន​បញ្ជា​ឱ្យដកទង់ចេញពីកំផែងក្រុងយកទៅលាក់ទាំងអស់ ហើយ​ហាមមិនឱ្យទ័ព​ធ្វើសកម្មភាពណាមួយឡើយ។ ជាមួយគ្នានេះ កងទ័ព​មួយចំនួន​ត្រូវតែងខ្លួនជាប្រជាជន​បោសសម្អាតបរិវេណ​ក្លោងទ្វារក្រុង។ ចំណែក​ឯ ជូគឺ លៀង ខ្លួនឯងវិញ ឡើងលើកំផែងក្រុង ហើយអង្គុយលេងពិន។

ពេល​ទ័ពនគរអ៊ួយ មកដល់​មុខ​ក្រុង Xicheng ស៊ឺម៉ា អ៊ី បាន​ឃើញ​ស្ថានភាពបែបនេះ ក៏សង្ស័យ​មិន​ហ៊ាន​វាយលុកចូលក្រុង ព្រោះខ្លាច​មានទ័ពបង្កប់។ ស៊ីម៉ា អ៊ី ដឹងច្បាស់ថា ជូគឺ លៀង ជាមនុស្ស​ដែល​មានល្បិចកលខ្ពស់ និង​ប្រយ័ត្នប្រយែង​បំផុត មិន​ប្រថុយនឹងជីវិតផ្តេសផ្តាសនោះទេ។ ស៊ឺម៉ា អ៊ី ស្តាប់ភ្លេងលេងពិនរបស់ ជូគឺ លៀង មួយសន្ទុះ​ ក៏សម្រេច​ដកទ័ពចេញទៅវិញ។

ត្រង់ចំណុចនេះ ក៏មានពាក្យចចាមអារ៉ាម​ដែរថា ស៊ឺម៉ា អ៊ី មិនវាយលុកចូលក្រុង គឺដោយសាររូបគេ​ចង់ទុកជីវិតឱ្យ ជូគឺ លៀង ដើម្បី​ឱ្យស្តេចនគរអ៊ួយ នៅបន្តប្រើប្រាស់​ខ្លួន។

ក្រោយ​ ស៊ឺម៉ា អ៊ី ដកទ័ពចេញទៅវិញ ជូគឺ លៀង បាន​ប្រាប់​ទៅមេទ័ព​មួយ​រូប​ទាំងក្តុកក្តួលថា «គាត់ (ស៊ឺម៉ា អ៊ី) ដឹងថាខ្ញុំជាមនុស្ស​ដែលប្រយ័ត្ន​ប្រយែងបំផុត​ដែល​ខ្ញុំនឹងមិនលែងជាមួយគ្រោះថ្នាក់បែបនេះទេ។ មើលទៅពួកគេ សង្ស័យថា​មានទ័ពបង្កប់​ក្នុងក្រុង ដូច្នេះ​ ស៊ឺម៉ា អ៊ី ក៏ដកទ័ពទៅវិញ។ ការពិត​ខ្ញុំមិនប្រថុយនឹងគ្រោះថ្នាក់នេះទេ ប៉ុន្តែពេលនេះ​យើងគ្មាន​ជំនួយឡើយ»៕

សូមទស្សនាវីដេអូខាងក្រោមនេះ​ដែលបង្ហាញពីយុទ្ធសាស្រ្តក្រុងទទេ របស់​ ជូគឺ លៀង ក្នុងខ្សែភាពយន្តរឿង «នគរបី»៖

អត្ថបទដកស្រង់ចេញពី៖ សៀវភៅប្រលោមលោក Romance of Three Kingdoms

អត្ថបទថ្មី
;