វ័ណ្ឌកនឹងបំណុលច្រើនពេក ឡាវប្រគល់ភាគហ៊ុនរដ្ឋដ៏ធំមួយនេះឲ្យចិន
- 2020-09-07 06:17:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ័ណ្ឌកនឹងបំណុលច្រើនពេក ឡាវប្រគល់ភាគហ៊ុនរដ្ឋដ៏ធំមួយនេះឲ្យចិន
ចន្លោះមិនឃើញ
ការគ្រប់គ្រងភាគហ៊ុនធំនៃបណ្ដាញអគ្គិសនីរដ្ឋរបស់ឡាវ នឹងត្រូវប្រគល់ឲ្យក្រុមហ៊ុនចិនកាន់កាប់ ព្រោះប្រទេសអាស៊ានមួយនេះកំពុងវ័ណ្ឌកជាមួយបំណុលសងគេមិនទាន់បាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
កិច្ចព្រមព្រៀងថ្មីនេះធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ រវាងក្រុមហ៊ុនរដ្ឋឡាវ Electricite du Laos (EdL) ជាមួយក្រុមហ៊ុនចិន China Southern Power Grid Co,។ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងឡាវ-ចិន ក៏មានអ្នករិះគន់មួយចំនួនផងដែរ ដែលបានចោទរដ្ឋាភិបាលក្រុងប៉េកាំងថាបានប្រើប្រាស់ "អន្ទាក់បំណុលបែបការទូត" ដើម្បីកេងចំណេញទៅលើបណ្ដាប្រទេសដែលមិនមានលទ្ធភាពសងបំណុលក្នុងកម្ចីពីមហាយក្សចិនសម្រាប់គំនិតផ្តួចផ្ដើមហេដ្ឋារចនាសម្ព័ន្ធ "ខ្សែក្រវាត់មួយនិងផ្លូវមួយ"។
ម្ចាស់បំណុលធំរបស់ឡាវគឺចិន។ កត្តានេះហើយនឹងជំរុញឲ្យចំណងរវាងប្រទេសដ៏តូចនៅអាស៊ាននេះនឹងខិតកាន់តែកៀកទៅនឹងប្រទេសចិនបន្ថែមមួយកម្រិតទៀត។
ក្រុមហ៊ុនអគ្គិសនីថ្មីរវាងឡាវនិងចិន មានឈ្មោះថា Electricite du Laos Transmission Company Limited (EDLT) ហើយថាមពលអគ្គិសនីដែលផលិតបាននឹងត្រូវបម្រើការនៅក្នុងគម្រោងអភិវឌ្ឍន៍ស្នូលរបស់ប្រទេសឡាវ។ EDLT នឹងដំណើរការក្រោមច្បាប់គ្រប់គ្រងនៃរដ្ឋាភិបាលឡាវ ប៉ុន្តែបច្ចេកទេសនឹងយកតាមក្រុមហ៊ុនចិន ដោយផ្អែកលើភាពរឹងមាំនៃហិរញ្ញវត្ថុ ក៏ដូចជាបទពិសោធន៍ចាស់ទុំនៃការសាងសង់ និងគ្រប់គ្រងបណ្ដាញអគ្គិសនី។
ចំពោះរឿងរ៉ាវថាហ៊ុនប៉ុន្មានត្រូវបែងចែកនោះ មិនត្រូវបានក្រុមហ៊ុន ឬរដ្ឋាភិបាលនៃប្រទេសទាំង២ បង្ហើបបង្ហាញឲ្យដឹងឡើយ។ យ៉ាងណាមិញ បើតាមស្ថានទូតចិនប្រចាំប្រទេសឡាវ បានរៀបរាប់ថា ឡាវនៅតែមានសិទ្ធិអាចទិញយកចំណែកហ៊ុនម្ដងបន្តិចៗបាននៅកំឡុងពេលដំណើរការគម្រោង។
សារព័ត៌មានរដ្ឋឡាវ Vietiane Times បានចុះផ្សាយថា ក្រោយកិច្ចព្រមព្រៀង នាពេលអនាគតក្រុមហ៊ុន EDLT នឹងវិនិយោគប្រមាណ ២ពាន់លានដុល្លារសម្រាប់បណ្ដាញអគ្គិសនីក្នុងស្រុក និងអន្តរជាតិ។
នាពេលកន្លងទៅ ឡាវបានចំណាយលុយយ៉ាងសម្បើមទៅលើគម្រោងវារីអគ្គិសនី ដែលភាគច្រើនមានចិនជាផ្ដល់កញ្ចប់ថវិកាឲ្យ ក្នុងគោលបំណងក្លាយខ្លួនជា "ធុងអាគុយនៃអាស៊ីអាគ្នេយ៍"។ ប៉ុន្តែគម្រោងទាំងនោះ បូករួមទាំងគម្រោងផ្លូវរថភ្លើងល្បឿនលឿនរបស់ចិន បានទាញទម្លាក់ប្រទេសឡាវទៅវិញឲ្យធ្លាក់នៅក្នុងរណ្ដៅបំណុលរើខ្លួនមិនរួច។
សូមបញ្ជាក់ថា ធនាគារពិភពលោក ធ្លាប់ប៉ាន់ស្មានកាលពីខែមិថុនាកន្លងទៅថា កម្រិតបំណុលឡាវនឹងកើនដល់ ៦៨% នៃផលិតផលក្នុងស្រុកសរុប នៅក្នុងឆ្នាំ២០២០នេះ ខណៈដែលឆ្នាំ២០១៩មុន មានត្រឹម ៥៩%៕