អ្នកជំនាញ ពន្យល់ពីភាពខុសគ្នានៃទិសរបស់ខ្លោងទា្វរប្រាសាទមួយចំនួន

  • 2020-09-15 02:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូន​តា​ខ្មែរ​បាន​កសាង​ប្រាសាទ​ខ្លះ​មាន​ខ្លោង​ទ្វារ​ចេញ​ចូល​៤ទិស ខ្លះ២ទិស និងខ្លះ១ទិស ដែល​ឱ្យ​មនុស្ស​ចេញ​ចូល​តាម​ទិស​ខាង​កើត​ឬខាង​លិច​ដែល​កំណត់​ថា​ជាខ្លោងទ្វារធំ ដោយ​យោង​ទៅ​លើ​ប្រាង្គ​សំខាន់​បែរមុខទៅទិសណា។ ដូចករណីនៅបាយ័ន្តនិងកំពែងក្រុងអង្គរធំ គឺមានខ្លោងទ្វារច្រើន ដែល​ខ្លះ​ចូល​ចំប្រាសាទ​ធំពី​ខាង​កើត តែ​មនុស្ស​ពុំសូវចេញចូល គេហៅថាខ្លោងទ្វារខ្មោចឬខ្លោងទ្វារខ្វាក់ ហើយ​ច្រក​ដែល​មនុស្ស​ចេញ​ចូល​ជាប្រចាំ គេហៅខ្លោងទ្វារជ័យ។ រីឯប្រាង្គប្រាសាទខ្លះមានទ្វារទាំង៤មែន តែ​បិទ​ជិត​ឈឹង​ឬ​ចំហ ហៅ​ថាទ្វារបញ្ឆោត ក៏មិនអនុញ្ញាតឱ្យចេញចូលដែរ ដោយសារមានកសិន្ធុជុំវិញ។ ការ​កសាង​ខ្លោង​ទ្វារ​និងកំពែងច្រើនដូច្នេះ គឺជាការរៀបចំតាមក្បួនកិច្ចពិធីផង សាសនាផង និង​ឋានានុក្រម​សង្គម​ផង​ដែលចាស់បុរាណប្រកាន់ខ្ជាប់បំផុត។

ប៉ុន្តែសព្វថ្ងៃ ទម្លាប់នៃការចេញចូលច្រកទ្វារខ្លះ ហាក់ប្រាសចាកពីបុរាណកាល ហើយ​ក៏​មាន​ភាព​សេរី ដោយ​មិនបានបែងចែកថាខ្លោងទ្វារនេះសម្រាប់ព្រះមហាក្សត្រ ខ្លោង​ទ្វារ​នោះ​សម្រាប់​រាស្ត្រ​សាមញ្ញ​ចេញ​ចូល​ឡើយ។ ជាក់ស្តែងនៅប្រាសាទអង្គរវត្ត មនុស្ស​មួយ​ចំនួន​និយម​ចេញ​ចូល​តាម​ច្រក​ខាងកើត ជំនួសឱ្យច្រកចេញចូលខាងលិចវិញ ដើម្បីទៅធ្វើបុណ្យនិងទៅទស្សនាប្រាសាទ ដែល​ពេល​ខ្លះបង្កភាពកកស្ទះនិងការប៉ះពាល់ដល់ប្រាង្គប្រាសាទផង។ តាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យាបង្ការ ឱ្យដឹងថា ច្រកចេញចូលសំខាន់នៃប្រាសាទអង្គរវត្ត គឺមានតែមួយគត់ គឺ​នៅខាងលិច ឯច្រក​ខាង​កើត​គ្រាន់​តែ​ធ្វើ​បណ្តោះ​អាសន្ន​សម្រាប់​កិច្ចការ​អភិរក្ស​ដើម្បី​យក​គ្រឿង​ចក្រ​ទៅ​ជួសជុលប្រាសាទខាងក្នុង ជាពិសេសថែវខាងត្បូងដែលបែកបាក់កាលសម័យបារាំង និង​សម័យ​ក្រោយៗ​មកទៀត ព្រម​ទាំង​ការ​ចេញ​ចូល​របស់​ព្រះ​សង្ឃ​ដែល​គង់​នៅ​វត្ត​អង្គរ​ខាងជើង​និង​ខាង​ត្បូង​ប៉ុណ្ណោះ។

បើនៅខាងកើតអង្គរវត្តមានច្រកចូលសំខាន់មែននោះ គឺច្បាស់ជាមានស្ពានហាល ផ្លូវចូលក្រាលថ្ម មាន​របងល្អដូចខាងលិចពុំខាន មិនមែនមានត្រឹមទំនប់ទឹកនោះទេ។ ជាក់ស្តែងកាលពីដើមឡើយ ទាំង​អ្នកអភិរក្ស ទាំងប្រជាជន ទាំងភ្ញៀវមកទស្សនា គឺចេញចូលតែខ្លោងទ្វារខាងលិចប៉ុណ្ណោះ។ សង្កត់ធ្ងន់លើការផ្លាស់ប្តូរទម្លាប់ចេញចូលប្រាសាទអង្គរវត្តនាបច្ចុប្បន្ន ដើម្​បី​ទៅ​ធ្វើ​បុណ្យ​ឬ​ទៅ​ទស្សនា​ដោយ​ចូលពីច្រកខាងកើតវិញ លោក សុខរិទ្ធី ថាមកពីការប្រញាប់ប្រញាល់ ពុំមាន​ការ​គោរព​សណ្តាប់​ធ្នាប់ល្អ ភាពទំយើររបស់មនុស្ស ចង់បានស្រួល ចង់បានលឿន ទៅ​ធ្វើ​បុណ្យ​ដើម្បី​បង្គ្រប់​តែ​កិច្ច ពុំទាន់មានទម្លាប់ល្អក្នុងការចូលប្រាសាទជាទីសក្ការៈ។ បើ​ប្រៀប​ធៀប​នឹង​បណ្តា​ប្រទេស​ជិត​ខាងដែលគេគោរពសាសនាព្រះពុទ្ធដូចយើងដែរ ឃើញថាគេមានទម្លាប់ល្អ មាន​ការ​គោរព​ទីសក្ការៈ មានសណ្តាប់​ធ្នាប់ ពេលគេចេញចូលទស្សនាប្រាសាទទៅគោរពបូជានិងធ្វើបុណ្យ។អាជ្ញាធរជាតិអប្សរាក៏កំពុងរៀបចំសណ្តាប់ធ្នាប់ បង្កើតជាទីលានចំណតនៅខាងលិច កន្លែងលក់ដូរ។ ដោយសង្ឃឹមថាសណ្តាប់ធ្នាប់ល្អនឹងត្រូវបានចូលរួមអនុវត្តជាបណ្តើរៗ។

លោក សុខរិទ្ធី បានលើកឡើងថា អង្គរវត្ត គឺជាអត្តសញ្ញាណជាតិ ប្រដិស្ឋនៅលើទង់ជាតិខ្មែរ ហើយដែលគ្មាននរណាអាចបង្អាប់ជាន់ឈ្លីបាន។ នេះ​ហើយ​ជាមូលហេតុ​ដែល​ខ្មែរ​យើង​គួរ​នាំ​គ្នា​ចូល​រួម​គោរពនិងលើកតម្កើង។ វាជាការល្អណាស់ បើ​មនុស្ស​ទូទៅ​ដើរ​ទៅ​ទស្សនា​ប្រាសាទ​ឬ​ទៅ​ធ្វើ​បុណ្យ​ដោយ​ឆ្លងច្រកខាងលិច កាត់តាមកសិន្ធុ ស្លៀកហូល ផាមួង អាវស អាវប៉ាក់ កាន់ចានស្រាក់ រែក​អង្រែ​កម្ហូបអាហារ មានផ្លែឈើ នំអន្សមទៅធ្វើបុណ្យនោះ វាសម​នឹង​ភាព​ផូរផង់​នៃ​វប្បធម៌​ខ្មែរ​តពី​បុរាណ​ដែល​មានតម្លៃដ៏ខ្ពង់ខ្ពស់។

វាដូចគ្នានឹងប្រទេសជិតខាងមានទ្បាវ ភូមា ថៃជាដើម ដែលពុទ្ធបរិស័ទជ្រះថ្លានឹងសាសនា គោរព​ប្រណិប័តន៍​ប្រពៃណី វត្តអារាម និងបុរាណដ្ឋានដែរ។ បើអាចមានដូច្នេះមែន រូប​ភាព​មនុស្ស​ចេញ​ចូល​អង្គរ​កាលពីសម័យមុនៗ ដែល​យើង​តែង​ចែក​រំលែក​គ្នា​តាម​បណ្តាញ​សង្គម​នោះ​នឹង​មាន​ពិត​មែន ហើយ​បន្តរស់រវើកដល់ឥទ្បូវ និងមិនមែនជារូបភាពគ្រាន់ជាអនុស្សាវរីយ៍ទៀតទ្បើយ។ នោះ​យើង​អាច​ការពាររក្សាបាននូវទេសភាពវប្បធម៌ ជួយដល់បរិស្ថាន បន្ថយផ្សែងពុល លើកតម្លៃ និង​ការ​អភិរក្ស​ប្រាង្គប្រាសាទផង តាមរយៈបន្ថយទម្ងន់សង្កត់ បន្ថយលំញ័រ ភាព​កក​ស្ទះ​នៃ​ចរាចរណ៍​នាំ​ប៉ះ​ពាល់​រចនាសម្ពន្ធប្រាសាទ។យើង​ក៏បាន​ជួយ​រក្សា​តម្លៃ​រតនវត្ថុ​ដែល​ដូន​តា​ខ្មែរ​បន្សល់​ទុកឱ្យ​និង​បន្ត​ទៅ​មនុស្សជំនាន់ក្រោយៗទៀត៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;