កញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើ ៦វិស័យ ចំនួន ៣៣មុខរបរ ត្រូវបានអនុម័ត
- 2020-09-22 07:05:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើ ៦វិស័យ ចំនួន ៣៣មុខរបរ ត្រូវបានអនុម័ត
ចន្លោះមិនឃើញ
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) បានផ្តល់យោបល់ ឯកភាព អនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល និងលិខិតបទដ្ឋានគតិយុត្តដែលបានអភិវឌ្ឍក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់គាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា(CQF) ឱ្យផ្សារភ្ជាប់ទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិយោងអាស៊ាន(AQRF) ក៏ដូចជាការគាំទ្រប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា(CBACS)។ គោលបំណង គឺដើម្បីលើកកម្ពស់និងជំរុញការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននេះ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសណ្ឋាគារភ្នំពេញ
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាលលើកទី១០នេះ គឺបានអនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើ ៦វិស័យ ចំនួន ៣៣មុខរបរ ចាប់ពីកម្រិត ១ ដល់កម្រិត ៥ នៃក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF)។ ក្នុងនោះរួមមាន៖ ១. វិស័យសំណង់មាន ៨មុខរបរ, ២. វិស័យមេកានិក (អនុវិស័យរថយន្ត) មាន ៧មុខរបរ, ៣. វិស័យអគ្គិសនី និងថាមពលមាន ៥មុខរបរ, ៤.វិស័យធុរកិច្ច និងព័ត៌មានវិទ្យាមាន ៤មុខរបរ, ៥. វិស័យកម្មន្តសាលមាន ៧មុខរបរ, ៦. វិស័យបរិក្ខារត្រជាក់ និងកំដៅមាន ២មុខរបរ និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលអ្នកវាយតម្លៃសមត្ថភាពកម្រិត១។
គួររំលឹកផងដែរថា កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាលលើកទី៩ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ បានអនុម័តលើគោលនយោបាយមួយចំនួន សម្រាប់អនុវត្តនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមមាន ប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា (Competency Based Assessment and Certification System, CBACS) គោលនយោយបាយស្តីពីការវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់គុណវុឌ្ឍិ (Policy on Assessment and Certification, PAC) គោលនយោបាយស្តីពីកម្មសិក្សា (Policy on Internship, PI) ដែលជាឯកសារសំខាន់ៗគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (Cambodian Qualification Framework, CQF) និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលមួយចំនួនទៀត៕
ប្រភព៖ ក្រសួងការងារ