ក្រសួង៤ និងUSAID ធ្វើយុទ្ធនាការការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា

  • 2020-09-22 10:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយទីភ្នាក់ងារជំនួយអាមេរិក USAID បើកយុទ្ធនាការបរិស្ថានដើម្បីអំពាវនាវឱ្យមានការផ្លាស់ប្តូរឥរិយាបថសង្គម ក្នុងការជួយការពារព្រៃឈើ និងសត្វព្រៃ នៅកម្ពុជា។

ព្រៃឡង់មើលពីលើ រូបថត៖ USAID Greening Prey Lang- ព្រៃឡង់បៃតង
“យុទ្ធនាការការពារព្រៃឡង់តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម” ដែលជាយុទ្ធនាការមួយក្នុងយុទ្ធនាការការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជាត្រូវបានប្រកាសបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះនៅទីស្តីការក្រសួងបរិស្ថាន ដែលមានការចូលរួមពីតំណាងក្រសួងទាំង៤ និងម្ចាស់ជំនួយ USAID។

បើតាមនាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំនៅកម្ពុជា លោកស្រី Veena Reddy ថ្លែងក្នុងពេលសម្ពោធថា “ ក្នុងអំឡុងពេលជាមួយទសវត្សរ៍ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក USAID បានធ្វើការគាំទ្រកម្មវីធីអភិរក្សបរិស្ថានជាច្រើននៅក្នុងប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះកម្មវិធីរបស់យើងផ្តោតទៅលើតំបន់ និងជីវចម្រុះសំខាន់ចំនួន២ គឺតំបន់ព្រៃឡង់ និងតំបន់វាលទំនាបភាគខាងកើត។ គម្រោងនេះមានគោលបំណងដើម្បីចូលរួមការពារប្រភេទសត្វដែលជិតផុតពូជ ការពារបរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ យុទ្ធនាការប្រកាសបើកថ្ងៃនេះវាជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សារធារណៈជនស្វែងយល់ពីសារៈសំខាន់របស់ព្រៃឈើ និងសត្វព្រៃ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាពផងដែរ” ។

លោកស្រី Veena Reddy នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ប្រចាំនៅកម្ពុជា ពេលថ្លែងក្នុងកម្មវិធីបើកយុទ្ធនាការ

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព លើកឡើងថា “យុទ្ធនាការនេះគឺជាយុទ្ធនាការផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពាក់ព័ន្ធទៅនឹងការការពារព្រៃឈើ សត្វព្រៃ តម្លៃ និងមុខងារនៃប្រព័ន្ធអេកូឡូស៊ី ជីវភាព ការរស់នៅអាស្រ័យផល ប្រពៃណី វប្បធម៌ របស់ប្រជាសហគមន៍នៅតំបន់ព្រៃឡង់ ”។ លោកបន្តថា “សម្រាប់ការងារគ្រប់គ្រង់ ការពារ និងអភិរក្ស គឺយើងបានរៀបចំស្នាក់ការ ស្នាក់ការរង និងមន្ត្រីឧទ្យានុរក្សឈរជើង ល្បាត និងការពារអភិរក្សនៅទីនោះដែលបានសហការជាមួយគម្រោង “ព្រៃឡង់បែតង” ធ្វើយ៉ាងណា ការពារ ទប់ស្កាត់ឲ្យបានពីការប្រើប្រាស់ធនធានទាំងនោះដោយខុសច្បាប់ និងគោរពការអាស្រ័យផលរបស់ប្រជាពលរដ្ឋប្រជាសហគមន៍”។

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីបើកយុទ្ធនាការ

លោកស្រី Veena Reddy បន្ថែមថា យុទ្ធនាការនេះបង្ហាញពីភាពជាដៃគូយូរអង្វែងរបស់យើងនៅក្នុងវិស័យបរិស្ថាននៅកម្ពុជា ក៏ដូចជាការបន្តការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិរក្សជីវៈចម្រុះដ៏មានសារៈសំខាន់របស់កម្ពុជា ហើយយុទ្ធនាការនេះនឹងជួយលើកទឹកចិត្តប្រជាជនកម្ពុជាកាន់តែច្រើនឲ្យចូលរួមការពារកេរ្តិ៍ដំណែលធម្មជាតិរបស់ខ្លួន។

ព្រៃ​ឡង់​មានវិសាលភាពគ្របដណ្តប់ខេត្ត៤ ខេត្តក្រចេះ​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ និង​កំពង់ធំ មាន​​ជម្រក​​ចំនួន​ប្រាំបីប្រភេទខុសៗ​គ្នា​ ព្រមជាមួយនឹង​សណ្ឋាន​ដី​ច្រើន​បែប​ និង​អម្បូរ​សត្វប្រមាណជា​ជាង​ ៤០០​ ប្រភេទ ដែល​ក្នុង​នោះ​ដែរ​ សត្វ​ និង​រុក្ខជាតិ​ដែលជិត​ផុត​ពូជ​មាន​ ​១៧​ ​ប្រ​ភេទ​។​​

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២ មក ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់អាមេរិក USAID បានផ្តល់ជំនួយប្រមាណជាង ១ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍដល់កម្ពុជាហើយ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;