អ្នកជួសជុលប្រាសាទភ្នំបាខែង មានមោទនភាពចំពោះការងារអភិរក្សប្រាង្គប្រាសាទ

  • 2020-09-25 04:15:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោមស្នាដៃជួសជុលដោយកូនខ្មែរ និងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិ​អប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំង​ពី​ឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់​បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក ឈឹម សុខា អ្នកជំនាញជួសជុលប្រាសាទបានចូលបម្រើការងារផ្នែកអភិរក្សតាំងឆ្នាំ២០០១ បាន​សម្តែង​ការពេញចិត្ត​ជាខ្លាំងចំពោះ​សមិទ្ធផល​ការងារ​ដែល​សម្រេច​បាន​ក្នុង​ការជួស​ជុល​ប្រាសាទ​ភ្នំបា​ខែងឱ្យរួចផុតពីគ្រោះថ្នាក់។

លោក ឈឹម សុខា បានបញ្ជាក់ថា «ខ្ញុំសប្បាយចិត្តណាស់ ដែល​បាន​ធ្វើការ​ជួសជុល​មរតក​ដូនតា​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ។ យើងខ្ញុំធ្វើការបម្រើអង្គរដោយស្មោះត្រង់ ដោយកម្លាំងញើសឈាម ធ្វើការទាំងក្តៅ​ទាំង ភ្លៀង ជួបការលំបាកជាច្រើន សូម្បីថ្មបាយក្រៀមក៏រុញឡើង ថ្មនៅតែដាប់ ធ្វើការបែកដៃបែកជើង ហូរ​ញើស​ជោកខ្លួនជាមួយបរទេសដើម្បីតែភាពរឹងមាំរបស់ប្រាសាទ។ លោកបន្ថែម​ថា ដូច្នេះ សូម​បង​ប្អូន​ជួយស្រឡាញ់វត្ថុបុរាណនិងបេតិកភណ្ឌរបស់យើងឡើងវិញ។ យើង​ខ្ញុំស្រឡាញ់​បេតិកភណ្ឌ​ដូនតាណាស់»។

លោកស្រី Ginevra Baotto ប្រធានគម្រោងមូលនិធិប្រាសាទពិភពលោកប្រចាំកម្ពុជាបានឱ្យដឹងថា WMF មានការិយាល័យនៅខេត្តសៀមរាបក្នុងឆ្នាំ១៩៩២ បានជួសជុលប្រាសាទព្រះខ័ន តាសោម អង្គរ​វត្ត និងបច្ចុប្បន្ននៅភ្នំបាខែង។ យើងជាអង្គការមិនរកប្រាក់ចំណេញ ដែល​ផ្តោត​លើ​ការ​អភិរក្ស​សមិទ្ធផល​ស្ថាបត្យកម្មពិភពលោក តាមរយៈ​ការ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​ដែល​នៅ​ជុំ​វិញ​បុរាណដ្ឋាន ដែលនឹងក្លាយជាអ្នក ជំនាន់ថ្មីបន្តថែរក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា ដោយ​ខ្លួន​ឯង​នា​អនាគត​ប្រកបដោយជំនាញវិជ្ជាជីវៈតាមស្តង់ដារ។

លោកស្រី Ginevra បន្តថា «ខ្ញុំរីក​រាយ​ដែល​បាន​ឃើញ​ការ​ខិតខំ​របស់​ពួក​គេ​នៅ​ក្នុង​រឿង​កិច្ច​ការ​អភិរក្ស តាមរយៈគំនិតផ្តួចផ្តើមនិងការប្រាស្រ័យទាក់ទងផ្សេងៗ។ លោកស្រីបន្ថែមថា ក្រុម​ការងារ​អន្តរជាតិ​ទាំង​អស់ដែលធ្វើការនៅតំបន់​អង្គរ​និង​អាជ្ញាធរជាតិអប្សរា​ក៏កំពុង​ធ្វើការ​ជាមួយ​គោល​ដៅ​រួម​គ្នា​ដើម្បី​ផ្តល់​ផលប្រយោជន៍ដល់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា តាមរយៈ​ការថែរក្សា​មរតក​របស់​ខ្លួន តាមរយៈការផ្តល់ជំនាញថ្មីៗ និងឱកាសការងារមានស្ថេរភាព ដើម្បី​រួម​ចំណែក​ដល់​ការ​រក្សា​សន្តិភាព ស្ថិរភាព ទំនុកចិត្ត និងការយល់ដឹងអំពីខ្លួនឯង នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់​ហែក​ហួរ​ដោយ​សង្គ្រាម៕

ប្រភព៖ អាជ្ញាធរជាតិ​អប្សរា

អត្ថបទថ្មី
;