ហូលពិតាន ឬព្រះបត់ អាចនឹងបាត់បង់ពីសង្គមខ្មែរ
- 2020-10-03 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហូលពិតាន ឬព្រះបត់ អាចនឹងបាត់បង់ពីសង្គមខ្មែរ
ចន្លោះមិនឃើញ
បើបើនិយាយពាក្យថា ហូលពិតាន ក្នុងពេលបច្ចុប្បន្នអាចថា មានមនុស្សភាគតិចណាស់ដែលស្គាល់ តែបើពាក្យថា ព្រះបត់ អាចមនុស្សមួយចំនួនធំ ពិសេសចាស់ៗអាចនឹងស្គាល់ច្រើនជាងក្មេងៗ។
«សិល្ប:តម្បាញហូលពិតាន ឬព្រះបត់ គឺជាសិល្ប:តម្បាញដែលមានលក្ខខណ្ឌខុសពីសិល្ប:តម្បាញហូលធម្មតា ពាក្យ “ពិតាន” នេះគឺសំដៅថាអ្វីដែលឋិតនៅលើ អ្វីដែលជាទីគោរព។ ហូលពិដាននេះភាគច្រើនគឺ អ្នកត្បាញយើងច្រើនត្បាញពីរឿងពុទ្ធប្រវត្តិ ឬជារឿងទេវកថាផ្សេងៗឧទ្ធឹសថ្វាយព្រះ ពិសេសក្នុងវិស័យពុទ្ធសាសនា ពិតាននេះមានប្រវត្តិជាមួយនឹងព្រះបត់ខ្មែរ។ ការត្បាញហូលពិដាន នេះគេត្បាញដើម្បីជំនួសការគូរព្រះបត់ គំនូរ ឬចម្លាក់ផ្សេងទាក់ទងនឹងពុទ្ធសាសនានៅក្នុងវត្ត» នេះជាការបញ្ជាក់ប្រាប់ពីលោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្មនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ថ្លែងក្នុងថ្ងៃសម្ពោធពិព័រណ៍សិល្ប:តម្បាញហូលពិតានខ្មែរនៅសារមន្ទីរខ្លែងកាលពីថ្ងៃ៣០ តុលា ឆ្នាំ២០២០។
សម្រាប់ធនធានអ្នកត្បាញហូលពិតាននេះបច្ចុប្បន្នមានតិចណាស់ បើគិតទៅ មានមិនដល់ ៥០នាក់នោះទេ សឹងតែបាត់បង់ ហើយពួកគាត់ភាគច្រើនជាចាស់ៗទៀត អីចឹងយើងមានហានិភ័យ បើពួកគាត់ឈប់ត្បាញទៅ គ្មានក្មេងៗបន្តជំនាញនេះ នោះវាអាចនឹងបាត់បង។
អ្នកនាង កែវ ដានិច អ្នកបន្តវេនរបស់គ្រួសារត្បាញហូលពិតាននៅស្រុកព្រៃកប្បាស ខេត្តតាកែវបានបញ្ជាក់ថា**“មានមនុស្សតិចណាស់ដែលស្គាល់ហូលពិតាននេះ មានអ្នកខ្លះសួរខ្ញុំថា ហូលនេះអាចយកមកកាត់ជាសម្លៀកបំពាក់បានអត់ទៀតផង។ សព្វថ្ងៃខ្ញុំលក់ហូលសម្រាប់កាត់សម្លៀកបំពាក់ និងហូលពិតានដែលជាស្នាដៃរបស់យាយរបស់ខ្ញុំដែលជាអ្នកបន្តវេនពីគ្រួសារត្រកូល “ជា” ៣-៤ តំណរមកហើយ។ សព្វថ្ងៃទីផ្សាររបស់ហូលពិតាននេះមានតិចណាស់ ក្នុងមួយខែមានការកម្មង់មានយ៉ាងច្រើន២ប៉ុណ្ណោះ បើតម្លៃក្នុង១ម៉ែត្រមានតម្លៃចាប់ពី ៦៥ដុល្លារ។ មូលហេតុមិនបោះបង់ការត្បាញហូលពិតាននេះគឺដោយសារនេះជាជំនាញដែលចេះតពីដូនតាមិនចង់ឲ្យបាត់បង់”**។
ម្ចាស់សិប្បកម្មតម្បាញហូល ហូលពិតាន ផាមួង និងក្រមា “កីខ្មែរ” លោក ផេង សុផល ទីផ្សារហូលពិតាននៅយើងសព្វថ្ងៃមានទីផ្សារតូចណាស់ អ្នកទិញភាគច្រើនគឺបរទេសពិសេស ជនជាតិជប៉ុន និងកាណាដា ហើយអ្នកដែលទិញភាគច្រើនគឺជាមនុស្សយល់ពីតម្លៃ និងស្រឡាញ់សិល្ប:។ ហូលពិតាន មាន២ប្រភេទ ១.ហូលពិដានលាបពណ៌គីមី មិនពណ៌ដិត ២.ហូលពិតានលាបពណ៌ធម្មជាតិ ធាតុផ្សំមាន(ល័ក្តខ្មែរ ត្រុំ ព្រហ៊ូត មក្លឿ)មានពណ៌ស្រាលជាងពណ៌គីមី ហើយតម្លៃវិញហូលពិតានពណ៌ធម្មជាតិមានតម្លៃថ្លៃជាង ទំហំ ៨០ គុណ ៨០(សង់ទីម៉ែត្រ)មានតម្លៃ ២០០ដុល្លារ ថ្លៃជាងពណ៌គីមី២ទៅ៣ដង។
«ធនធានតិច មិនសូវមានអ្នកបន្តវេន ទីផ្សារតូច តើតម្បាញហូលពិតានអាចនៅរក្សាឲ្យគង់វង្សឬទេ?»
ទាក់ទងនឹងបញ្ហាប្រឈមនឹងការបាត់បង់សិល្បតម្បាញហូលពិតាននេះម្ចាស់សារមន្ទីរវិមានសុខា និងជាអ្នកប្រមូល និងទិញវត្ថុសិល្ប:ចាស់ៗលោក លី ប៉េងហេង បានលើកឡើងថា ការដើរទិញ និងប្រមូល ឬដូរ យកហូលពិតាន ឬប្របត់ចាស់ៗតាមវត្ត និងផ្ទះនានានៅខ្មែរយើងគឺខ្ញុំឃើញមានប្រហែលជា៥ឆ្នាំមុន(២០១៥) អ្នកដែលទិញនោះមានជនជាតិខ្មែរខ្លះ និងភាគច្រើនជាជនបរទេសពិសេសជនជាតិបារាំង។ ជាក់ស្តែងលោកបានជួបផ្ទាល់ជាមួយជនជាតិបារាំងម្នាក់នៅម្តុំផ្សារថ្មីដើរប្រមូលទិញហូលពិដានចាស់ៗ ខ្លះមានដាក់ស៊ុមដែលមាននៅតាមផ្ទះនានានៅម្តុំនោះ ហើយអំឡុងជាឆ្នាំដដែលនោះក៏មានជនជាតិបរទេសដើរទិញព្រះបត់នៅផ្សារទួលទំពូងផងដែរ។
“ពេលនោះខ្ញុំស្តាយណាស់ដែលមិនបានប្រមូល និងទិញយកមកទុក បារាំងវាប្រមូលទិញទាំងអស់ពេលនោះ ហើយខ្មែរយើងទិញ ឬដូរ(ដោយយកព្រះបត់ព្រីនថ្មីដូរយកព្រះបត់ចាស់ ឬរហែកដែលមានអាយុច្រើនឆ្នាំនៅតាមវត្តនានា) បើកាលនោះខ្ញុំប្រមូលទិញនោះ កុំអីរបស់ទាំងនោះត្រូវយកមកដាក់តាំងនៅសារមន្ទីរវិមានសុខានៅខេត្តសៀមរាបបាត់ហើយ” លោក លី ប៉េងហេង បន្ថែម។
លោក ផេង សុផល លើកឡើងថា កាលពីមុនលោកធ្លាប់ឃើញមានជនជាតិបរទេសដើរប្រមូលទិញហូលពិតានចាស់ៗពីតាមវត្ត និងផ្ទះនានាដែរ។ សព្វថ្ងៃលោកក៏បានប្រមូលនិងទិញបានហូលពិដានទាំងនេះបានមួយចំនួនផងដែរ តែភាគច្រើនរបស់ទាំងនោះមានអាយុប្រហែលជា១០ ឬជាង១០ឆ្នាំតែប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហានេះលោក ឈឹម សុធី បញ្ជាក់ថា**“បាទគឺសម្បូរ ភាគច្រើនជនបរទេស និងខ្មែរមួយចំនួនយល់អំពីវត្ថុបុរាណ ឬរបស់ចាស់ៗហ្នឹង និយាយទៅឲ្យតែស្នាដៃមនុស្សដែលបានបង្កើតគឺគេឲ្យតម្លៃ គេជាវទុក។ សព្វថ្ងៃក្រសួងដែលមាននាយកដ្ឋានសូន្យរូបធ្វើការគឺថារបស់ថ្មីក៏បង្កើត របស់ចាស់ក៏ទុក តែមិនបានអភិរក្សឲ្យបានទូលំទូលាយរហូតដល់ថ្នាក់ដើរប្រមូលព្រះបត់ទូទាំងប្រទេសយកមករក្សាទុកនោះទេ តែបំណងគឺចង់បានរបស់របរចាស់ៗយកមកទុកឲ្យអស់ដើម្បីទុកជាឯកសារ។ សព្វថ្ងៃគេលែងគូរព្រះបត់ ដោយសារតែឥឡូវគេយកទៅព្រីន និងគូលើជញ្ជាំងថ្មផ្ទាល់តែម្តងអីចឹងព្រះបត់អាចនឹងប្រឈមការបាត់បង់”**។
លោកស្រី ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ថ្លែងក្នុងថ្ងៃបើកសម្ពោធពិព័រណ៍តម្បាញហូលពិតានខ្មែរនៅសារមន្ទីរខ្លែងកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ថា**“បច្ចុប្បន្ននេះយើងឃើញថាអ្នកត្បាញហូលពិតានភាគច្រើនជាមនុស្សចាស់ ដែលពួកគាត់កាន់តែវ័យជរាអាចប្រឈមនឹងការបាត់បង់ បើយើងពុំមានអ្នកស្នង អ្នកបន្តទេ វត្ថុសិល្ប:អរូបិយនេះងាយបាត់ណាស់ ប្រាសាទថ្មយើងអាចរក្សាទុកបានរាប់ពាន់ឆ្នាំ ប៉ុន្តែមនុស្សមិនអាចរស់បានរាប់ពាន់ឆ្នាំទេ ៧០-៨០ ឆ្នាំតែគាត់ស្លាប់ទៅគ្មាននរណាបន្តគឺបាត់តែម្តង”**។
រដ្ឋមន្រ្តីបន្តថា មានការចេះដឹងអរូបិយច្រើនណាស់ដែលយើងបាត់បង់ដោយសារតែ សង្គ្រាមផង កត្តាមនុស្សផង ជរាផង សុខភាពផង នេះជាការលំបាកក្នុងការថែរក្សា អីចឹងហើយយើងអំពាវនាវឲ្យយុវជនយើងទាំងអស់ងាកមកចាប់អារម្មណ៍ ងាកមកគាំទ្រសិល្ប:វប្បធម៌របស់យើង។
លោកស្រី ភឿង សក្ខណា បញ្ជាក់ថា តម្បាញហូលពិដានខ្មែរនេះក៏មានតាំងនៅសារមន្ទីរមួយនៅប្រទេសបារាំង របស់ទាំងនេះត្រូវបានបារាំងប្រមូលទៅកាលពីសម័យអណានិគម និងទសវត្សរ៍ទី៥០ និង៦០។
«ថាតើយើងអាចទាមទាយកហូលពិតានទាំងនោះយកមកកម្ពុជាវិញបានដែរ ឬទេ?»
រដ្ឋមន្រ្តីក្រសួងវប្បធម៌ឆ្លើយថា**«យើងត្រូវមើលដែរ តើសមុច្ច័យរបស់គេនៅប្រទេសបារាំងនោះគេយកទៅតាមវិធីណា បើតាមខ្ញុំមើលឃើញ ភាគច្រើនគឺពួកជនជាតិបារាំងគេប្រមូលសម័យអាណានិគម និងនៅទសវត្សរ៍ឆ្នាំ៥០-៦០ សម័យនោះមានលក់ហូលពិតានច្រើនគឺ គេទិញ យើងជាអ្នកលក់ ដូច្នេះយើងអត់អាចទារពីគេមកវិញបាននោះទេ។ ប៉ុន្តែបើសិនបើជាមនោសញ្ចេនាគេអាចផ្តល់មកយើងបាន។ ដូច្នេះយើងត្រូវមើលនិតិវិធី បើជារូបចម្លាក់ដែលស្រុកខ្មែរយើងគឺមិនឲ្យលក់ចេញទៅក្រៅទេអានឹងយើងដឹង ប៉ុន្តែយើងមិនបានហាមឃាត់ថាមិនឲ្យលក់ហូលពិតានទេ បើគេទិញតាមនិតិវិធីត្រឹមត្រូវយើងគ្មានសិទ្ធប្រមូល ឬប្តឹងនោះទេ»**។
រដ្ឋមន្ត្រីបញ្ជាក់ពីផែនការរបស់ក្រសួងក្នុងកិច្ចការអភិរក្សនោះគឺក្រសួងបានចងក្រង និងបកប្រែពីជាឯកសារទាក់ទងនឹងហូលពិតាន និងហូលធម្មតាមានខ្លះហើយ សម្រាប់វិធានការទៅមុខក្នុងការរៀបចំសារមន្ទីរនរវិទ្យាដែលនិយាយពីប្រពៃណី ទំនាក់ទំនង ការស្លៀកពាក់ ហូលពិតាន របស់ប្រើប្រាស់របស់ប្រជាជន គម្រោងគឺមានហើយ តែយើងកំពុងពិចារណាធ្វើយ៉ាងណាគម្រោងនេះកើតជារូបរាងបាន យើងត្រូវការពេលវេលាច្រើន ត្រូវការប្រមូលនៅសមុច្ច័យ និងប្រភពថវិកាមួយចំនួនដើម្បីបង្កើតសារមន្ទីរនេះ៕