មេដឹកនាំពិភពលោក​ណាខ្លះ ដែលបាន​សម្រក់ទឹកភ្នែក ពេលថ្លែងជាសាធារណៈ?

  • 2020-10-13 08:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាញសារព័ត៌មាន​នានា​មានការចាប់អារម្មណ៍​យ៉ាងខ្លាំងទៅលើមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានយំខ្សឹបខ្សួល ក្នុងពេលថ្លែង​អំឡុងប្រារព្ធខួប៧៥ឆ្នាំ​នៃការបង្កើត​បក្សពលករ​កូរ៉េ កាលពីថ្ងៃទី១០ តុលា ២០២០កន្លងទៅ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ការពិតទៅ មិនត្រឹមតែលោក គីម ជុងអ៊ុន នោះទេដែល​បានយំ​ក្នុងពេល​ថ្លែងជាសាធារណៈបែបនេះ ពោលគឺ​ក៏មានមេដឹកនាំពិភពលោកល្បីៗមួយចំនួនទៀតផងដែរ ដែល​បញ្ចេញអារម្មណ៍បែបនេះ។ សូមមើលខាងក្រោម៖

-ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro៖ ទឹកភ្នែករបស់លោកបានហូរចុះ ក្នុងពេលថ្លែងនៅពិធីមួយកាលពីខែធ្នូ ឆ្នាំ​២០១៩ ដោយ​លោក​បានរំលឹក​ពីការវាយប្រហារដោយកាំបិតមកលើរូបលោក ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ២០១៨។

-អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា៖ លោកបាន​យំ​ពេល​ឡើងថ្លែងនិយាយពីច្បាប់គ្រប់គ្រងកាំភ្លើង កាលពីខែមករា ឆ្នាំ​២០១៦ ក្រោយពេល​មានការបាញ់រះនៅសាលារៀនមួយកន្លែង​ដែលបណ្តាលឱ្យ​សិស្ស ២០នាក់បានស្លាប់។

-នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau៖ ចាប់តាំងពីចូលកាន់តំណែងតាំងពីឆ្នាំ២០១៥មក គេសង្កេតឃើញថា លោកបាន​សម្រក់ទឹកភ្នែក​ក្នុងពេលថ្លែងជាច្រើនលើក​ដូចជា នៅឆ្នាំ២០១៦ ពេល​លោកអំពាវនាវឱ្យមានការឯកភាពជាតិ ក្រោយ​ការបាញ់ប្រហារនៅក្រុងកេប៊ិច និងឆ្នាំ​២០១៧ នៅពេល​លោកថ្លែងអំពីការស្លាប់​របស់លោក Gord Downieដែលជាសិល្បករតំណាងជាតិ​កាណាដាជាដើម។

-ប្រធានាធីបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន៖ លោកមិនអាចទប់ទឹកភ្នែកជាប់ ពេល​ថ្លែងទៅកាន់អ្នកគាំទ្រកាលពីខែមីនា ឆ្នាំ​២០១២ ក្នុងក្រុងមូស្គូ ក្រោយពេល​ត្រូវបាន​ជាប់ឆ្នោតជាប្រធានាធិបតី។ យ៉ាងណាមិញ ក្រោយមកលោកបាន​បញ្ជាក់ថា ទឹកភ្នែក​ដែលស្រក់ចុះនោះ គឺដោយសារត្រូវខ្យល់ខ្លាំងតែប៉ុណ្ណោះ។

-អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Hamid Karzai៖ កាលពីខែកញ្ញា ឆ្នាំ២០១០ លោកបាន​សម្រក់ទឹកភ្នែក​ក្នុងពេល​ថ្លែង​តាមរយៈទូរទស្សន៍ជាតិ ដោយពេលនោះ​លោកបាន​អំពាវនាវ​ឱ្យ​ជនរួមជាតិរបស់លោក បញ្ឈប់អំពើហិង្សាក្នុងប្រទេស។

-អតីតប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva៖ លោកបាន​ស្រក់ទឹកភ្នែក ក្នុងសន្និសីទកាសែតមួយកាលពីខែតុលា ឆ្នាំ​២០០៩ បន្ទាប់ពី​ក្រុង Rio De Janeiro នៃប្រទេសប្រេស៊ីល បានឈ្នះក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ​កីឡាអូឡាំពិក ឆ្នាំ​២០១៦។

ក្រៅពី​នេះ ក៏មាន​មេដឹកនាំជាច្រើនរូបទៀតផងដែរ ដែលបាន​យំនៅទីសាធារណៈ​ ជាពិសេស​ក្នុងពេល​ចូលរួម​ពិធីបុណ្យសព​ណាមួយ​ជាដើម៕

ប្រភព៖ Sputnik News

អត្ថបទថ្មី
;