ខេត្តពីរ​ដែល​ទទួលបាន​ភ្ញៀវច្រើនជាងគេបំផុត ក្នុងអំឡុងថ្ងៃឈប់សម្រាកនេះ

  • 2020-11-01 01:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឱកាស​ថ្ងៃឈប់សម្រាក ២ថ្ងៃ នៃ​ព្រះរាជពិធី គ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ (២៩តុលា) និងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក (៣០តុលា) មានភ្ញៀវទេសចរចំនួន ២០៧ ០១២​នាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស។ ក្នុងនោះភ្ញៀវជាតិ ២០៣ ៦២៣នាក់ និងភ្ញៀវបរទេសចំនួន ៣៣៨៩នាក់។

ខេត្តដែល​ទទួលបាន​ភ្ញៀវច្រើនជាងគេគឺសៀមរាប ចំនួន ៥៨ ៧៩៧នាក់ និងទី២ គឺខេត្តកំពត ២០ ៧៧២នាក់ ហើយទី៣ បានទៅលើខេត្តព្រះសីហនុ មានភ្ញៀវចំនួន ១៨ ៩២០នាក់។ សូមមើលតារាងបន្ថែមខាងក្រោម៖

ក្រសួងបន្តថា ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយម ដោយបានទាក់ទាញភ្ញៀវទេសចរបាន ប្រមាណ២៨,៤០% នៃភ្ញៀវសរុបដែលភាគច្រើន បានទៅទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានា ក្នុងខេត្តដូចជា តំបន់ប្រាសាទអង្គរវត្ត ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាជាដើម។

ក្រសួងបានកត់សម្គាល់ថា ដោយពុំមានការប្រារព្ធពិធីអុំទូកផ្លូវការ នៅរាជធានីភ្នំពេញ ហើយតាមបណ្តាខេត្ត ក៏មិនមានការរៀបចំពិធីបុណ្យអុំទូកដូចរាល់ឆ្នាំ និងអាស្រ័យដោយបញ្ហាទឹកជំនន់ ចំនួនភ្ញៀវទេសចរផ្ទែក្នុង មានការថយចុះធៀបឆ្នាំមុន។ បញ្ហាទឹកជំនន់ ក៏បានធ្វើឲ្យការដើរកម្សាន្ត ទៅគោលដៅទេសចរណ៍ មួយចំនួន មានការលំបាក ដូចនៅតំបន់ពាយព្យ (រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់) ទទួលបានភ្ញៀវត្រឹមប្រមាណ១៣ ៣៧៤នាក់ ស្មើតែប្រមាណ៦,៤៦% នៃភ្ញៀវសរុប ខណៈដែលតំបន់ឆ្នេរសមុទ្រដែលធ្លាប់មានភ្ញៀវទៅកម្សាន្តច្រើន ក៏ទទួលភ្ញៀវបានត្រឹមតែប្រមាណ៥៣ ១៦៧នាក់ ស្មើនឹងប្រមាណ ២៥,៦៣% នៃភ្ញៀវសរុប៕

អត្ថបទថ្មី
;