ជប៉ុន ឲ្យ កម្ពុជា ជាង ២០០លានដុល្លារដើម្បីពង្រឹងផ្នែកសន្តិសុខ និងវិបត្តិកូវីដ

  • 2020-11-07 09:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជប៉ុន សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានប្រមាណជា ២២៩,៧លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងផ្នែកសន្តិសុខ និងផលប៉ះពាល់វិបត្តិកូវីដ១៩នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៦ វិច្ឆិកាឆ្នាំ២០២០ របស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងសហ ប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣០០លានយ៉េនប្រមាណ ២,៧ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន ២៥ ប៊ីលានយ៉េនប្រមាណ ២២៧ លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលនេះបញ្ជាក់ថា៖

១. ហិរញ្ញប្បទានឥតសំណងសម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម​ តាមរយៈហិរញ្ញប្បទានឥតសំណងសម្រាប់ “កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម” រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ៣០០លានយ៉េន (ប្រមាណ ២,៧ លានដុល្លារអាមេរិក) ដល់អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីទិញសម្ភារៈ។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់អង្គភាពខាងលើ តាមរយៈការផ្តល់សម្ភារៈរួមមានយានយន្តសម្រាប់ការពារសន្តិសុខដើម្បីទុកការពារគណៈប្រតិភូ និងម៉ាស៊ីនត្រួតពិនិត្យកាំរស្មីអ៊ិចសម្រាប់ប្រើប្រាស់នៅតាមព្រំដែនគោក។ សម្ភារៈទាំងនេះ នឹងជួយឲ្យព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ដូចជាសន្និសិទអន្ដរជាតិនាពេលខាងមុខប្រារព្ធធ្វើឡើងប្រកបដោយសុវត្ថិភាព និងដំណើរការទៅយ៉ាងរលូន។

២. ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន២៥ ប៊ីលានយ៉េន( ប្រមាណ ២២៧ លានដុល្លារអាមេរិក) ដល់កម្ពុជាដែលកំពុងរងផលប៉ះពាល់ដោយការរីករាលដាលជាសកលនៃវីរុសកូវីដ១៩​។ តាមរយៈ សហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ឥណទាននេះនឹងជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ រក្សាលំនឹង និងភាពសកម្មនៃសកម្មភាពសេដ្ឋកិច្ចនិងសង្គម និងការពារកិច្ចគាំពារសង្គម។ ឥណទាននេះគឺបន្ថែមពីលើហិរញ្ញប្បទានឥតសំណង៥ ប៊ីលានយ៉េន(ប្រមាណ ៤៥ លានដុល្លារអាមេរិក) ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩ តាមរយៈការធ្វើឲ្យប្រសើរឡើងវិញនូវមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប ការផ្តល់ឧបករណ៍វេជ្ជសាស្រ្តនៅទូទាំងប្រទេស និងជំនួយបច្ចេកទេស។

តាមរយៈការប្រើប្រាស់ឥណទានសម្បទាននេះប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សតាមរយៈការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ការគាំទ្រផ្នែកសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិនរួមទាំងសហគ្រាសធុនតូច និងមធ្យម។

ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែបន្ត ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន ម្នាក់ៗស្របគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលគឺមានសារៈសំខាន់ណាស់។ ជប៉ុនមានបំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនានា៕

អត្ថបទថ្មី
;