ចង់​ស្គម​ក៏​មិន​ងាយដែរ បើ​មិន​បោះ​ចោល​ទម្លាប់​ពេល​ព្រឹក​ទាំង​៦​នេះ!

  • 2020-11-26 00:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាក់ព័ន្ធ​នឹង​ការ​សម្រក​ទម្ងន់ អ្នក​ក៏​គួរ​ផ្ដោត​សំខាន់​ផង​ដែរ​ទៅ​លើ​ទម្លាប់​ពេល​ព្រឹក​មួយ​ចំនួន ដែល​កត្តា​ទាំង​នេះ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​បាន​ចំពោះ​ការ​ថែ​រក្សា​រូបរាង​របស់​អ្នក។ មាន​ទម្លាប់​អាក្រក់​ចំនួន ៦ ដែល​គ្រប់​គ្នា​គួរ​ជៀសវាង ព្រោះ​វា​ជា​កត្តា​បង្អាក់​ដំណើរការ​​បញ្ចុះ​គីឡូ​របស់​អ្នក៖

១. បដិសេធ​មិន​ញ៉ាំ​អាហារ​ព្រឹក​ឲ្យ​បាន​ច្រើន

បើ​តាម​អ្នក​វិទ្យាសាស្ត្រ​នៅ​សកលវិទ្យាល័យ Tel Aviv បាន​បង្ហាញ​ថា របប​អាហារ​ពេល​ព្រឹក​​ក្នុង​បរិមាណ​ច្រើន ហើយ​បរិមាណ​តិច​នៅ​ពេល​ល្ងាច ជា​វិធី​​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​នៅ​ក្នុង​ការ​ថែ​រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ។ ព្រោះ​អ្វី? នេះ​ក៏​ដោយសារ​តែ​ការ​រំលាយ​អាហារ​នៃ​រាងកាយ​មាន​ល្បឿន​ដំណើរការ​ខុសៗ​គ្នា​ទៅ​តាម​ពេល​វេលា ពោល​គឺ​ការ​រំលាយ​អាហារ​មាន​ល្បឿន​ដំណើរការ​ល្អ​នា​ពេល​ព្រឹក ហើយ​ចុះ​ខ្សោយ​​បន្តិចម្ដងៗ​​នា​ពេល​ល្ងាច។

២. មិន​​ហ៊ាន​ដើរ​ក្រោម​ពន្លឺ​ថ្ងៃ​នា​ពេល​ព្រឹក

អ្នក​ស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ Alberta នៃ​ប្រទេស​កាណាដា បាន​រាយការណ៍​ថា កម្រិត​ជាតិ​ខ្លាញ់​នៃ​រាងកាយ​មនុស្ស​អាច​ចុះ​ថយ​​បាន​នៅ​ពេល​ប៉ះពាល់​ជាមួយ​ពន្លឺ​ព្រះ​អាទិត្យ។ យ៉ាង​ណា​មិញ ការ​ដើរ​ក្រោម​ពន្លឺ​ថ្ងៃ​នា​ពេល​ព្រឹក​មិន​គួរ​​ធ្វើ​នៅ​ក្នុង​រយៈពេល​យូរ​ពេក​​នោះ​ទេ។

៣. មិន​ផឹក​ទឹក​ក្រោយ​ភ្ញាក់​ពី​គេង

ការ​ទទួល​ទាន​ទឹក​មុន​អាហារ​ព្រឹក​នឹង​ជួយ​បង្កើន​សមត្ថភាព​រំលាយ​អាហារ​នៃ​រាងកាយ ហើយ​កាត់​បន្ថយ​​ហានិភ័យ​នៃ​ការ​ឡើង​ទម្ងន់។ អត្រា​នៃ​ការ​សម្រក​ទម្ងន់​អាច​មាន​ប្រសិទ្ធភាព​​ពី​១០% ទៅ ១៧%។

៤. មិន​ធ្វើ​លំហាត់​ប្រាណ

លំហាត់​ប្រាណ​នា​ពេល​ព្រឹក​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ និង​បន្ថែម​ថាមពល​ដល់​ប្រព័ន្ធ​រំលាយ​​​អាហារ​នៃ​រាងកាយ។ មួយ​វិញ​ទៀត វា​ក៏​ជួយ​​​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​ឃ្លាន​អាហារ​ច្រើន​បាន​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​វេជ្ជបណ្ឌិត Emma Stevenson នៃ​សកល​វិទ្យាល័យ Northumbria។

៥. ទុក​អាហារ​ឆ្ងាញ់ៗ​ញ៉ាំ​ពេល​ថ្ងៃ​ត្រង់ ឬ​ពេល​ល្ងាច

វា​ជា​ទម្លាប់​អាក្រក់​មួយ​ដែល​គ្រប់​គ្នា​គួរ​ជៀសវាង បើ​ចង់​បាន​រាង​ស្អាត​សមសួន។ អ្នក​គួរ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់​​នា​ពេល​ព្រឹក ព្រោះ​ពេល​ព្រឹក​រាងកាយ​រំលាយ​អាហារ​បាន​ល្អ​ជាង​ពេល​ថ្ងៃ​ត្រង់ ឬ​ពេល​ល្ងាច។

៦. អាន​ព័ត៌មាន​អាក្រក់ៗ​នៅ​ពេល​ព្រឹក

ភាព​ភ័យ​ខ្លាច ឬ​អារម្មណ៍​​ឆេវឆាវ​ដែល​បង្ក​ឡើង​ដោយ​ព័ត៌មាន​អាក្រក់ៗ​​ជា​រៀងរាល់​ព្រឹក នឹង​អាច​​ប៉ះពាល់​ដល់​សុខភាព។ បើតាម​​អ្នក​ស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ Stanford ខាង​ផ្នែក​វេជ្ជសាស្ត្រ បាន​បង្ហាញ​ថា អារម្មណ៍​ស្ត្រេស​​ក្នុង​រយៈពេល​យូរ​នឹង​ធ្វើ​ឲ្យ​កោសិកា​មនុស្ស​​ផ្លាស់ប្ដូរ​ទៅ​ជា​​អ័រម៉ូន​កោសិកា​ខ្លាញ់។ យ៉ាង​ណា​មិញ បើ​អារម្មណ៍​ស្ត្រេស​នោះ​មាន​រយៈពេល​ខ្លី វា​នឹង​មិន​ចោទ​ជា​បញ្ហា​អ្វី​ឡើយ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;