កម្ពុជាស្ថិតក្នុងប្រទេសជាង១០០ ដែលប្រឹងទប់ស្កាត់សំណល់ប្លាស្ទិក

  • 2020-11-26 03:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ននេះ មានប្រទេស និងទីក្រុងជាង ១០០ ក្នុងនោះមានក៏មាន កម្ពុជា ផងដែរ កំពុងដាក់ឱ្យអនុវត្តវិធានការថ្មីៗជុំវិញសំណល់ប្លាស្ទិក។ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យមានការអនុវត្តក្របខ័ណ្ឌ 4Rs ដើម្បីផ្ដល់នូវដំណោះស្រាយចំពោះបញ្ហាប្លាស្ទិកនៅក្នុងប្រទេស ដូចជា ការចេញនូវអនុក្រឹត្យ ដើម្បីគិតថ្លៃសេវាបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិក។

ស្ត្រីម្នាក់កំពុងលាងសម្អាតកាកសំណល់ប្លាស្ទិកនៅជាយរាជធានីភ្នំពេញ
«គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ ក្រោមកិច្ចសហការពីស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជាមួយនឹងក្រសួងបរិស្ថានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ២០២០។

គម្រោងនេះនឹងត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញឱ្យមានការអនុវត្តតាមគោលការណ៍ 4Rs។

«គោលការណ៍ 4Rs គឺមកពីពាក្យថា (កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)»

ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា «ការបំពុលប្លាស្ទិកនៅតាមសមុទ្របានក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 ដែលធ្វើឡើងនៅទីក្រុងអូសាកា កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនបានប្រកាសអនុវត្តគំនិតផ្ដួចផ្ដើមថ្មីមួយ ដើម្បីជំរុញឱ្យមានការចាត់វិធានការប្រកបដោយប្រសិទ្ធភាព ប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ»

ការកើនឡើងនូវសំណល់ប្លាស្ទិក បានក្លាយជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមធំៗជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ សម្ភារប្រើប្រាស់ដែលធ្វើពីប្លាស្ទិកដូចជាថង់ ដប និងប្រដាប់ដាក់វត្ថុនានា បច្ចុប្បន្ននេះ មានវត្តមាននៅគ្រប់ទិសទី ក្នុងផ្ទះ ក្នុងសាលារៀន និងក្នុងកន្លែងធ្វើការរបស់យើង។ ប៉ុន្តែការប្រើប្រាស់ឥតសំចៃបែបនេះ បានបង្កនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគ្រប់គ្រងសំណល់ទូទៅក៏ដូចជាសំណល់ក្នុងសមុទ្រដោយបានធ្វើកាត់បន្ថយការប្រើប្រាស់សម្ភារមួយទឹក និងសំណល់ប្លាស្ទិក ផ្តល់ជារឺម៉ក រថយន្តតូចដើម្បីប្រមូលសំរាមនៅតាមទីក្រុងនានាបានធ្វើផ្ទេរតួនាទី និងថវិកាដល់ថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាមក៏ដូចជាជំរុញការបង្កើត និងលើកទឹកចិត្តដល់សាលាមេត្រីភាពបរិស្ថាន និងអារាមមេត្រីភាពបរិស្ថាន។ រាជរដ្ឋាភិបាលក៏បានសហការ និងជំរុញដល់វិស័យសាធារណៈ និងឯកជននានាដើម្បីធ្វើការកាត់បន្ថយ និងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។

កាកសំណល់ប្លាស្ទិកនៅក្នុងរាជធានីភ្នំពេញនៅតំបន់បឹងត្របែក

«កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការថែរក្សាបរិស្ថាននៅតាមតំបន់ឆ្នេរសមុទ្រឱ្យល្អស្អាត។ ការរៀបចំដាក់ប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់បរិភោគដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក និងការដាក់អំពូលពន្លឺព្រះអាទិត្យដើម្បីសន្សំសំចៃចរន្តអគ្គិសនី នៅតាមសាលារៀននិងនៅតាមទីធ្លាសាធារណៈនានាសម្រាប់បម្រើផលប្រយោជន៍សាធារណៈ ដូចជាបាននិងកំពុងធ្វើនៅលើទឹកដីខេត្តព្រះសីហនុ» ឯកឧត្តម សាយ សំអាល់ បន្ថែម។

លោក Nick Beresford អ្នកតំណាងនិវាសនដ្ឋាននៃ UNDP ប្រចាំកម្ពុជា បានលើកឡើងថា «ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក គឺជាការកិច្ចការដ៏សែនពិបាកមួយ។ ប៉ុន្តែ គម្រោងនេះនឹងនាំមកនូវការផ្លាស់ប្តូរ និងបង្ហាញឱ្យឃើញពីអនុភាពនៃការងាកទៅរកសេដ្ឋកិច្ចវិលជុំបែបបៃតង»

គម្រោងថ្មីនេះនឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត បង្កើនការយល់ដឹង និងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមតំបន់គោលដៅ ព្រមទាំងជំរុញឱ្យមានការកែច្នៃសំណល់ និងការប្រើប្រាស់សម្ភារផ្សេងក្រៅតែពីប្លាស្ទិក។ តំបន់គោលដៅ រួមមានក្រុងធំៗ និងខេត្តដែលនៅតាមតំបន់ឆ្នេរ ដូចជា៖ សៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និងកោះកុង ដើម្បីកាត់បន្ថយការបំពុលប្លាស្ទិកនៅតាមសមុទ្រឱ្យមានប្រសិទ្ធភាព នៅតាមតំបន់ប្រភពសំណល់តែម្ដង។

សូមបញ្ជាក់ថា បរិមាណប្លាស្ទិកសរុបក្នុងសកលលោកទាំងមូលបានកើនឡើងដល់ ៨,៣ ពាន់លានតោន។ ជារៀងរាល់ឆ្នាំ មានប្លាស្ទិក ១៣ លានតោន ហូរចូលទៅក្នុងសមុទ្រ ដែលស្មើនឹងការចាក់សំរាមមួយឡានដឹកសំរាមពេញ រៀងរាល់មួយនាទីម្ដង។ សំណល់ប្លាស្ទិកប្រមាណ ៩០% ដែលហូរចូលទៅក្នុងសមុទ្រមានប្រភពពីទន្លេធំៗចំនួន ១០ ដែលក្នុងនោះមានទន្លេមេគង្គមួយផងដែរ

បញ្ហាធំជាងគេនោះគឺ ថង់ប្លាស្ទិកមិនងាយនឹងរលាយក្នុងដីនោះឡើយ ហើយបន្តវត្តមាននៅលើភពផែនដីរាប់រយឆ្នាំទៅមុខទៀត។ ដោយឡែកនៅក្នុងសមុទ្រវិញ មានថនិកសត្វ ត្រី និងបក្សីជាង ១ លានក្បាល ដែលរងគ្រោះថ្នាក់ ដោយសារការលេបប្លាស្ទិកចូលទៅក្នុងពោះ ឬត្រូវរុំជាប់ជាមួយនឹងវត្ថុដែលធ្វើពីប្លាស្ទិក។ បក្សី និងត្រីជាង ៩០% មានកម្ទេចប្លាស្ទិកនៅក្នុងពោះរបស់វា។ សារធាតុគីមីពុលទាំងនេះបន្តការកើនឡើង ហើយហូរចូលទៅក្នុងរបបអាហារ និងក្នុងរាងការយរបស់មនុស្សយើង៕

អត្ថបទថ្មី
;