តិច​អត់​ដឹង! ប្រទេស​អាស៊ីទាំង​៦​នេះ ជា​អ្នក​ជើង​ចាស់​ផលិត​ប្រេងកាត

  • 2020-12-29 23:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទិន្នន័យ​នៅ​ក្នុង​ឆ្នាំ​២០១៨ បាន​បង្ហាញ​ថា ១០%​នៃ​ការ​ផលិត​ប្រេង​កាត​នៅ​លើ​ពិភពលោក​មាន​ប្រភព​កើត​​ចេញ​ពី​​ដែន​ដី​អាស៊ី។ មាន​ប្រទេស​​​ចំនួន​៦​នៅ​អាស៊ី ដែល​មាន​សមត្ថភាព​ផលិត​ប្រេង​កាត​​បាន​ក្នុង​​បរិមាណ​ច្រើន​សន្ធឹក​ក្នុង​​១​ថ្ងៃៗ។

១. ចិន

ចិន​ជា​អ្នក​នាំ​មុខ​គេ​នៅ​អាស៊ី​​ក្នុង​ការ​ផលិត​ប្រេង​កាត។ ប្រេង​កាត​​ជិត​៥​លាន​បារ៉ែល​ត្រូវ​បាន​ផលិត​​ជា​រៀងរាល់​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន ហើយ​តួ​លេខ​នេះ​​ជិត​ស្មើ​នឹង​​ពាក់​កណ្ដាល​នៃ​ការ​ផលិត​ប្រេង​កាត​ទាំង​អស់​នៅ​ក្នុង​អាស៊ី។ ត្រឹម​ឆ្នាំ​២០២៥​ខាង​មុខ ចិន​រំពឹង​ថា​នឹង​អាច​បង្កើន​សមត្ថភាព​ផលិត​បាន​ដល់ ៦​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ។

ថ្វី​ត្បិត​​ផលិត​ប្រេង​កាត​បាន​ច្រើន តែ​ចិន​ក៏​នាំ​ចូល​ប្រេង​កាត​​ច្រើន​ណាស់​ដែរ​ដល់​ចំនួន​ច្រើន​ជាង ១៣​លាន​បារ៉ែល​​ក្នុង​១​ថ្ងៃៗ ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក។

២. ឥណ្ឌា

បន្ទាប់​ពី​មហាយក្ស​ចិន ឥណ្ឌា​ស្ថិត​នៅ​លេខ​រៀង​ទី​២ ដោយ​ផលិត​ប្រេង​កាត​បាន​​ប្រហែល ២,៥​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ។ បើ​ក្រឡេក​មើល​​ការ​នាំ​ចូល​ប្រេង​កាត​វិញ ឥណ្ឌា​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៣​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​ចិន។ ក្នុង​១​ថ្ងៃៗ​ ឥណ្ឌា​ត្រូវ​នាំ​ចូល​ប្រេង​​កាត​​​​ប្រើប្រាស់​ជិត​៥​លាន​បារ៉ែល​ឯណោះ ពោល​គឺ​ប្រហែល​ជា​ទ្វេ​ដង បើ​ធៀប​នឹង​ការ​ផលិត។

៣. ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី​អាច​ផលិត​ប្រេង​កាត​ប្រមាណ ៨៣៥ ០០០​បារ៉ែល​ក្នុង​១​ថ្ងៃ។ នៅ​​អំឡុង​ទសវត្ស​​ឆ្នាំ​១៩៩០ វា​ជា​ពេល​វេលា​ដែល​ប្រទេស​អាស៊ី​១​នេះ​អាច​ផលិត​ប្រេង​កាត​បាន​ច្រើន​បំផុត​គឺ​ចន្លោះ​ពី ១,៥​លាន ទៅ ១,៧​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ។ ប៉ុន្តែ​ក្រោយ​មក​​និន្នាការ​សមត្ថភាព​នៃ​ការ​ផលិត​បាន​ធ្លាក់​ចុះ​មក​ត្រឹម​កម្រិត​ដូច​សព្វ​ថ្ងៃ។ នៅ​ឆ្នាំ​២០០៩ ដោយសារ​កត្តា​ធ្លាក់​ចុះ​នៃ​ការ​ផលិត​ប្រេង​នៅ​តំបន់​ពី​មុនៗ និង​កត្តា​នៃ​តម្រូវការ​ប្រេង​ក្នុង​ស្រុក​កើន​ឡើង បាន​ធ្វើ​ឲ្យ​​ប្រទេស​ឥណ្ឌូណេស៊ី​​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​​ភាព​ជា​សមាជិក​នៃ​​អង្គការ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេង​រ៉ែ OPEC ដែល​​ខ្លួន​ធ្លាប់​បាន​ចូលរួម​​ចាប់​តាំង​ពី​ឆ្នាំ​១៩៦២​មក​ម៉្លេះ។

៤. ម៉ាឡេស៊ី

សព្វ​ថ្ងៃ ម៉ាឡេស៊ី​អាច​ផលិត​ប្រេង​កាត​បាន​ចំនួន ៦៦១ ០០​០​បារ៉ែល​ក្នុង​១​ថ្ងៃ។ ច្រើន​ជាង​២​ទសវត្ស​​ដោយ​គិត​ចាប់​ពី​ឆ្នាំ​១៩៩១ ការ​ផលិត​ប្រេង​នៅ​ម៉ាឡេស៊ី​​ឡើង​ចុះ​នៅ​ចន្លោះ ៦៥​ម៉ឺន ទៅ ៨៥​ម៉ឺន​បារ៉ែល​ក្នុង​១​ថ្ងៃ។ យោង​តាម​ការ​សមាគម​ព័ត៌មាន​ថាមពល​​ម៉ាឡេស៊ី បាន​​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​សមត្ថភាព​ផលិត​ប្រេង​​នា​ពេល​បច្ចុប្បន្ន​បណ្ដាល​មក​ពី​​ការ​ធ្លាក់​ចុះ​នៃ​​បរិមាណ​​ការ​បូម​ប្រេង​នៅ​តំបន់​ចាស់ៗ។

៥. វៀតណាម

ចាប់​តាំង​ពី​ឆ្នាំ​២០០០ វៀតណាម​អាច​​ផលិត​ប្រេង​បាន​ចន្លោះ​ពី ៣០​ម៉ឺន ដល់ ៤០​ម៉ឺន​បារ៉ែល​ក្នុង​១​ថ្ងៃ។ នៅ​ក្នុង​ឆ្នាំ​២០១១ យោង​តាម​សកម្មភាព​រុករក​នៅ​​​តំបន់​សមុទ្រ និង​ការ​ខួង​យក​ប្រេង បាន​បង្ហាញ​ថា អណ្ដូង​រ៉ែ​ប្រេង​នៅ​វៀតណាម​មាន​ចំនួន​ដល់ ៤,៤​ពាន់​លាន​បារ៉ែល​ឯណោះ ដែល​នេះ​ស្ថិត​នៅ​​លំដាប់​ថ្នាក់​ទី​៣​បន្ទាប់​ពី​ចិន និង​ឥណ្ឌា។

៦. ថៃ

ការ​ផលិត​ប្រេង​នៅ​ថៃ​មាន​ស្ថិរភាព​ល្អ​​ប្រមាណ​ជា ២៥​ម៉ឺន​បារ៉ែល​​​ជា​ប្រចាំ​ថ្ងៃ បើ​គិត​​ក្នុង​រយៈពេល​១​ទសវត្ស​ចុង​ក្រោយ។ កាល​ផលិត​ប្រេង​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៨០ ថៃ​អាច​ផលិត​​បាន​ត្រឹម​តែ ១៣០០​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​១ថ្ងៃ៕

ប្រភព៖ Investopedia ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;