អង្គការ WCS កម្ពុជា៖ សត្វទន្សោងនៅកម្ពុជានៅតែមានចំនួនច្រើនជាងគេ បើធៀបនឹងប្រទេសដទៃនៅទូទាំងពិភពលោក

  • 2021-02-26 08:23:59
  • ចំនួនមតិ 7 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ


អង្គការ WCS បាន​ធ្វើ​ការបញ្ជាក់ថា ពុំមានតួលេខប៉ាន់ស្មានផ្លូវការលើចំនួនសត្វទន្សោងនៅទូទាំងប្រទេសកម្ពុជាទេ ក៏ប៉ុន្តែ យោងតាមទិន្នន័យអង្កេតតាមដាននៅតាមតំបន់ជាច្រើនដែលសត្វប្រភេទនេះរស់នៅនិងទិន្នន័យពីអង្គការអភិរក្សផ្សេងទៀត បានបង្ហាញថាចំនួនសត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទំនងជាមានតិចជាង ១ ៥០០ក្បាល។ ទោះបីជា ចំនួនសត្វទន្សោងនៅក្នុងប្រទេសកម្ពុជាបានថយចុះគួរឱ្យបារម្ភចាប់តាំងពីឆ្នាំ ២០១០ មកក្តី ក៏ សត្វទន្សោងរបស់កម្ពុជានៅតែមានចំនួនច្រើនជាងគេ បើធៀបទៅនឹងចំនួនសត្វទន្សោងនៅក្នុងប្រទេសដទៃទៀតនៅទូទាំងពិភពលោក។

នាពេលថ្មីៗកន្លងទៅនេះ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS Cambodia) បានផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «យោងតាមទិន្នន័យរបស់អង្គការ IUCN ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ៤ ០០០ក្បាល នៅលើពិភពលោក។» ខ្លឹមសារដើមដែលបានផ្សាយនៅលើហ្វេសប៊ុករបស់អង្គការ WCS មិនបានបញ្ជាក់ច្បាស់ថា ចំនួននេះគឺជាប៉ាន់ស្មាននៅទូទាំងពិភពលោកទេ ហើយសារព័ត៌មានមួយចំនួនបានរាយការណ៍បន្តថា ជាចំនួនសត្វទន្សោងប៉ាន់ស្មាននៅទូទាំងប្រទេសកម្ពុជា។

អង្គការ WCS ត្រូវការការគាំទ្រនិងខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន រដ្ឋាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលនានាដើម្បីធានាថាប្រភេទសត្វដ៏សំខាន់នេះនឹងមិនបាត់បង់ពីប្រទេសកម្ពុជាទេ។ អង្គការ WCS សង្ឃឹមថា អង្គភាពសារព័ត៌មានដែលបានរាយការណ៍អំពីតួលេខនេះកន្លងមក នឹងធ្វើបច្ចុប្បន្នភាពអត្ថបទរបស់ខ្លួន តាមខ្លឹមសារដែលយើងខ្ញុំបានធ្វើបច្ចុប្បន្នភាពជូនថ្ងៃនេះ៕

ប្រភព៖ អង្គការ WCSកម្ពុជា

;